COVID-19
អន្តរជាតិ
COVID-19 នៅវៀតណាម មាន៤៥ករណីបន្ថែម, ខេត្ត-ក្រុងយ៉ាងតិច១០ មានករណីឆ្លង វៀតណាម បាញ់ថ្នាំសម្លាប់មេរោគលើថ្នល់មួយ ក្នុងទីក្រុងដាណាងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ VnExpress
× វៀតណាម បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ៤៥ករណីបន្ថែមទៀតដែលភាគច្រើនជាករណីពាក់ព័ន្ធការឆ្លងនៅដាណាង។ បើតាមអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលប្រទេសនេះ ករណីឆ្លងCOVID-19 បានរាតត្បាតទៅខេត្តក្រុងយ៉ាងហោចណាស់ ១០។
ក្នុងចំណោមករណីឆ្លងថ្មីទាំង៤៥ ដែលប្រកាសនៅថ្ងៃទីល្ងាចថ្ងៃទី៥ និងព្រឹកថ្ងៃទី៦ មាន៤៤ករណីទាក់ទងនឹងករណីឆ្លងនៅទីក្រុងដាណាង និង១ករណីជាករណីឆ្លងមកពីបរទេស។ ករណីឆ្លងថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុង ទីក្រុងហូជីមិញ ខេត្ត Quang Nam ទីក្រុងដាណាង និងទីក្រុង ខេត្តផ្សេងទៀត។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលវៀតណាមនៅថ្ងៃទី៥ ខែសីហា COVID-19 បានរាតត្បាតទៅខេត្ត Bac Giang ក្បែរទីក្រុងហូជីមិញ និងខេត្តភាគខាងជើង ជាប់ព្រំដែនចិន។ យ៉ាងហោចណាស់ ខេត្តក្រុងរបស់វៀតណាមចំនួន១០ មានករណីឆ្លង COVID-19 ទាក់ទងនឹងទីក្រុងដាណាង។
បើទោះបីជា ករណីឆ្លង COVID-19 នៅតែបន្តកើនឡើងក៏ដោយ ប៉ុន្តែគណៈកម្មាធិការគ្រប់គ្រងCOVID-19 របស់រដ្ឋាភិបាលវៀតណាម បានអះអាងថា ករណីផ្ទុះ COVID-19 នៅក្នុងទីក្រុងដាណាងស្ថិតនៅក្រោមការគ្រប់គ្រង។ អាជ្ញាធរវៀតណាម បានប្តេជ្ញាថា នឹងមិនឲ្យរលកឆ្លងលើកទីពីរ កើតឡើងក្នុងប្រទេសជាដាច់ខាត។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់គណៈកម្មាធិការគ្រប់គ្រង COVID-19 នៅថ្ងៃទី៤ ខែសីហា។
មកទល់ពេលនេះ អាជ្ញាធរ មិនទាន់អាចវាយតម្លៃបានទេ ថាតើប្រភពឆ្លងCOVID-19 ដំបូងមកពីណា ប៉ុន្តែគេដឹងត្រឹមតែថា ករណីឆ្លងដំបូង គឺមានទាក់ទងនឹងមន្ទីរពេទ្យបីកន្លែងក្នុងទីក្រុងដាណាង។
សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី៦ ខែសីហា វៀតណាម មានករណីឆ្លង COVID-19 សរុបចំនួន ៧១៧ករណី អ្នកស្លាប់មានចំនួន ៨នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៨១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com