ជាតិ
ទៅដល់​ភូមិ​ព្រះ​ដាក់ ទេសចរ​អាច​ជួល​កង់​ជិះ​​កម្សាន្ត​!
07, Aug 2020 , 11:30 am        
រូបភាព
​ដោយ​៖ ហ៊ីម អ៊ឹម​រ៉​ន
​ភូមិ​ព្រះ​ដាក់ ដែលជា​ភូមិ​គំរូ​មួយ​ប្រចាំ​ស្រុក​បន្ទាយស្រី បាន​បង្កើត​សេវាកម្ម​ជួល​កង់ សម្រាប់​ភ្ញៀវទេសចរ​ជិះ​កម្សាន្ត នៅតាម​តំបន់​ទេសចរណ៍​ជុំវិញ​នោះ​។ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បញ្ជាក់​ដូច្នេះ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

 
​សេវាកម្ម​ជួល​កង់​នេះ បង្កើតឡើង​ដោយសារតែ​ភូមិ​ព្រះ​ដាក់ ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន ស្រប​នឹង​និន្នាការ​ជិះ​កង់​កម្សាន្ត​តាម​ជនបទ​កើនឡើង​ដែរនោះ​។ លោក ឃឹម ហ្វី​ណង់ សរសេរ​ដូច្នេះ​៖«​សម្រាប់​អ្នក​ចង់​ជិះ​កង់​លេង​តាម​ទីជនបទ ឥឡូវនេះ​មិនចាំបាច់​ពិបាក​ដឹក​កង់​មកជា​មួយ ឬ​ជិះ​កង់​តាំងពី​ក្នុង​ក្រុង រហូតមកដល់​ភូមិ​ព្រះ​ដាក់​ទៀត​ទេ​។ ភ្ញៀវទេសចរ អាច​ជួល​កង់​នៅទីនេះ​ផ្ទាល់​តែម្តង​បាន ជិះ​លេង​កម្សាន្ត​កាត់​តាម​ផ្ទះ​អ្នកភូមិ​លើ​ខ្នង​បារាយណ៍​ចាស់ មើល​ទេសភាព​វាលស្រែ​ធំ​ល្វឹងល្វើយ  ឬក៏​ចង់​ជិះ​ទៅលេង​ភ្នំ​បូក បឹង​តា​នាវ បឹង​ឈូក ប្រាសាទបន្ទាយស្រី ទៅតាម​ជម្រើស​រៀងៗ​ខ្លួន​បាន​»​។​
 
​បន្ថែម​លើ​សំណេរ​របស់ខ្លួន អភិបាលស្រុក​បន្ទាយស្រី​រូបនេះ បាន​ប្រាប់ Thmeythmey25 តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន ភូមិ​ព្រះ​ដាក់ មាន​កន្លែង​ជួល​កង់​ចំនួន ៣ ទីតាំង មាន​កង់​ជួល​ជិត​១០០​គ្រឿង ហើយ​ដែល​បាន​ដំណើរការ​ប្រហែល​មួយខែ​មកហើយ​។ 


 
​ចំណែក​តម្លៃ​សេវាកម្ម​វិញ លោក វឿន រ៉េ​ន បញ្ជាក់ថា សម្រាប់​កន្លែង​របស់លោក តម្លៃ​ជួល​ក្នុង​មួយថ្ងៃ គឺ​២​ដុល្លារ​សម្រាប់​កង់​តូច និង​តម្លៃ​៥​ដុល្លារ សម្រាប់​កង់​ធំ  ហើយ​កង់​ធំ​មានតម្លៃ ប្រាំ​ដុល្លារ​។ ប៉ុន្តែ បើ​ភ្ញៀវ​ជួល​កង់​ជិះ​ក្នុង​រយៈពេល​ខ្លី ត្រឹមតែ​ពីរ​ទៅ​បី​ម៉ោង​វិញ គឺអាច​ចរចា​តម្លៃ​បាន​។ នេះ​ជាការ​បន្ថែម​របស់លោក ឃឹម ហ្វី​ណង់​។ 
 
​សូមជម្រាបថា ភូមិ​ព្រះ​ដាក់ គឺជា​ភូមិ​គំរូ​មួយ ដែល​បាន​បន្សល់ទុក​នូវ​កេរដំណែល​បុរាណ​ជាច្រើន​។ អ្វីដែល​ល្បី​បំផុត​សម្រាប់​ភូមិ​មួយ​នេះ គឺ​នំ​បញ្ចុក ដែល​ថ្នាក់ដឹកនាំ​ស្រុក កំពុង​រៀបចំ​ឲ្យ​មាន​ស្លាក​សញ្ញា ឡូហ្គោ និង​រូបមន្ត​ត្រឹមត្រូវ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស អាច​យកទៅ​ប្រកប​អាជីវ​កម្មបាន ប្រសិនបើ​ពួកគេ​បំពេញ​គ្រប់​តាម​លក្ខខណ្ឌ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com