ទោះរងការព្រមាន តែយុទ្ធនាការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មិនត្រូវបានបញ្ឈប់ឡើយ។ ក្រោយមិនអាចទៅទាមទារនៅមុខតុលាការរាជធានីភ្នំពេញ ដោយសារតែអាជ្ញាធររារាំង សាច់ញាតិ យុវជន និង ប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាយកញត្តិទៅដាក់នៅតាមស្ថានទូតនៃប្រទេសធំៗ ដូចជា ស្ថានទូតអាមេរិក ស្ថានទូតបារាំង និង ស្ថានទូតសហភាពអឺរ៉ុប ជាដើម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យមានការដោះលែងលោក រ៉ុង ឈុន។
ទាំងសាច់ញាតិ ទាំងប្រជាពលរដ្ឋទាំងនោះ ភាគច្រើន គឺពាក់អាវស ដែលមានរូបលោក រ៉ុង ឈុន។ ពួកគេ មិនត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរដោយថ្មើរជើងឡើយ ក្នុងការយកញត្តិទៅដាក់នៅតាមស្ថានទូត។ ចេញពីស្ថានទូតមួយ ទៅស្ថានទូតមួយ អាជ្ញាធរ តម្រូវឲ្យពួកគេ ជិះម៉ូតូកង់បី ដោយអាជ្ញាធរ សុខចិត្តចេញថ្លៃឲ្យ។ អ្នកណា ដែលមានយានជំនិះផ្ទាល់ខ្លួន ដូចជា ម៉ូតូ គឺអាចជិះយានជំនិះរបស់ខ្លួន។
កម្លាំងអាជ្ញាធរ បាននៅជាមួយពួកគេ ជាប់ជានិច្ច។ ពេលស្ថិតនៅមុខស្ថានទូតបរទេស ក៏មានកម្លាំងអាជ្ញាធរ ហើយនៅពេលពួកគេ ធ្វើដំណើរដោយម៉ូតូកង់បី យកញត្តិទៅដាក់នៅស្ថានទូតបរទេសផ្សេងទៀត កម្លាំងអាជ្ញាធរ ក៏ជិះម៉ូតូអមតាមពួកគេដែរ។
«ដោះលែង រ៉ុង ឈុន! ដោះលែងលោក រ៉ុង ឈុន! ដោះលែងលោកគ្រូ រ៉ុង ឈុន»។ នេះជាសម្រែករបស់សាច់ញាតិនិងក្រុមយុវជន ពេលនៅមុខស្ថានទូតបរទេស ហើយពេលធ្វើដំណើរតាមម៉ូតូកង់បី ពួកគេ ក៏នាំគ្នាស្រែកដូច្នេះដែរ។
យ៉ាងណា ក្នុងការដាក់ញត្តិនេះ ក្រុមយុវជននិងកម្លាំងអាជ្ញាធរ មិនបានប៉ះទង្គិចគ្នាឡើយ
កាលពីថ្ងៃទី៥ ខែសីហា ក្រុមយុវជននិងកម្លាំងអាជ្ញាធរ បានប៉ះទង្គិចគ្នា នៅម្តុំវត្តមហាមន្រ្តី ដែលបណ្តាលឲ្យយុវតី២នាក់រងរបួស។ ពេលនោះ ក្រុមយុវជន ធ្វើដំណើរដោយថ្មើរជើង ទៅដល់វត្តមហាមន្រ្តី ឆ្ពោះទៅតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។ តែពួកគេ មិនបានទៅដល់មុខតុលាការរាជធានីភ្នំពេញឡើយ ដោយត្រូវអាជ្ញាធរ រារាំង នៅត្រឹមវត្តមហាមន្រ្តី។
លើសពីនេះ មានមនុស្ស៤នាក់ (ស្រីម្នាក់) ដែលចូលរួមក្នុងយុទ្ធនាការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី៤ ទី៥ និង ទី៦ ខែសីហា។ ប៉ុន្តែ ក្នុងចំណោមពួកគេ មានបុរសម្នាក់និងស្ត្រីម្នាក់ ត្រូវបានដោះលែងវិញ ខណៈបុរសទាំង២នាក់ទៀត ត្រូវអាជ្ញាធរ បន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ថែម។
ក្រៅពីនេះ មានព្រះសង្ឃមួយចំនួនទៀត ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ និមន្តពីខេត្តបាត់ដំបង បម្រុងនឹងចូលរួមជាមួយសមាជិកផ្សេងទៀតនៃក្រុមយុវជនខ្មែរថាវរៈ ដើម្បីទៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន តែត្រូវបានអាជ្ញាធរ ឃាត់ព្រះកាយមួយរយៈពេលខ្លី នៅវត្តបទុមវតី កាលពីថ្ងៃទី៥ ខែសីហា។ ក្រោយមក ព្រះសង្ឃ៨អង្គ ដែលត្រូវឃាត់ព្រះកាយ ទទួលបានការអនុញ្ញាតឲ្យចេញពីវត្តបទុមវតី ហើយអាជ្ញាធរ បាននិមន្តព្រះអង្គ ឲ្យត្រឡប់ទៅខេត្តបាត់ដំបងវិញ។
