កីឡាអន្តរជាតិ
អន្តរជាតិ
បុរស​ម្នាក់​សុខចិត្ត​អស់​ឱកាស​ឈ្នះ​រង្វាន់ ព្រោះ​មិន​ចង់​ហៅ​ឈ្មោះ​ក្លិប​បាល់ទាត់​ដែល​ខ្លួន​ស្អប់​
07, Aug 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
​អ្នកគាំទ្រ​ម្នាក់​របស់​ក្លិប Borussia Monchengladbach បាន​បដិសេធ​ហៅ​ឈ្មោះ​ក្លិប FC Cologne នា​ការប្រកួតប្រជែង​សំណួរ​-​ចម្លើយ​ក្នុង​កម្មវិធី​ទូរទស្សន៍ ARD ដ៏​ល្បីល្បាញ​របស់​អាល្លឺម៉ង់​កាលពីពេល​ថ្មីៗ​កន្លងមក​។ ករណី​បានធ្វើ​ឲ្យ​គាត់​ខាតបង់​ឱកាស​ឈ្នះ​រង្វាន់​៥០០​អឺរ៉ូ​។​

 
«​ទេ​! ខ្ញុំ​មិន​ហៅ​ឈ្មោះ​ក្លិប​នេះឡើយ​»​។ អ្នកគាំទ្រ​ជនជាតិ​អាល្លឺម៉ង់​បានបញ្ជាក់​ប្រាប់​ទៅ​ពិធីករ​ក្នុង​កម្មវិធី​ទូរទស្សន៍ ARD ទាក់ទង​នឹង​សំណួរ​វប្បធម៌​ទូទៅ​ដែល​សួរថា​៖ «​តើ​ក្លិប​មួយណា​ដែល​ឈ្នះ​ជើងឯក​ក្របខណ្ឌ​ទី​ពីរ [2. Bundesliga] រដូវ​កាល​២០១៨-២០១៩? » ។​
 
​បេក្ខជន​ដែលជា​អ្នកគាំទ្រ​បាល់ទាត់​ដ៏​ងប់​ងងុល​រូបនោះ បាន​អះអាងថា ខ្លួន​ដឹង​ច្បាស់​ពី​ចម្លើយ ប៉ុន្តែ​ដាច់ខាត​មិន​ឆ្លើយ​នោះឡើយ ដោយ​សុខចិត្ត​ខាតបង់​ឱកាស​ឈ្នះ​ប្រាក់រង្វាន់​៥០០​អឺរ៉ូ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​។​
 
​តាម​ការផ្សាយ​របស់ SOFOOT.COM បុរស​ដែល​គាំទ្រ​ក្លិប Monchengladbach បាន​អះអាងថា ភាពស្មោះត្រង់​ចំពោះ​ក្លិប​មានតម្លៃ​លើសពី​លុយ​ទៅទៀត​ក្នុង​ជីវិត​របស់ខ្លួន​។ 
 
Monchengladbach និង FC Cologne ដែល​ស្ថិតនៅ​ភាគ​ខាងលិច​អាល្លឺម៉ង់ ជា​ក្លិប​ដែល​ប្រឈម​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ បញ្ហា​ជាច្រើន រួមទាំង​ក្នុង​ក្របខណ្ឌ Bundesliga តែងតែ​កើតឡើង​នៅពេលដែល​ក្លិប​ទាំងពីរ​ប៉ះគ្នា​។​
 
​ការសម្រេច​មិន​និយាយ​ឈ្មោះ​ក្លិប FC Cologne ធ្វើ​ឲ្យ​បេក្ខជន​ខាតបង់​ឱកាស​ឈ្នះ​៥០០​អឺរ៉ូ ដោយ​ចាក​ចេញពី​កម្មវិធី​ជាមួយនឹង​ទឹកប្រាក់​២៥០០​អឺរ៉ូ​ប៉ុណ្ណោះ​។ ប្រសិនបើ​គាត់​ឆ្លើយ​សំណួរ​ខាងលើ គាត់​អាច​ឈានទៅ​វគ្គ​បន្ត ហើយ​ថែមទាំង​មានឱកាស​ឈ្នះ​ប្រាក់រង្វាន់​ច្រើនជាង​នេះ​។​
 
​តាមរយៈ Twitter របស់ខ្លួន ក្លិប Monchengladbach បាន​សន្យា​ផ្តល់​ការលើកទឹកចិត្ត​ចំពោះ​ភក្តីភាព​របស់​អ្នកគាំទ្រ​ខ្លួន​។ ជាមួយនឹង​សារ​លើកទឹកចិត្ត ក៏​មានការ​លើកឡើងថា ទង្វើ​នេះ មិនមាន​ជា​គំរូ​ឡើយ ដោយ​វា​បង្ហាញ​ពី​ការ​ស្អប់ និង​ការរើសអើង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com