សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ព្រមាន​អាមេរិក​ឲ្យ​បញ្ចៀស​សកម្មភាព​គ្រោះថ្នាក់​នៅ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​
07, Aug 2020 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ។រូបភាព AFP
រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ។រូបភាព AFP
ដោយ:
​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe បាន​ព្រមាន​អាមេរិក​ចំពោះ​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​។ ការព្រមាន​នេះ​ធ្វើឡើង បន្ទាប់ពី​អាមេរិក នៅ​ពី​ថ្ងៃទី​៥ កក្កដា បានសម្រេច​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ទៅធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ និង​ស្រប​ពេលដែល​បញ្ហា​សមុទ្រ​ខាងត្បូង​កាន់តែ​ក្ដៅ​ដែរនោះ​។ គម្រោង​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ និង​ជំទាស់​យ៉ាង​ដាច់ខាត​។​

 
​ក្នុងជំនួប​តាម​ទូរ​សព្ទ​រយៈពេល​៩០​នាទី​នៅ​ថ្ងៃទី​៧ ខែសីហា លោក Wei Fenghe បាន​ប្រា​ប់លោក Mark Esper រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ឲ្យ​បញ្ឈប់​សកម្មភាព និង​ពាក្យសម្តី​ដែល​មិន​ត្រឹមត្រូវ និង​ជៀសវាង​សកម្មភាព​គ្រោះថ្នាក់​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​អូសបន្លាយ​ស្ថានការណ៍​។ រដ្ឋមន្ត្រី​ការពារ​ជាតិចិន និយាយ​បែបនេះ​ដោយ​សំដៅចំៗ​ទៅលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​កោះ​តៃវ៉ាន់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​កិច្ចសន្ទនា​នេះ បន្ទាប់ពី​អាមេរិក ប្រកាស​ពី​គម្រោង​ទស្សនកិច្ច​របស់លោក Alex Azar រដ្ឋមន្ត្រី​សុខាភិបាល និង​សេវាកម្ម​ប្រជាជន​ទៅកាន់​តៃវ៉ាន់​។ ដំណើរ​ទស្សនកិច្ច​រប​ស់​សមាជិក​គណៈរដ្ឋមន្ត្រី​អាមេរិក​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ទស្សនកិច្ច​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​ក្នុង​ទំនាក់ទំនង​មិន​ផ្លូវការ​អាមេរិក​-​តៃវ៉ាន់ ហើយក៏​ចំពេល​ដែល​អាមេរិក មិន​ទទួលស្គាល់​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​អះអាងថា មិន​អនុលោម​តាមច្បាប់​អន្តរជាតិ​។​
 
​ចំពោះ​ដំណើរ​ទស្សនកិច្ច​ខាងលើនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin បានទាមទារ​ឲ្យ​លុបចោល​ដំណើរ​ទស្សនកិច្ច​ខាងលើ​។ លោក Wang បាន​សង្កត់ធ្ងន់ថា​៖« ចិន ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ការផ្លាស់ប្តូរ​មន្ត្រី​ទៅវិញទៅមក រវាង​ចិន និង​តៃវ៉ាន់​»​។ លោក​បន្ថែមថា ចិន​ទទូច​ឲ្យ​អាមេរិក​គោរព​គោលការណ៍​ចិន​តែមួយ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​លើ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​សន្តិភាព និង​ស្ថិរភាព​នៅ​សងខាង​ច្រក​សមុទ្រ​តៃវ៉ាន់​។​
 
​ផ្ទុយ​ពីអ្វី​ដែល​ចិន​បានលើកឡើង លោក Esper រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បានលើកឡើង​ទៅ​វិញ​ថា ចិន​ឯណេះ​ទេ ដែលជា​អ្នកបង្ករ​អស្ថិរភាព​។ លោក Jonathan Hoffman អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បានលើកឡើង​ថា លោក Esper ស្នើ​ឲ្យ​ចិន​មាន​តម្លាភាព​ជាង​មុន​លើ​រឿង COVID-19 ។ ប្រមុខ​ការពារជាតិ​អាមេរិក ក៏​បង្ហាញ​ការបារម្ភ​លើ​អំពី​ការបង្ករ​អស្ថិរភាព​របស់​ចិន នៅ​ជុំវិញ​តៃវ៉ាន់ និង​ស្នើ​ឲ្យ​ចិន​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​។​
 
​តាមពិតទៅ លោក Esper ក៏មាន​បំណង​ទៅធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​ឲ្យ​បាន​មុន​ចុងឆ្នាំ​នេះដែរ​។ គោលដៅ​នៃ​ទស្សនកិច្ច​នេះ គឺ​ផ្ដោតលើ​ការពិភាក្សា​ការធ្វើ​ឲ្យ​ប្រសើរឡើង​ទំនាក់ទំនង​នៅពេល​មាន​វិបត្តិ ជាពិសេស​ក្នុង​ស្ថានការណ៍​ដែល​កងទ័ពជើងទឹក​អាមេរិក​ចេញ​ប្រតិបត្តិការ​ជាប្រចាំ​ជិត​កោះ​តៃវ៉ាន់ និង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕
 
 

Tag:
 ចិន​
  អាម៉េរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com