សង្គមអន្តរជាតិ
អន្តរជាតិ
លោក ត្រាំ ចេញបញ្ជាហាមធ្វើប្រតិបត្តិការទាំងអស់ជាមួយក្រុមហ៊ុនមេរបស់ TikTokនិងWeChat លោក ត្រាំ ចេញបញ្ជាហាមធ្វើប្រតិបត្តិការទាំងអស់ជាមួយក្រុមហ៊ុនមេរបស់ TikTokនិងWeChat ។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៦ ខែសីហា បានចេញបញ្ជាប្រតិបត្តិមួយដែលហាមឃាត់ទំនាក់ទំនងទាំងអស់រាប់បញ្ចូលការទិញលក់ណាមួយជាមួយក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធីវីដេអូកម្សាន្តខ្លីៗ TikTok ក៏ដូចជា WeChat ។ ការហាមឃាត់នេះ នឹងមានប្រសិទ្ធភាព៤៥ថ្ងៃក្រោយការចុះហត្ថលេខាដូចគ្នា។ នៅវិមានកាពីតូលវិញ ព្រឹទ្ធសភាអាមេរិក ក៏បានបោះឆ្នោតយល់ព្រមលើសេចក្ដីព្រាងច្បាប់មួយដែលហាមមន្ត្រីសហព័ន្ធប្រើកម្មវិធីកម្សាន្តមួយនេះក្នុងឧបករណ៍របស់រដ្ឋ។
«អាមេរិក ត្រូវតែចាត់វិធានការដាច់ខាតប្រឆាំងម្ចាស់របស់ TikTok ដើម្បីការពារសន្តិសុខជាតិរបស់យើង។» លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់បែបនេះក្នុងបញ្ជាប្រតិបត្តិចុះថ្ងៃទី៦ ខែសីហា ដែលហាមឃាត់រាល់ការធ្វើប្រតិបត្តិការទាំងអស់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលជាម្ចាស់បណ្ដាញសង្គមកំពុងល្បី TikTok ។
ក្នុងបញ្ជាដដែល រាល់ការដោះដូរ ទំនាក់ទំនងទាំងឡាយជាមួយបុគ្គល ឬតំណាងដែលពាក់ព័ន្ធ ByteDance ត្រូវបានហាមឃាត់ដោយចាប់ផ្ដើម៤៥ថ្ងៃក្រោយការចេញបញ្ជានេះ។ នេះបើតាមសារព័ត៌មាន Politico ។ ដោយឡែក លោក ត្រាំ ក៏ចេញបញ្ជាប្រតិបត្តិមួយទៀតជាមួយលក្ខខណ្ឌហាមឃខាត់ដូចគ្នាលើក្រុមហ៊ុន WeChat ផងដែរ។
បញ្ជានេះធ្វើឡើង ក្រោយលោក ត្រាំ បានប្រាប់ឲ្យក្រុមហ៊ុន ByteDance លក់ប្រតិបត្តិការរបស់ខ្លួននៅអាមេរិកឲ្យក្រុមហ៊ុនអាមេរិក ប្រសិនបើចង់ធ្វើជំនួញនៅទឹកដីអាមេរិកទៀតនោះ ដោយលោកទុកពេលឲ្យត្រឹមថ្ងៃទី១៥ ខែកញ្ញា។ ផុតកាលបរិច្ឆេទនេះ TikTok នឹងត្រូវបាត់មុខពីទីផ្សារអាមេរិកមិនខាន។ បច្ចុប្បន្ន ក្រុមហ៊ុន Microsoft ទំនងជាកំពុងចរចាជាមួយ ByteDance លើកិច្ចព្រមព្រៀងទិញលក់នេះនេះ ខណៈលោក ត្រាំ ក៏ទារចំណែកខ្លះពីការទិញលក់នេះដាក់ចូលឃ្លាំងរដ្ឋដែរ។
TikTok ដែលកំពុងមានប្រជាប្រិយភាពនៅទូទាំងពិភពលោកនោះ ក្លាយជាគោលដៅរបស់រដ្ឋបាលលោក ត្រាំ ដែលបារម្ភថា ទិន្នន័យអ្នកប្រើប្រាស់អាចធ្លាក់ដល់ដៃរដ្ឋាភិបាលប៉េកាំង។ មិនមែនតែ TikTok ឡើយ បណ្ដាញសង្គម និងកម្មវិធីរបស់ចិនផ្សេងទៀត ក៏ស្ថិតក្នុងបញ្ជីដែលអាមេរិកត្រូវចាត់វិធានការដែរ។ នៅថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ប្រកាសថា អាមេរិកចង់ហាមឃាត់កម្មវិធីចិនទាំងអស់ទាំងនៅលើទូរសព្ទ និងឧបករណ៍ផ្សេងទៀតតែម្ដង។
ដោយឡែក ព្រឹទ្ធសភាអាមេរិកវិញ ក៏ទើបបានអនុម័តសេចក្ដីព្រាងច្បាប់មួយដែលហាមឃាត់បុគ្គលិករដ្ឋទាំងអស់ទាញយកកម្មវិធី TikTok ទៅប្រើលើឧបករណ៍របស់រដ្ឋ។ កាលពីខែមុន សភាតំណាងរាស្ត្រក៏បានអនុម័តសេចក្ដីព្រាងច្បាប់ស្រដៀងគ្នានេះដែរ។ ស្ថាប័នទាំងពីរ នឹងបញ្ចប់សេចក្ដីព្រាងច្បាប់រួមមួយ មុននឹងបញ្ជូនឲ្យប្រធានាធិបតី ត្រាំ ចុះហត្ថលេខាក្លាយជាច្បាប់៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
TikTok
WeChat
© រក្សាសិទ្ធិដោយ thmeythmey.com