ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! ព្យាបាល​បញ្ហា​ស្ងួត​ស្បែកក្បាល ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​
07, Aug 2020 , 8:59 pm        
រូបភាព
​ស្បែកក្បាល​ស្ងួត​កើតឡើង​នៅពេល​កង្វះ​ជាតិ​សំណើម​និង​ជាតិ​ប្រេង​គ្រប់គ្រាន់​លើ​ស្បែកក្បាល ហើយ​បញ្ហា​នេះ​ក៏បង្ក​អាកា​រៈរ​មាស់​និង​ឡើង​អង្កែ​ច្រើន​ផងដែរ​។ ថា​តើ​បញ្ហា​ស្បែកក្បាល​ស្ងួត​អាច​ដោះស្រាយបាន​យ៉ាង​ងាយ​ដែរ​ទេ​? គ្មានអ្វី​ពិបាក​ឡើយ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ព្យាបាល​ស្បែក​ស្ងួត​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ៖

 
១. ក្រូចឆ្មារ​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ ១ ផ្លែ​ជាមួយ​ទឹកឃ្មុំ​បន្តិច​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល និង​ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន សឹម​លាង​សម្អាត​ចេញ​និង​កក់​សម្អាត​សក់ ហើយ​ប្រើប្រាស់​ក្រែ​ម​បន្ទន់​ដូច​ពេល​ធម្មតា​។​
 
២. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេងដូង​បន្តិច​លើ​ស្បែកក្បាល ក្រោយពេល​អ្នក​កក់​សម្អាត​សក់​រួច ហើយ​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​សាប៊ូកក់សក់​កម្រិត​ស្រាល​។ អ្នក​ក៏​អាច​លាយ​ប្រេងដូង​បន្តិច​ជាមួយ​សាប៊ូកក់សក់​បន្ទាប់មក​កក់​សម្អាត​សក់​ដូច​ពេល​ធម្មតា​ជាការ​ស្រេច​។​
 
៣. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជាមួយ​ប្រេង​អូ​លីវ​
 
​លាយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ចំនួន​ពី ២ ទៅ ៣ គ្រាប់​ជាមួយ​ទឹក​ធម្មតា​ប៉ុន្មាន​ដំណក់ និង​ប្រេង​អូ​លីវ ២ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​សក់​ដែល​សើម​និង​ស្បែកក្បាល​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ ប្រសិនបើ​អ្នក​គ្មាន​ប្រេង​អូ​លីវ​ទេនោះ អ្នក​អាច​ប្រើប្រាស់​ប្រេងដូង​ជំនួស​ក៏បាន​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ផ្ទាល់​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​និង​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ក្នុង​បរិមាណ​ស្មើគ្នា​ជាមួយ​ទឹក​ធម្មតា​។ កូរ​អោយ​សព្វ សឹម​កក់​សម្អាត​សក់​និង​ស្បែកក្បាល​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ១ នាទី​។ ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com