សង្គមអន្តរជាតិ
អន្តរជាតិ
មន្ត្រីគ្រប់គ្រងឃ្លាំងផែបេរូត ត្រូវឃុំក្នុងផ្ទះ ឯទំហំខូចខាតមានដល់១៥ពាន់លានដុល្លារ រូបភាព៖ AFP
× បុគ្គលដែលទទួលខុសត្រូវលើឃ្លាំងស្តុកក្នុងកំពង់ផែទីក្រុងបេរូត នឹងដាក់ក្រោមការឃុំខ្លួនក្នុងផ្ទះឲ្យបានឆាប់បំផុត។ រដ្ឋាភិបាលលីបង់ បានប្រកាសបែបនេះនៅថ្ងៃទី៥ ខែសីហា បន្ទាប់ពីមានករណីស្លាប់ និងរបួសជាច្រើននាក់ ដោយសារការផ្ទុះនៅក្នុងទីក្រុងបេរូត។
ករណីផ្ទុះនៅក្នុងទីក្រុងបេរូត បានបង្កឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៣៥នាក់ និងរបួសប្រមាណ ៥ពាន់នាក់ ខណៈមនុស្សច្រើនជាង ៣០ម៉ឺន បានបាត់បង់ផ្ទះសម្បែង។ បើតាមការអះអាងរបស់អភិបាលក្រុងបេរូត ទ្រព្យសម្បត្តិនៅក្នុងទីក្រុង ត្រូវបានបំផ្លាញអស់ចន្លោះពី ១០ពាន់លានដុល្លារទៅ ១៥ពាន់លានដុល្លារ។ បន្ថែមពីលើនេះ ទីក្រុងបេរូត ត្រូវដាក់ជា «ទីក្រុងមហន្តរាយ» រយៈពេលពីរសប្តាហ៍ និងកាន់ទុក្ខរយៈពេល ៣ថ្ងៃទូទាំងប្រទេស។
ពាក់ព័ន្ធករណីផ្ទុះនេះ រដ្ឋាភិបាលលីបង់ បានបញ្ជាឲ្យឃុំខ្លួនមន្ត្រីទទួលខុសត្រូវឃ្លាំងស្តុកក្នុងកំពង់ផែ នៅក្នុងផ្ទះឲ្យបានឆាប់បំផុត។នេះបើតាមការផ្សាយរបស់ទូរទស្សន៍ AL Jazeera ។ ការបញ្ជានេះ ធ្វើឡើងស្របពេលប្រជាជនលីបង់ បានផ្ទុះកំហឹង និងចោទជាសំណួរយ៉ាងខ្លាំងជុំវិញការស្តុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាតដល់ទៅ២៧០០តោន នៅក្នុងកំពង់ផែបេរូត ដែលស្ថិតនៅក្បែរទីប្រជុំជន ចាប់តាំងពីឆ្នាំ២០១៤មក។ លើសពីនេះរដ្ឋាភិបាលលីបង់ ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឲ្យផ្ទុះនៅក្នុងទីក្រុងបេរូតផងដែរ។
មកទល់ពេលនេះ ក្រុមជួយសង្គ្រោះ និងអាជ្ញាធរលីបង់ កំពុងជីកកកាយសំណង់បាក់បែក និងគំនរមួយចំនួន ដើម្បីជួយប្រជាជនជាច្រើន ដែលកំពុងជាប់ក្នុងនោះ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅថ្ងៃទី៦ ខែសីហា ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅលីបង់ ដែលធ្វើឲ្យលោកក្លាយជាមេដឹកនាំបរទេសដំបូងគេបំផុតទៅកាន់អតីតរដ្ឋក្រោមអាណានិគមមួយនេះ បន្ទាប់ពីមានករណីផ្ទុះបានពីរថ្ងៃ។ លោកគ្រោងជួបជាមួយមេដឹកនាំលីបង់ ដើម្បីជជែកពីបញ្ហាផ្ទុះនេះ។ បារាំងបានបញ្ជូនរួចហើយជំនួយមួយចំនួនមានសម្ភារវេជ្ជសាស្ត្រ និងរថយន្តសង្គ្រោះអ្នករបួសមួយគ្រឿង ព្រមគ្នានឹងក្រុមអ្នកជួយសង្គ្រោះផងដែរ។
ករណីផ្ទុះដ៏ខ្លាំងនេះ ត្រូវបានគេទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ។ ទាក់ទិននឹងបញ្ហានេះ អង្គការលើកលែងទោសអន្តរជាតិ ទាមទារឲ្យបង្កើតក្រុមស៊ើបអង្កេតមួយ ដើម្បីស្វែងរកប្រភព ដែលបង្កឲ្យមានបញ្ហានេះ។ លើសពីនោះ អង្គការអន្តរជាតិមួយនេះ ក៏បានទទូចឲ្យសហគមន៍អន្តរជាតិ និងប្រទេសមួយចំនួន ផ្តល់ជំនួយឲ្យបានឆាប់រហ័សដល់លីបង់ផងដែរ។
ប្រទេសជាច្រើន ដូចជាអាល្លឺម៉ង់ អូស្ត្រាលី បារាំង រុស្ស៊ី បង់ក្លាដែសជាដើម បានប្រកាសផ្តល់ជំនួយទៅទៅលីបង់ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុករបស់រដ្ឋាភិបាល។ រដ្ឋមជ្ឈិមបូព៌ាដែលនៅជិតលីបង់មានកាតាជាដើម ក៏បានបញ្ជូនជំនួយបន្ទាន់ទៅប្រទេសនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com