ក្នុងពិភពហូលីវូដ និងតារាសិល្បៈល្បីៗលំដាប់ពិភពលោក ស្នេហាស៊ូស្លាប់ប្រហែលជាមានតែក្នុងរឿងនិទាន «រ៉ូមេអូ និងហ្ស៊ុយលីយេ »(Romeo and Juliet) របស់លោក វីល្លាម សេកស្ព្រៀរ ប៉ុណ្ណោះ។ ទំនាក់ទំនងស្នេហាជាច្រើន បានខំសន្សំអស់រយៈពេលដ៏យូរអង្វែង ប៉ុន្តែត្រូវបានបញ្ចប់ភ្លាមៗ ក្រោយចំណងអាពាហ៍ពិពាហ៍។
សារព័ត៌មាន Marie Claire បានកត់ត្រាពីឈ្មោះតារាហូលីវូដល្បីៗ ដែលមានចំណងអាពាហ៍ពិពាហ៍ដ៏ខ្លីបំផុត ខណៈទំនាក់ទំនងស្នេហារបស់ពួកគេបានសាងឡើងអស់រយៈពេលជាច្រើនឆ្នាំ។
១. Rudolph Valentino និង Jean Acker រៀបការបាន៦ម៉ោង
Valentino ជាតារាភាពយន្តដ៏ល្បីល្បាញរបស់អ៊ីតាលី ដែលមានរហស្សនាមថា «the Latin Lover»។ គាត់បានរៀបការជាមួយតារាភាពយន្តអាមេរិក Jean Acker នៅឆ្នាំ១៩១៩។ Acker បង្ហាញនូវការសោកស្តាយដែលបានសម្រេចចិត្តរៀបការជាមួយ Valetino។ នារាត្រីទឹកឃ្មុំ Acker បានបិទទ្វារបន្ទប់ ហើយក្រោយគោះទ្វារអស់២០នាទី Valentino បានសម្រេចចិត្តវិលត្រឡប់ទៅផ្ទះវិញ។ ក្នុងបណ្តឹងសុំលែងលះ Acker បានអះអាងថា គ្មានផ្លូវសុំត្រូវគ្នាវិញនោះឡើយ។
២. Zsa Zsa Gabor និង Felipe de Alba រៀបការបាន១ថ្ងៃ
តារាភាពយន្ត Zsa Zsa Gabor បានរៀបការជាមួយលោក Felipe de Alba មេធាវី និងជាតារាភាពយន្តម៉ិកស៊ិក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៨៣ ។ មួយថ្ងៃក្រោយមក ពួកគាត់បានលែងលះគ្នា។ នេះជាអាពាហ៍ពិពាហ៍លើកទី៨របស់ Gabor ហើយមូលហេតុនៃការលែងលះនោះគឺថា គាត់មិនទាន់ដាច់ស្រេចជាមួយស្វាមីទី៧ គឺមេធាវី Michael O’Hara។
៣. Britney Spears និង Jason Alexander រៀបការបាន២ថ្ងៃ
តារាចម្រៀង Britney Spears បានរៀបការជាមួយមិត្តពីកុមារភាពរបស់ខ្លួនក្នុងកម្មវិធីដ៏ប្រញាប់ប្រញាល់មួយនៅ Las Vegas កាលពីខែមករា ឆ្នាំ២០០៤។ ប្រមាណ៥៥ម៉ោងក្រោយមក អាពាហ៍ពិពាហ៍ត្រូវបានលុបចោល ដោយមានការលើកឡើងថា Spears មិនច្បាស់ពីការសម្រេចចិត្តរបស់ខ្លួន ហើយចាត់ទុកជារឿងលេងសើច។
៤. Carmen Electra និង Dennis Rodman រៀបការបាន៩ថ្ងៃ
កីឡាករបាល់បោះ Dennis Rodman និងតារាបង្ហាញម៉ូត Carmen Electra បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈជាង១សប្តាហ៍ប៉ុណ្ណោះ។ Rodman បានសុំរំលាយចំណងអាពាហ៍ពិពាហ៍ដោយបានលើកឡើងថា ខ្លួនមានអារម្មណ៍វិលវល់ ប៉ុន្តែក្រោយមកសុំជាគ្នាវិញ។ ទោះបីជាយ៉ាងណាក៏ដោយ Electra មិនសុខចិត្ត ហើយបានប្តឹងលែងលះតែម្តង។ ចំណងអាពាហ៍លើកដំបូងរបស់ Rodman និង Annie Bakes មានរយៈពេលត្រឹម៨២ថ្ងៃផងដែរ។
៥. Cher និង Gregg Allman រៀបការបាន៩ថ្ងៃ
នៅឆ្នាំ១៩៧៥ តារាចម្រៀង Cher បានរៀបការជាមួយតារាចម្រៀង Gregg Allman ក្រោយលែងលះពី Sonny Bono បានជាង១សប្តាហ៍។ ប៉ុន្តែក្រោយពាក្យចចាមអារ៉ាមផ្សេងៗដែលថា Allman បោះបង់រូបនាងទៅដើរផឹកស៊ី Cher បានប្តឹងសុំលែងលះ ខណៈចំណងអាពាហ៍ពិពាហ៍ទើបបាន៩ថ្ងៃ។ ប៉ុន្តែក្រោយមកពួកគេបានសម្រេចត្រូវរ៉ូវគ្នាវិញ ក្រោយមានកូនម្នាក់ឈ្មោះ Elijah Blue Allman។ ទោះបីជាយ៉ាងណាក៏ ពួកគេនៅតែបែកគ្នាផ្លូវការនៅឆ្នាំ១៩៧៩។
គូស្នេហ៍ផ្សេងទៀតដែលបានបែកបាក់គ្នាក្រោយចំណងអាពាហ៍ពិពាហ៍ មានដូច Mario Lopez និង Ali Landry (២សប្តាហ៍), Ethel Merman និង Ernest Borgnine (៤សប្តាហ៍), Chris Kattan និង Sunshine Tutt (៨សប្តាហ៍), Kim Kardashian និង Kris Humphries (១០សប្តាហ៍) និង Jennifer Lopez និង Cris Judd (៤ខែ)៕