ចង់កាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀនមិនពិបាកឡើយ! គួរធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយកាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន ៖
១. រួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារ
ដើម្បីចៀសផុតពីហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន វាជាការសំខាន់ណាស់ដែលអ្នកត្រូវទប់ស្កាត់អាការៈទល់លាមក។ នេះក៏ព្រោះតែការទល់លាមកអាចនាំឱ្យជាតិពុលនិងកាកសំណល់មិនអាចកម្ចាត់ចេញបានត្រឹមត្រូវពីក្នុងពោះវៀន។ ជាលទ្ធផលហានិភ័យនៃជំងឺរលាកខ្នែងពោះវៀននឹងកើនឡើងខ្ពស់។ វិធីដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់បញ្ហាទល់លាមកមិនឱ្យកើតមានឡើង គឺការរួមបញ្ចូលបន្លែផ្លែឈើឱ្យបានច្រើនក្នុងរបបអាហារប្រចាំថ្ងៃ។
២. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ
ក្រៅពីរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ អ្នកក៏ចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ផងដែរដើម្បីទប់ស្កាត់អាការៈទល់លាមក។ ដូច្នេះដើម្បីអាចចៀសផុតបញ្ហានៃជំងឺរលាកខ្នែងពោះវៀន ក៏ដូចជាអាការៈខ្សោះជាតិទឹកក្នុងរាងកាយអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
៣. ធ្វើលំហាត់ប្រាណឱ្យទៀងទាត់
ការធ្វើលំហាត់ប្រាណជួយសម្រួលចលនាពោះវៀនកម្ចាត់ជាតិពុលនិងកាកសំណល់ ហើយទប់ស្កាត់អាការៈទល់លាមកគួរឱ្យកត់សម្គាល់។ ក្រៅពីជំងឺរលាកខ្នែងពោះវៀនហើយនោះ ហានិភ័យនៃបញ្ហាសុខភាពជាច្រើនផ្សេងទៀតរួមបញ្ចូលទាំងជំងឺធាត់ជ្រុល ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសូម្បីតែជំងឺមហារីកក៏ត្រូវបានកាត់បន្ថយតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់ផងដែរ។
៤. កាត់បន្ថយភាពស្ត្រេស
ក៏ព្រោះតែជំងឺរលាកខ្នែងពោះវៀនជាទម្រង់នៃការឆ្លងមេរោគមួយ ដូច្នេះការរក្សាឱ្យបាននូវប្រព័ន្ធភាពស៊ាំរាងកាយដែលរឹងមាំ គឺចាំបាច់ណាស់ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ។ មួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយនោះ គឺភាពតានតឹងក្នុងអារម្មណ៍ ឬកម្រិតស្ត្រេសឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។
៥. ទទួលទានអាហារសម្បូរទៅដោយវីតាមីន C
វិធីដ៏ប្រសើរបំផុតមួយដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងកាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន គឺការរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។
រួមផ្សំនឹងរបបអាហារសុខភាពល្អ ការឈប់ជក់បារី ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងគេងឱ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងរាល់យប់នោះអ្នកនឹងមិនងាយកើតជំងឺរលាកខ្នែងពោះវៀនឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh