COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ពិភាក្សាជាមួយចិនដើម្បីចុះ MoU ទទួលបានវ៉ាក់សាំង COVID-19 មុនគេ វ៉ាក់សាំងCOVID-19ដែលកំពុងអភិវឌ្ឍ។រូបភាព៖AFP
× ម៉ាឡេស៊ី កំពុងពិភាក្សាជាមួយចិន លើលទ្ធភាពនៃការចុះអនុស្សារណៈយោគយល់ (MoU) ដើម្បីអាចទទួលវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ចិននៅពេលដែលវាមានសុវត្ថិភាពក្នុងការប្រើប្រាស់បាន។ នេះជាការអះអាងរបស់លោក Khairy Jamaluddin រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ម៉ាឡេស៊ី នៅថ្ងៃទី៥ សីហា។
«ខ្ញុំបានជួបពិភាក្សា ជាមួយសមភាគីចិនតាមរយៈប្រព័ន្ធវីដេអូដោយនិយាយពីលទ្ធភាពក្នុងការចុះអនុស្សារណៈយោគយល់ ដើម្បីឲ្យម៉ាឡេស៊ីអាចទទួលបានវ៉ាក់សាំងភ្លាមៗ»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រី Khairy Jamaluddin ក្នុងកិច្ចប្រជុំសភាម៉ាឡេស៊ី ដោយថែមទាំងកត់សម្គាល់ទៀតថា ចិនស្ថិតក្នុងចំណោមប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 ។
លោក Khairy ក៏បានបន្ថែមផងដែរថា រដ្ឋមន្ត្រីការបរទេស Hishammuddin Hussein នឹងជជែកជាមួយសមភាគីចិននៅថ្ងៃទី១២ សីហា ហើយអនុស្សារណៈយោគយល់ និងវ៉ាក់សាំងត្រូវបានរួមបញ្ចូលក្នុងរបៀបវារៈរួចហើយ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ Channel News Asia។ ទោះជាយ៉ាងណាក្តី វ៉ាក់សាំងនេះអាចប្រើបាន ដរាបណាទីភ្នាក់ងារនិយ័តករឱសថជាតិ រកឃើញថា វ៉ាក់សាំងមានប្រសិទ្ធភាព និងសុវត្ថិភាព។
រដ្ឋមន្ត្រីដដែលបានលើកឡើងថា នៅពេលនេះប្រទេសនីមួយៗកំពុងស្វែងរកវ៉ាក់សាំង ដែលនាំឲ្យក្លាយជាការទូតវ៉ាក់សាំង។ លោក Khairy បន្តថា ដោយសារតែការទូតវ៉ាក់សាំងនេះហើយ ទើបគេឃើញប្រទេសជឿនលឿនដូចជាអាមេរិក អឺរ៉ុប និងអង់គ្លេសជាដើមបានទិញទុកជាមុនវ៉ាក់សាំងដែលអភិវឌ្ឍដោយក្រុមហ៊ុនឱសថរបស់ប្រទេសលោកខាងលិច។ ជាលទ្ធផលប្រទេសតូច និងកំពុងអភិវឌ្ឍត្រូវនៅរង់ចាំក្រោយគេ។
ក្នុងករណីទទួលបានវ៉ាក់សាំង ក្រុមហ៊ុនឱសថចំនួនពីរ គឺក្រុមហ៊ុន Duo Pharma និងPharmaniaga ត្រូវបានអនុញ្ញាតឲ្យវ៉ាក់សាំងទាំងនោះទៅបំពេញ និងបញ្ចូលទៅក្នុងកូនដបតូចៗចំណុះ ១០ ឬ ៥០ មីលីលីត្រ ព្រោះម៉ាឡេស៊ីនឹងទិញវ៉ាក់សាំងទ្រង់ទ្រាយធំ។
គួររំលឹកផងដែរថា ចិន បានសន្យាផ្ដល់វ៉ាក់សាំងសម្រាប់ការប្រើប្រាស់ទូទៅដល់ប្រទេសទាំងអស់ ហើយ កន្លងមក មេដឹកនាំចិន ក៏បានសន្យាចំពោះមុខមេដឹកនាំប្រទេសមួយចំនួនដូចជាកម្ពុជា និងហ្វីលីពីន និងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិករូចហើយដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងករណីម៉ាឡេស៊ី គឺប្រទេសនេះមិនត្រឹមតែនិយាយទេ ប៉ុន្តែមានបំណងក្នុងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយចិន៕
Tag:
ចិន
ម៉ាឡេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com