នៅថ្ងៃទី៣ ខែសីហា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ទៅកាន់ក្រុមអ្នកតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។
តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមានថា ការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន គឺមិនមែនជាទង្វើត្រឹមត្រូមតាមច្បាប់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វា ជាការដាក់សម្ពាធលើស្ថាប័នតុលាការ «ដែលអាចប្រឈមមុខនឹងការចោទកាន់» តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌកម្ពុជា។ អ្នកនាំពាក្យ ចាត់ទុកសកម្មភាពរបស់ក្រុមអ្នកទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថា «ខុសច្បាប់» ហើយអំពាវនាវឲ្យពួកគេ បញ្ឈប់ជាបន្ទាន់ «មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ»។
ចំណែកលោក ឃួង ស្រេង ចាត់ទុកសកម្មភាពជួបជុំ ហើយទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ថាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ការធ្វើចរាចរណ៍ និង ប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។ លោក បន្តថា ទន្ទឹមនឹងនេះ សកម្មភាពប្រមូលផ្តុំគ្នា ក្នុងដំណាក់កាលរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ គឺផ្ទុយពីវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។
ក្នុងសេចក្តីណែនាំរបស់ខ្លួន លោកអភិបាលរាជធានីភ្នំពេញ តម្រូវថា រាល់ការជួបជុំឬការប្រមូលផ្តុំទាំងអស់ ត្រូវជួនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ។ លោក ព្រមានថា រាល់ការជួបជុំឬការប្រមូលផ្តុំ ដែលគ្មានការជូនដំណឹង «ត្រូវចាត់ទុកជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់»។
លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយតុលាការ ចោទថា លោក បំភ្លៃខុសការពិតពីបញ្ហាព្រំដែន។ បច្ចុប្បន្ន លោក កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
តុលាការ ចាត់ទុកបទល្មើសរបស់លោក ថាជាបទល្មើសជាក់ស្តែង។ កាលពីថ្មីៗនេះ លោក រ៉ុង ឈុន បានចុះទៅដើរមើលតាមតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋជាង១០០គ្រួសារ។ ក្រោយមក លោក ក៏ចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រជាពលរដ្ឋមួយចំនួន បានបាត់បង់ដីធ្លី ដោយសារតែអាជ្ញាធរវៀតណាម រំលោភយក ហើយការបោះបង្គោលព្រំដែនខ្លះ គឺបានឈានចូលមកដីខ្មែរ។
គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយវិញ ដោយបានច្រានចោលទាំងស្រុង ចំពោះខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន។ គណៈកម្មាធិការកិច្ចការព្រំដែន មើលឃើញថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន គឺបំភ្លៃខុសការពិត និងមានចេតនាវាយប្រហារដល់កិច្ចការផ្នែកព្រំដែនរបស់រដ្ឋាភិបាល។
ទាំងអង្គការជាតិនិងអង្គការអន្តរជាតិនានា ចេញមកជាបន្តបន្ទាប់ អំពាវនាវឲ្យទម្លាក់បទចោទនិងដោះលែងលោក រ៉ុង ឈុន តែមិនទាន់ទទួលបានលទ្ធផលអ្វីឡើយ៕