ពីនេះ ពីនោះ
រូបត្លុក
ភ្លៀងមួយមេធំ ក្លាយជាប្រធានបទជជែកគ្នានៅតុកាហ្វេ និងលើបណ្តាញហ្វេសប៊ុក!
07, Aug 2020 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកលិចផ្នែកខ្លះនៃរាជធានីភ្នំពេញនៅតែជារឿងរអ៊ូរទាំរបស់ពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញដដែល។ សំណាង និងសុធីរ បានឃើញការរអ៊ូរទាំរបស់ពលរដ្ឋនៅតាមបណ្តាញហ្វេសប៊ុកផង នៅតាមតៀមកាហ្វេផង និងនៅតាមសហគមន៍របស់ពួកគេផង។ ហេតុអ្វីផ្នែកខ្លះនៃភ្នំពេញនៅតែលិច នៅពេលភ្លៀងធ្លាក់ខ្លាំង?


 
សុធីរ៖ អា សំណាង!  អ្ហែងម្សិលមិញធ្វើដំណើរត្រឡប់ទៅផ្ទះវិញម៉េចដែរ? 
 
សំណាង៖ អញចំណាយពេលជាង២ម៉ោងដើម្បីទៅដល់ផ្ទះ ព្រោះផ្លូវមួយចំនួនលិចទឹក និងស្ទះចរាចរណ៍។ នៅដល់ផ្ទះ ផ្ទះលិចទឹកទៀត ព្រោះ ផ្លូវមុខផ្ទះអញវាខ្ពស់ជាងផ្ទះអញខ្លាំងពេក។ 
 
សុធីរ៖ អញឃើញគេជីកផ្លូវធ្វើលូហ្នឹងវាច្រើនពេកទៅហើយ។ តើហេតុអ្វីបានជាផ្លូវនៅតែលិចទឹក? 
 
សំណាង៖ អញក៏មើលឃើញដូចតែអ្ហែងដែរ។ តែរឿងនេះប្រហែលជាមកពីកត្តាមួយចំនួនហើយមើលទៅ ដូចជា អាចមកពីភ្លៀងធ្លាក់វាខ្លាំងពេក(មរិមាណទឹកច្រើនជ្រុល), លូហូរមិនទាន់, ម៉ាស៊ីនបូមទឹកចេញពីទីក្រុងបូមមិនទាន់។ អាចថា លូហូរយឺតព្រោះ សំរាមច្រើនពេក និង…
 
សុធីរ៖ និងអីទៀត រកហេតុផលមកបន្ថែមមក អា សំណាង! 
 
សំណាង៖ ដូចអ្ហែងធ្លាប់លឺអ្នកជំនាញពន្យល់ហើយថា សណ្ឋានដីភ្នំពេញមានរាងជាបាតខ្ទះ អមដោយទំនប់ព័ទ្ធជុំវិញ ដូច្នេះ បើភ្លៀងធ្លាក់គំហុកខ្លាំងពេក ពេលនោះ សមត្ថភាពនៃការបូមចេញអាចពិបាក។ ម្យ៉ាងទៀត អញធ្លាប់លឺអ្នកជំនាញខាងស្ថាបត្យកម្មនិយាយប្រាប់អញថា ការចាប់បេតុងគ្រប់ទីកន្លែងនៅរាជធានីភ្នំពេញនេះ ក៏បង្កើនធារទឹកនៅលើផ្លូវច្រើនដែរ ព្រោះ កាលពីពេលមុន រាជធានីភ្នំពេញនៅមានដីទំនេរគ្មានបេតុងច្រើន។ ធម្មតា ដី ក៏អាចបឺតទឹកបញ្ចូលទៅក្នុងដីបានច្រើនដែរ។ 
 
សុធីរ៖ អ៊ីចឹង ទឹកលិចហ្នឹង អត់មានទាក់ទងនឹងការលុបបឹងទេឬ? 
 
សំណាង៖ អ្ហែងសួរអញអ៊ីចឹង អញពិបាកឆ្លើយណាស់រឿងនេះ។ ពិបាកឆ្លើយ ព្រោះ អញមិនមែនជាអ្នកជំនាញខាងហ្នឹង។ 
 
សុធីរ៖ អើ! អញដឹងហើយថា អ្ហែងមិនមែនជាអ្នកជំនាញទេ តែបើតាមយោបល់របស់អ្ហែង តើផ្លូវលិចទឹកហ្នឹងអាចបណ្តាលមួយផ្នែកណាមកពីការលុបបឹងធម្មជាតិមួយចំនួននៅភ្នំពេញឬទេ? 
 
សំណាង៖ អញគ្រាន់តែអាចឆ្លើយថា វាមិនមែនមកពីរឿងលុបបឹងទាំងអស់ទេ។ កាលពីអតីតកាលយូរលង់មកហើយ បឹងជាច្រើនត្រូវបានគេលុបជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍ ដូចជា បឹកកេងកង បឹងកក់ បឹងត្របែក។ល។ រាល់ការអភិវឌ្ឍវាតែងតែប៉ះពាល់ខ្លះហើយ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្លួនឯងក៏ទទួលបានផលច្រើនពីការអភិវឌ្ឍដែរ។ អ្វីដែលគួរកត់សម្គាល់ គឺថា ការលិចផ្លូវនៅភ្នំពេញនាពេលបច្ចុប្បន្ននេះ មានរយៈពេលតិចជាងកាលពីជាង១០ឆ្នាំមុន ហើយនេះ គឺដោយសារការកែលម្អរប្រព័ន្ធលូ និងសមត្ថភាពនៃម៉ាស៊ីនបូមទឹកចេញពីក្រុង។ ម្យ៉ាងទៀត អញចង់បញ្ជាក់ប្រាប់អ្ហែងថា ទីក្រុងមួយចំនួនទាំងនៅអាស៊ី ដូចជា ប្រទេសថៃ នៅក្បែរយើង និងនៅអឺរ៉ុបមួយចំនួនក៏លិចទឹកដែរ ពេលមេឃភ្លៀងខ្លាំងម្តងៗ។ 
 
សុធីរ៖ អានេះ វានិយាយមកនេះ ចង់ឲ្យអញទ្រាំតើ។ 
 
សំណាង៖ ជារួម អារឿងលិចទឹកហ្នឹង ពិបាកទាំងគេ ទាំងអញ តែអ្វីដែលអញកំពុងនិយាយប្រាប់អ្ហែងហ្នឹង គឺជាការពិតដែលកំពុងកើតឡើងនៅក្នុងសង្គមតើ! នៅលើលោកនេះ វាគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ ពេលខ្លះ អ្ហែងគួរចេះទ្រាំខ្លះទៅ ជីវិត គឺអ៊ីចឹង។ 
 
សុធីរ៖ យីអានេះ អញសួរវារឿងទឹកលិចផ្លូវ លិចផ្ទះ វាបែរជាមកប្រដៅអញរឿងជីវិតទៅវិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com