ជាតិ
ព្រះមហាក្សត្រ
ព្រះករុណា ព្រះមហាក្សត្រប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខពលរដ្ឋលីបង់ ព្រះករុណាព្រះមហាក្សត្ររំលែកទុក្ខរដ្ឋាភិបាល និងពលរដ្ឋលីបង់ចំពោះសោកនាដកម្មផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីនៅបេរូត
× ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានព្រះរាជសារជូននាយឧត្តមសេនីយ៍ Michel Aoun ប្រធានាធិបតីលីបង់ ដើម្បីចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយនាក្រុងបេរូត កាលពីថ្ងៃអង្គារ ទី៤ ខែសីហា។
«ជារឿងដ៏សោកសៅបំផុត ក្រោយខ្ញុំបានទទួលដំណឹងអំពីសោកនាដកម្មនៃការផ្ទុះផ្ទួនៗ ដែលបានកើតឡើងនៅកំពង់ផែនៃទីក្រុងបេរូត កាលពីម្សិលមិញ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ និងរាប់ពាន់នាក់របួស»។ នេះជាខ្លឹមសារនៃព្រះរាជសាររបស់ព្រះប្រមុខរដ្ឋកម្ពុជា។
ព្រះមហាក្សត បានមានព្រះរាជចំណារតាំងនាមឲ្យពលរដ្ឋខ្មែរក្នុងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការបង្ហាញនូវសាមគ្គីភាពជាមួយពលរដ្ឋលីបង់ក្នុងស្ថានភាពដ៏លំបាកនេះ។
ឧប្បទ្ទវហេតុផ្ទុះចំនួនពីរលើកបន្តបន្ទាប់គ្នានៅក្នុងទីក្រុងបេរូត របស់លីបង់ បានបង្កឲ្យមានវិនាសសកម្មយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានីលីបង់ និងប្រជាជនក្នុងទីក្រុង។ មនុស្សយ៉ាងហោចណាស់មនុស្សជាង១០០នាក់ បានបាត់បង់ជីវិត និង ជាង៤ពាន់នាក់រងរបួស ចំណែកមនុស្សជាច្រើននាក់ទៀត បានបាត់ខ្លួន។ ការបាក់បែកសំណង់អាគារ និងការដាច់ភ្លើងអគ្គិសនី ធ្វើឲ្យអាជ្ញាធរជួបបញ្ហាពិបាកស្វែងរកប្រជាជន ដែលបានបាត់ខ្លួន។
អាជ្ញាធរលីបង់ មិនទាន់រកឃើញមូលហេតុផ្ទុះនៅឡើយទេ។ ប៉ុន្តែគេសង្ស័យថា ករណីផ្ទុះកើតចេញពីឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (Ammonium nitrate) ដែលមានចំនួនប្រមាណ២៧០០តោន នៅកំពង់ផែក្នុងទីក្រុងបេរូត ដែលត្រូវបានស្តុកទុកតាំងពីឆ្នាំ២០១៤មក។ សារធាតុគីមីនេះ អាចយកប្រើប្រាស់ជាជី និងជាសមាសធាតុនៃគ្រឿងផ្ទុះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera៕
© រក្សាសិទ្ធិដោយ thmeythmey.com