កីឡាជាតិ
ជាតិ
ល្បុក្កតោ​សហការ​ជាមួយ​ក្រសួងការពារជាតិ ចងក្រង​វីដេអូ​ក្បាច់គុន ដើម្បី​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​
07, Aug 2020 , 9:59 pm        
រូបភាព
លោក អ៊ួ តារា (ស្តាំ) ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអន្តរាគមន៍ពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទនៅខេត្តបន្ទាយមានជ័យ
លោក អ៊ួ តារា (ស្តាំ) ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអន្តរាគមន៍ពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទនៅខេត្តបន្ទាយមានជ័យ
ដោយ:
​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​សហការ​ជាមួយ​ក្រសួងការពារជាតិ​កំពុង​ចងក្រង​ឯកសារ​វីដេអូ​ក្បាច់គុន​សម្រាប់​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​។ វីដេអូ​ឯកសារ​នេះ កំពុងស្ថិត​ក្នុង​ដំណើរការ​កាត់ត ដែល​គ្រោង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ការ​ចងក្រង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ល្បុក្កតោ​ក្នុង​ជួរ​កងទ័ព​ឲ្យ​កាន់​តែមាន​និរន្តរភាព​។

 
​ដើម្បី​ទុក​ឯកសារ ក៏ដូចជា​បង្កលក្ខណៈ​ងាយស្រួល​ដល់​កងកម្លាំង​កងយោធពល​ខេមរភូមិន្ទ​ក្នុងការ​ហ្វឹកហាត់ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រសួងការពារជាតិ ចងក្រង​ឯកសារ​វីដេអូ​ក្បាច់គុន សម្រាប់​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​។ បើតាម​លោក អ៊ួ តារា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា វីដេអូ​នេះ នឹងដាក់​ជូន​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ត្រួតពិនិត្យ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់​ខាងមុខនេះ ខណៈ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ដំណើរការ​កាត់ត​។ 
 
​អគ្គលេខាធិការ​រូបនេះ​បាន​បន្ថែមថា វីដេអូ​ឯកសារ​ខាងលើ​បង្ហាញ​ពី​សកម្មភាព និង​របៀប​ហ្វឹកហាត់​តាម​ក្បាច់​នីមួយៗ​របស់​គុន​ល្បុក្កតោ ក៏ដូចជា​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ដែល​អាច​បង្ក​ភាពងាយស្រួល​ក្នុងការ​ផ្ទេរ​ចំណេះ​ជំនាញ​ពី​យោធា​ចា​រ្យ​ទៅកាន់​សិក្ខា​ជា​កងកម្លាំង​។ ក្រោយ​ចងក្រង​រួច ឯកសារ​វីដេអូ​នេះ នឹងដាក់​ឲ្យ​អនុវត្ត​ក្នុង​អង្គភាព​កងយោធពល​ខេ​ម​ភូមិន្ទ​តាម​ភូមិភាគ​នីមួយៗ​ទូទាំងប្រទេស​។​
 
​នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​ភាគី​ទាំងពីរ​រៀបចំ​ចងក្រង​ឯកសារ​ក្បាច់គុន​នេះ​ឡើង ពោលគឺ​ពួកគេ​ធ្លាប់​សហការគ្នា​ចងក្រង​សៀវភៅ​ឯកសារ​ក្បាច់គុន​នេះ សម្រាប់​កងកម្លាំង​ហ្វឹកហាត់​ម្តង​រួចមកហើយ​។ ក្រៅពី​វិស័យ​យោធា សហព័ន្ធ​នេះ ធ្លាប់​ចូលរួមចំណែក​ជាមួយ​វិស័យ​វប្បធម៌​ក្នុង​កិច្ចការ​មួយចំនួន និង​បញ្ជ្រាប​ក្បាច់គុន​ល្បុក្កតោ​ទៅកាន់​យុវជន និង​មហាជន​ផងដែរ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក អ៊ួ តារា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កន្លងមក​សហព័ន្ធ​យើង​បាន​សហការ​ជាមួយ​ក្រសួងការពារជាតិ​រៀបចំ​កង​ក្រង​ឯកសារ​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ហើយ​ឥឡូវ​យើង​កំពុង​រៀបចំ​កង​ក្រង​ឯកសារ​ជា​វីដេអូ សម្រាប់​ប្រើប្រាស់​ក្នុង​ជួរ​កងកម្លាំង​។ ក្នុងនាម​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា យើង​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​រួមចំណែក​ជា​ផ្នែក​តូច​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការពារជាតិ​ផ្នែក​ក្បាច់គុន យើង​នឹង​បន្ត​ចូលរួម​ជាមួយ​ដំណើរការ​អភិវឌ្ឍ​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ឲ្យ​មាន​និរន្តរភាព​»​។  
 


សកម្មភាពបង្ហាញក្បាច់គុនកងយោធពលខេមរភូមិន្ទរបស់កងកម្លាំងកងពលតូចថ្មើជើងលេខ៥១នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ

​ជាក់ស្តែង​កាលពីពេល​ថ្មីៗ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​បញ្ជូន​គ្រូបង្វឹក​គុន​ល្បុក្កតោ ឬ​យោធា​ចា​រ្យ​ចំនួន​៤​រូប​ទៅ​បណ្តុះបណ្តាល​សិក្ខាកាម​យោធា​ប្រមាណ​១០០​នាក់​ក្នុង​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​នៅ​កងពលតូច​ថ្មើ​ជើង​លេខ​៥១​ក្នុងស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។ វគ្គ​ហ្វឹកហ្វឺន​នេះ​ដំណើរ​ការប្រមាណ​៧​ខែ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០​។​
 
​លោក អ៊ួ តារា បាន​វាយតម្លៃថា វគ្គ​ហ្វឹកហ្វឺន​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ លោក​សង្កេតឃើញថា សិក្ខាកាម​ទាំងអស់​មានការ​យល់ដឹង​កាន់តែច្បាស់​ពី​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទ ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​អស់​រយៈពេល​ប្រមាណ​៧​ខែ​កន្លងមកនេះ​៕  
 
 

Tag:
 គុន​ល្បុក្កតោ​
  អ៊ួ តារា​
© រក្សាសិទ្ធិដោយ thmeythmey.com