កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ខ្ចី​ពី Man Utd ១​រដូវ​កាល Inter សម្រេច​ទិញ Sanchez ដាច់​តែម្តង​
07, Aug 2020 , 3:41 pm        
រូបភាព
​ក្លិប Inter Milan បាន​ព្រមព្រៀងគ្នា​ជោគជ័យ​ជាមួយ Manchester United ដើម្បី​ទិញយក​ខ្សែបម្រើ Alexis Sanchez ជា​អចិ​ន្ត្រៃ​តែម្តង បន្ទាប់​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល​រួចមក​។ Sanchez យល់ព្រម​ចូលរួម​ជាមួយ Inter លើ​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​តម្លៃ​ផ្ទេរ និង​ប្រាក់​ឈ្នួល​ឡើយ​។​


​ខ្សែបម្រើ​អន្តរជាតិ​ស៊ី​លី​វ័យ ៣១ ឆ្នាំ​បាន​ចូលរួម​ជាមួយ​ក្រុម​នៃ​ក្របខណ្ឌ Serie A ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល កាលពី​ខែសីហា​ឆ្នាំ ២០១៩​។ Man Utd បាន​ឲ្យ Inter ខ្ចី Sanchez ព្រោះ​ចង់​កាត់បន្ថយ​ការចំណាយ​ខ្លះ ដ្បិត​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ថ្ងៃ​ជាងគេ​នៅ​អង់គ្លេស ជាង​៥​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍ រូបនេះ ធ្វើ​មិន​បានល្អ​ទាល់តែសោះ​សម្រាប់​ក្រុម​។​
 
៤៥​ប្រកួត Sanchez រកបាន​តែ​៥​គ្រាប់​ប៉ុណ្ណោះ​សម្រាប់​ក្រុម​លោក Ole Gunnar Solskjaer ចាប់​តាំង​ផ្ទេរ​ចេញពី Arsenal នៅ​ឆ្នាំ​២០១៨​។ អ្នកចាត់ការ​ក្រុម Man Utd បាន​ប្រាប់​ទូរទស្សន៍ BT Sport នៅ​ថ្ងៃទី​៦ ខែសីហា​ថា​៖« យើង​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នេះហើយ​។ Sanchez កំពុង​រីករាយ​នឹង​ពេលវេលា​របស់គាត់​នៅ​ទីនោះ​។ គាត់​ជា​កីឡាករ​កំពូល​ម្នាក់​បើ​ទោះ​យើង​មិនបាន​មើលឃើញ​ពីអ្វី​ដែល​ល្អ​បំផុត​សម្រាប់​គាត់​។ យើង​សូម​ជូនពរ​គាត់​ជោគជ័យ​នៅ​ទីនោះ​»​។​
 
​នៅ​ទឹកដី​អ៊ីតាលី Sanchez រកបាន ៤ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប​ចំនួន ២៩ ប្រកួត​សម្រាប់​ក្រុម​លោក Antonio Conte​។ ក្រោយ​ជួយ Inter ឡើងដល់​វគ្គ ៨ ក្រុម​ចុងក្រោយ Europa League អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​សម្រេច​ទិញយក​រូបគេ​ដាច់​តែម្តង ដើម្បី​ពង្រឹង​ក្រុម​ក្នុងការ​ដណ្តើមពាន​រង្វាន់​កម្រិត​ទី​២​អឺរ៉ុប​មួយ​នេះ​។​
 
Sanchez បាន​ក្លាយជា​កីឡា​ករទី ៣ ដែល​ចូលរួម​ជាមួយ​ក្រុម Inter ពី Man Utd ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​ខ្សែប្រយុទ្ធ Romelu Lukaku និង​ខ្សែបម្រើ Ashley Young៕

Tag:
 Alexis Sanchez
© រក្សាសិទ្ធិដោយ thmeythmey.com