ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌ អនុញ្ញាត​ឲ្យ​បើក​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ​
06, Aug 2020 , 5:30 pm        
រូបភាព
សកម្មភាពការ​សម្អាតដោយ​បាញ់ថ្នាំ​សម្លាប់មេរោគនៅ​រោងកុន​មួយ​កន្លែង រូបភាពពីរោងកុនLegend Cinemas
សកម្មភាពការ​សម្អាតដោយ​បាញ់ថ្នាំ​សម្លាប់មេរោគនៅ​រោងកុន​មួយ​កន្លែង រូបភាពពីរោងកុនLegend Cinemas
ដោយ:
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានទទួល​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ឲ្យ​បើក​ដំណើរការ​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ​។ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ ការ​ឈានដល់​ការបើក​ដំណើរការ​វិញ​នេះ ដើម្បី​សម្រួល​ដល់​សេដ្ឋកិច្ច​របស់​ម្ចាស់​រោងភាពយន្ត និង​ជួយ​លើកទឹកចិត្ត​ដល់​សិល្បករ និង​លើកស្ទួយ​វិស័យ​វប្បធម៌ ក្រោយពី​ជួប​វិបត្តិ​កូ​វីដ​-១៩​។​

 
​ក្នុង​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ក្រសួង​វប្បធម៌ បាន​បញ្ជាក់ថា មុន​អាច​បើក​ដំណើរ​អាជីវកម្ម​របស់​ខ្លួន ម្ចាស់​រោងភាពយន្ត និង​ម្ចាស់​រោង​សម្តែង​សិល្បៈ​នានា ត្រូវដាក់​ពាក្យស្នើសុំ និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​វប្បធម៌ នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ ដើម្បី​ធានា​ដល់​ការអនុវត្ត​គោលការណ៍​ស្តង់ដា​សុវត្ថិភាព​។ 
 
​ក្រោយពេល​បើក​ដំណើរការ រាល់​ម្ចាស់​រោងភាពយន្ត និង​ម្ចាស់​រោង​សម្តែង​សិល្បៈ​នានា ក៏ត្រូវ​សន្យា​ឈរលើ​គោលការណ៍​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ ដោយមាន​ការសហការ​ចូលរួម​ជាមួយនឹង​ក្រសួង​វប្បធម៌ និង​ក្រសួងសុខាភិបាល​ក្នុងការ​ត្រួតពិនិត្យ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​។  
 
​សូមបញ្ជាក់ថា ការបិទ​ដំណើរការ​រោងភាពយន្ត គឺមាន​រយៈពេល​៥​ខែ​មកហើយ​។ ចំពោះ​ក​អាជីវកម្ម KTV រដ្ឋាភិបាល មិនទាន់​ឲ្យ​បើក​ទេ តែ​លើកទឹកចិត្ត កែប្រែ​ទៅជា​ភោជនីយដ្ឋាន​។​
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏បាន​សម្រេច​ឱ្យ​បើក​កាស៊ីណូ ដែល​មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។ ចំណែក​សាលារៀន​វិញ​រដ្ឋាភិបាល ក៏​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​ចំពោះ​សាលា​ឯកជន​ចំនួន​២០​សិន នៅ​ខែសីហា ឆ្នាំ​២០២០៕  
 
 

Tag:
 ​រោងភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com