ជាតិ
គម្រោងថែបំប៉នកូនត្រីប្រភេទជិតផុតពូជ លោក ថាច់ ផាន់ណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប លើកបង្ហាញត្រីប្រាធំមួយក្បាល ដែលមានភ្ជាប់នូវស្លាកសញ្ញាពណ៌លឿងនៅលើព្រុយខ្នង សម្រាប់តាមដាននៅក្នុងធម្មជាតិ បន្ទាប់ពីលែងវាទៅ។ ត្រីប្រាធំ ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហម IUCN ជាប្រភេទត្រីរងគ្រោះជិតផុតពូជ ពីធម្មជាតិ។ រូបភាព៖ ឈុត ឈាណា។
× គម្រោងអច្ឆរិយភាពនៃទន្លមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងនាយកដ្ឋានអភិវឌ្ឍន៍វារិវប្បកម្ម នៃរដ្ឋបាលជលផល បានបង្កើតកម្មវិធីថែបំប៉នកូនត្រីប្រភេទជិតផុតពូជ ដែលប្រមូលបានមកពីទន្លេមេគង្គ និងពីអ្នកនេសាទស្ម័គ្រចិត្តដែលបានផ្តល់ឲ្យគម្រោង ដើម្បីយកទៅថែបំប៉ន និងលែងចូលក្នុងធម្មជាតិវិញ។
កូនត្រីទាំងនោះ ត្រូវបានយកទៅថែបំប៉ននៅក្នុងស្រះពិសោធន៍ របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារិវប្បកម្មទឹកសាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ កម្មវិធីនេះ ទទួលបានជំនួយថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ប្រចាំប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៧ រហូតដល់ពេលបច្ចុប្បន្ននេះ។
អ្នកស្រី សេង សូទ្ធីរ៉ា (រូបស្ពាយថង់កំណាត់ពណ៌ស) ពេលទស្សនកិច្ចស្រះពិសោធន៍របស់គម្រោង។ រូបភាព៖ គម្រោងអច្ឆរិយភាពនៃទន្លមេគង្គ។
ក្នុងពេលនៃការថែបំប៉ន កូនត្រីទាំងអស់ ត្រូវបានដានយ៉ាងយកចិត្តទុកដាក់ ពីមន្ត្រីមជ្ឈមណ្ឌល។ ពួកវាត្រូវបានចាប់ចេញពីស្រះយកមកវាស់ប្រវែងដងខ្លួន និងថ្លឹងទម្ងន់ជាប្រចាំខែ ដើម្បីឲ្យដឹងពីការវិវត្តរបស់វា។ នៅពេលកូនត្រីទាំងនោះលូតលាស់ធំល្មម ដែលអាចរស់នៅតាមបែបធម្មជាតិបាន គម្រោងក៏បំពាក់ស្លាកសញ្ញាសម្គាល់ ប្រយោជន៍ដើម្បីដាមតាមពីដំណើរនៃការធ្វើចរាចរ និងការវិវត្តធំលូតលាស់របស់វានៅក្នុងធម្មជាតិ បន្ទាប់ពីវាត្រូវបានលែង។
អ្នកស្រី សេង សូទ្ធីរ៉ា អ្នកឯកទេសគ្រប់គ្រងគម្រោង (បរិស្ថាន និងការប្រែប្រួលអាកាសធាតុ) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ប្រចាំប្រទេសកម្ពុជា ក្នុងពេលចុះទៅធ្វើទស្សនកិច្ចស្រះពិសោធន៍របស់គម្រោង បានអំពាវនាវដល់បងប្អូនប្រជានេសាទ មេត្តាចូលរួម ដើម្បីអភិរក្សប្រភេទត្រីជិតផុតពូជនៅក្នុងទន្លេមេគង្គទាំងអស់គ្នា។ សូមចុចលើតំណភ្ជាប់ខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com