COVID-19
អន្តរជាតិ
ករណីឆ្លង COVID-19 សរុបនៅឥណ្ឌា ឡើងដល់ជាង ២លានករណី
× ឥណ្ឌា នៅថ្ងៃទី៧ ខែសីហា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 សរុបលើសពី ២លានករណី។ តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ ឥណ្ឌានឹងមានការកើនឡើងករណីឆ្លងបន្ថែមទៀត។
តាមតួលេខរបស់ក្រសួងសុខាភិបាល ឥណ្ឌា នៅថ្ងៃទី៧ ខែសីហា ករណីឆ្លង COVID-19 ថ្មីមានចំនួន ៤៥៩២ករណី និងអ្នកស្លាប់មានចំនួន ៣៥នាក់។ តួលេខសរុប COVID-19 របស់ឥណ្ឌា បានកើនឡើងដល់ ២,០៣លាននាក់ និងអ្នកស្លាប់ជាង ៤ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១,៣៧លាននាក់។
តួលេខករណីឆ្លងសរុបនេះ ធ្វើឲ្យឥណ្ឌានៅតែបន្តឈរនៅលំដាប់ទី៣ នៃប្រទេសមាន COVID-19 ច្រើនជាងគេ បន្ទាប់ពីអាមេរិក ដែលមានជាង ៥លានករណី និងប្រស៊ីល ដែលមានជិត៣លានករណី។
បើតាមអ្នកជំនាញឥណ្ឌា តួលេខអ្នកឆ្លង និងស្លាប់នៅឥណ្ឌា អាចនឹងមានច្រើនជាងចំនួនបច្ចុប្បន្នទៅទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ជាប្រទេស ដែលមានប្រជាជនច្រើនលំដាប់ទី២ ឥណ្ឌាត្រូវបានគេមើលឃើញថា មានប្រព័ន្ធសុខាភិបាលខ្សោយ និងមានប្រជាជនរស់នៅណែនណាន់តាន់តាប់។ ចំណែកនៅតំបន់ដាច់ស្រយាល និងទីក្រុងតូចៗខ្លះ ប្រជាជនឥណ្ឌា មិនគោរពតាមការណែនាំរបស់រដ្ឋាភិបាល មិនរក្សាគម្លាត ឬពាក់ម៉ាស់អ្វីឡើយ។ បញ្ហានេះហើយ អាចធ្វើករណីឆ្លងCOVID-19 នៅឥណ្ឌាកាន់តែកើនឡើងជាមុខ។
ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 ឥណ្ឌា បានបិទតំបន់មួយចំនួនជាថ្មី។ រដ្ឋ Assam របស់ឥណ្ឌា នៅថ្ងៃទី៥ ខែសីហា បានចាប់ផ្តើមបិទក្រុងចំនួន២ ដែលស្ថិតនៅភាគខាងកើត ជិតព្រំដែនចិន រហូតដល់ថ្ងៃទី១២ ខែសីហា៕
© រក្សាសិទ្ធិដោយ thmeythmey.com