អន្តរជាតិ
លី​បង់​ចាប់ខ្លួន​មន្ត្រី​ផែ​ចំនួន ១៦​នាក់​ដើម្បី​ស៊ើបអង្កេត​ករណី​ផ្ទុះ​ក​ក្រើន​ទីក្រុង​បេ​រូត​
07, Aug 2020 , 10:53 am        
រូបភាព
ទាហានលីបង់ម្នាក់ ឈរនៅទីតាំងផ្ទុះនៅកំពង់ផែទីក្រុងបេរូត។ រូបភាព៖ Reuters
ទាហានលីបង់ម្នាក់ ឈរនៅទីតាំងផ្ទុះនៅកំពង់ផែទីក្រុងបេរូត។ រូបភាព៖ Reuters
​អាជ្ញាធរ​លី​បង់ បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ១៦​នាក់ ដើម្បី​ស៊ើបអង្កេត​នៅ​ជុំវិញ​ករណី​ផ្ទុះ​នៅក្នុង​ទីក្រុង​បេ​រូត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​លី​បង់ NNA នៅ​ថ្ងៃទី​៦ ខែសីហា​។ ក្នុងចំណោម មនុស្ស​១៦​នាក់​នេះ ក៏មាន​អ្នកគ្រប់គ្រង​កំពង់ផែ​ដែរ​។

 
​បន្ទាប់ពី​ករណី​ផ្ទុះ រដ្ឋាភិបាល​លី​បង់ បាន​បង្កើត​គណៈកម្មាធិកា​រ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​មូលហេតុ​នៃ​ការផ្ទុះ​។ រដ្ឋាភិបាល​ផ្តល់​រយៈពេល ៤​ថ្ងៃ ក្នុងការ​ស្វែងរក​អ្នកពាក់ព័ន្ធ មូលហេតុ​នៃ​ការផ្ទុះ និង​ការប្រមូល​ភស្តុតាង​ជាដើម​។ សមាជិក​របស់​គណៈកម្មាធិកា​រ​នេះ រួមមាន នាយករដ្ឋមន្ត្រី ដែលជា​ប្រធាន និង​សមាជិក​រួមមាន​រដ្ឋមន្ត្រី​យុត្តិធម៌ រដ្ឋមន្ត្រី​មហាផ្ទៃ រដ្ឋមន្ត្រី​ការពារជាតិ និង​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​។​
 
​ដើម្បី​ស៊ើបអង្កេត​លើ​បញ្ហា​ផ្ទុះ​នេះ អាជ្ញាធរ​លី​បង់ បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ១៦​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​លី​បង់ NNA ដែល​ស្រង់​សម្តី​របស់​ចៅក្រម​លី​បង់​មួយរូប​។ កន្លងមក​អាជ្ញាធរ បាន​សួរចម្លើយ មន្ត្រី​ផែ និង​មន្ត្រី​ពន្ធគយ​ច្រើនជាង ១៨​នាក់ ដែលមាន​ពាក់ព័ន្ធ​នឹង​ឃ្លាំង​ក្នុង​កំពង់ផែ​ផងដែរ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល មិនបាន​បញ្ជាក់​ទេ ថា​តើ​មន្ត្រី​រូប​ណាខ្លះ ត្រូវគេ​ចាប់ខ្លួន​។ ប៉ុន្តែ​ប្រភព​តុលា​រកា​រលី​បង់ បាន​អះអាងថា អ្នកគ្រប់គ្រង​កំពង់ផែ​បេ​រូត លោក Hassan Koraytem ក៏​ស្ថិតក្នុង​ការចាប់ខ្លួន​នេះដែរ​។ ក្រៅពី​ការចាប់ខ្លួន គណនី​ធនាគា​ចំនួន​៧ ត្រូវបាន​ធនាគារកណ្តាល​របស់​លី​បង់​បង្កក​។ ក្នុងនោះ​មាន​គណនី​របស់​អ្នកគ្រប់គ្រង​កំពង់ផែ​បេ​រូត លោក Hassan និង ប្រធានការិយាល័យ​ពន្ធគយ​លី​បង់​។ 
 
​ដោយឡែក នា​ថ្ងៃទី​៦ ខែសីហា ប្រជាជន​លី​បង់​មួយចំនួន បាន​ចេញមក​បាតុកម្ម​នៅក្បែរ​សភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លី​បង់​លា​ចេញពី​ដំណែង ដោយសារតែ​ការធ្វេសប្រហែស ទើប​បណ្តាល​ឲ្យ​មាន​ករណី​ផ្ទុះ​នេះឡើយ​។ ដើម្បី​បំបែក​ក្រុមបាតុករ រដ្ឋាភិបាល បាន​បញ្ជូន​ប៉ូលិស​ជាច្រើន និង​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ 
 
​ក្រោយ​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​នេះ លី​បង់ បានទទួល​ជំនួយ​ជា​បន្តបន្ទាប់​ទាំង​ហិរញ្ញវត្ថុ សម្ភារ​វេជ្ជសាស្ត្រ អ្នក​ជួយសង្គ្រោះ និង​ជំនួយ​ផ្សេងៗ​ជាច្រើន​ទៀត បន្ទាប់ពី​រដ្ឋាភិបាល​អំពាវនាវ​ស្វែងរក​ជំនួយ​។ បើតាម​ការប្រកាស​រប​ស់​សហភាព​អឺរ៉ុប ខ្លួន​នឹង​បញ្ចេញ​ជំនួយ​សង្គ្រោះបន្ទាន់​ឲ្យ​លី​បង់ ក្នុង​ទំហំ​ទឹកប្រាក់​ជិត​៤០​លាន​ដុល្លារ​។ ទន្ទឹមនេះ អង្គការសហប្រជាជាតិ បានផ្តល់​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់ ៩​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​លី​បង់​។ 
 
​រីឯ​ដា​ណឺ​ម៉ាក​បាន​បរិច្ចាគ​ទឹកប្រាក់ ១,៩​លាន​ដុល្លារ និង​សំលៀកបំពាក់​ការពារ​សារធាតុ​គីមី​ចំនួន​៦០០​សម្រាប់​ឲ្យ​លី​បង់ តាមរយៈ​កាកបាទក្រហម​។ បន្ថែម​ពីលើ​នេះ ចិន ហ្ស៊​កដា​នី អ៊ីតាលី និង​បណ្តា​ប្រទេស​មួយចំនួនទៀត ក៏បាន​ប្រកាស​ផ្តល់ជំនួយ​ទៅ​ឲ្យ​លី​បង់​ផងដែរ ក្នុងនោះ​មានការ​សង់​សង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន ការបញ្ជូន​ក្រុម​អ្នក​ជួយសង្គ្រោះ សម្ភារ​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ​ជាដើម​។​
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្លាប់​ដោយសារ​ការផ្ទុះ​នៅក្នុង​ទីក្រុង​បេ​រូត បាន​កើន​ឡើងដល់ ១៥៧​នាក់ និង​អ្នករបួស​ជាង ៥​ពាន់​នាក់ ខណៈ​មនុស្ស​មួយចំនួន កំពុង​បាត់​ខ្លួន​។ មនុស្ស​ច្រើនជាង ៣០​ម៉ឺន​នាក់ បាន​បាត់បង់​ផ្ទះសម្បែង ជាមួយ​ការខូចខាត​ដែល​ទំហំ​ច្រើនជាង​១០​ពាន់​លាន​ដុល្លារ​៕ 

Tag:
 លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com