ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! អាហារ​អ្វីខ្លះ​ល្អ​បំផុត​ចំពោះ​សុខភាព​ថ្លើម​?
07, Aug 2020 , 6:59 am        
រូបភាព
​ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុងការ​កម្ចាត់​ជាតិពុល និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​សរីរាង្គ​ដទៃទៀត​។ ការសម្អាត​ថ្លើម គឺ​សំខាន់​ណាស់​ក៏​ព្រោះ​រាងកាយ​បង្កើត​ជាតិពុល​និង​សារធាតុ​បង្ក​ជំងឺមហារីក​ជាច្រើន​ប្រភេទ ដូច្នេះ​ប្រសិនបើ​ថ្លើម​គ្មាន​សុខភាព​ល្អ ឬ​ទទួលបាន​ការសម្អាត​ទេនោះ ថា​តើ​វា​អាច​កម្ចាត់​ជាតិពុល ឬ​សម្អាត​កាកសំណល់​ចេញពី​រាងកាយ​បាន​យ៉ាងម៉េច​ទៅ​។ អ្វីដែល​យើង​ទទួលទាន​ប្រចាំថ្ងៃ គឺមាន​ឥទ្ធិពល​ដោយផ្ទាល់​លើ​សរីរាង្គ​ខាងក្នុង​របស់​យើង ក៏ដូចជា​ថ្លើម​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹង​នូវ​អាហារ​ល្អៗ​មួយចំនួន​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជម្រុញ​មុខងារ​ថ្លើម​ដំណើរការ​តួនាទី​បាន​កាន់តែ​ប្រសើរ ៖

 
១. ក្រូចថ្លុង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C និង​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ថ្លើម​កម្ចាត់​សារធាតុ carcinogens ដែល​បង្ក​ជំងឺមហារីក​និង​ជាតិពុល​ផ្សេងទៀត​ចេញពី​រាងកាយ​។​
 
២. ខ្ទឹមស​
 
​ខ្ទឹម​សមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ allicin ដែល​ជួយ​សម្អាត​ថ្លើម​បាន​យ៉ាង​ប្រសើរ​។ ការ​ទទួលទាន​ខ្ទឹមស គឺជា​មធ្យោបាយ​បែប​ធម្មជាតិ​ល្អ​បំផុត​ដើម្បី​សម្អាត​ថ្លើម​។ ខ្ទឹម​សមាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំងនឹង​បាក់តេរី រួមទាំង​អុកស៊ីដ​ង់​ដែល​ល្អ​ចំពោះ​សុខភាព​ថ្លើម​។ ព្យាយាម​ទទួលទាន​ខ្ទឹមស ដោយ​បន្ថែម​វា​ចូល​ជាមួយ​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ក្រៅពី​ល្អ​ចំពោះ​ថ្លើម ខ្ទឹមស​ក៏មាន​ប្រសិទ្ធិភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ផងដែរ​។ ខ្ទឹមស​ថែមទាំង​មាន​ផ្ទុក​នូវ​សារធាតុ​សេ​លេ​ញ៉ូ​ម​ដែលមាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​ការ​បន្សាប​ជាតិពុល ហើយ​វា​ក៏​ជួយ​បំពេញ​នូវ​កង្វះ​នៃ​សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទៀតផង​។​
 
៣. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​បន្លែ​បៃតង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប្រយុទ្ធប្រឆាំង​បាក់តេរី​ទប់ស្កាត់​ការ​រលាក​ក្នុង​ថ្លើម ព្រមទាំង​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ផងដែរ​។​
 
៤. មើម​ឆៃថាវ​ក្រហម​
 
​ប្រសិនបើ​ចង់​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​នោះ​កុំ​ភ្លេច​រួមបញ្ចូល​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ឱ្យសោះ​។ មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ beta-carotene ក៏ដូចជា flavonoids ដែល​គាំទ្រ​មុខងារ​នៃ​ថ្លើម​បន្សាប​ជាតិពុល​។ 
 
៥. ផ្លែ​បឺ​រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​។​
 
៦. តែ​បៃតង​
 
​សារធាតុ catechins នៃ​តែ​បៃតង​ជួយ​ធ្វើអោយ​មុខងារ​ថ្លើម​កាន់តែ​ប្រសើរឡើង ហើយ​ការពារ​ថ្លើម​ពី​ផលប៉ះពាល់​នៃ​សារធាតុពុល​ផ្សេងៗ រួមមាន ស្រា ជាដើម​។​
 
៧. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
 
​បន្លែ​នេះ​អាចជួយ​បង្កើន​ការផលិត​សមាសធាតុ glucosinolate ក្នុង​រាងកាយ​ដែល​ជួយ​ក្នុង​ការផលិត​អង់ស៊ីម​សម្រាប់​ការរំលាយ​អាហារ​។ ម្យ៉ាង​វិញ​ផ្កា​ខាត់ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulfur និង​ជាតិ​ស​សៃ​ដែល​ជួយ​បន្សាប​ជាតិពុល​ពី​ក្នុង​ថ្លើម​បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់​។​
 
៨. ក្រូចឆ្មារ​
 
​មាន​ផ្ទុក​វីតាមីន C ខ្ពស់​ដែល​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ​និង​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​។​
 
៩. រមៀត​
 
​រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin ដែល​ជួយ​ក្នុងការ​សម្អាត​ថ្លើម​។ អ្នក​អាច​បន្ថែម​ម្ស៉ៅ​រមៀត​ទៅក្នុង​អាហារ​ផ្សេងៗ​ប្រចាំថ្ងៃ ដើម្បី​ទទួលបាន​សុខភាព​ថ្លើម​ល្អ​។​
 
១០. ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ល្អៗ​ជាច្រើន​សម្រាប់​សុខភាព​រួមបញ្ចូល​ទាំង​វីតាមីន C សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​បាក់តេរី​ដែល​ជួយ​សម្លាប់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ដែល​ជួយ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ​។ ព្យាយាម​ទទួលទាន​ផ្លែ​ប៉ោម​មួយថ្ងៃ ១ ផ្លែ ឬ​ទឹក​ផ្លែ​ប៉ោម​ស្រស់ ១ កែវ​ដោយ​មិន​បន្ថែម​ស្ករ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com