COVID-19
អន្តរជាតិ
ហ្វីលីពីននិងឥណ្ឌូណេស៊ី បន្តមានករណីឆ្លង COVID-19 ច្រើនប្រចាំអាស៊ីអាគ្នេយ៍ រូបភាព៖ Reuters
× ហ្វីលីពីន បាន មានករណីឆ្លងCOVID-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ករណីសរុបCOVID-19 របស់ហ្វីលីពីន ហក់ឡើងដល់ ១២២៧៥៤ករណី ខណៈឥណ្ឌូណេស៊ី មានចំនួន ១២១២២៦ករណីគិតត្រឹមថ្ងៃទី៧ ខែសីហា។
តាមតួលេខរបស់ Worldometer ហ្វីលីពីន បានក្លាយជាប្រទេសមានករណីឆ្លង COVID-19 សរុបច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មួយរយៈចុងក្រោយនេះ ហ្វីលីពីនមានករណីឆ្លងCOVID-19 លើសពី៣ពាន់ករណីជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃទី៧ ខែសីហានេះ ហ្វីលីពីន មានករណីឆ្លងចំនួន ៣៣៧៩ករណី។ តួលេខសរុបរបស់ហ្វីលីពីន បានកើនដល់១២២៧៥៤ករណី ខណៈអ្នកស្លាប់មានចំនួនជាង ២ពាន់នាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៦ម៉ឺននាក់។
ចំណែកឥណ្ឌូណេស៊ី ដែលធ្លាប់មានករណីឆ្លង COVID-19 ច្រើនជាងគេនោះ មានករណីឆ្លង នៅថ្ងៃទី៧ ខែសីហា ចំនួន ២៤៧៣ករណី។ ចំនួននេះ គឺមានកើនឡើងបន្តិច បើធៀបនឹងថ្ងៃមុនៗ ដែលមានចំនួនតិចជាង ២ពាន់ករណី។ តួលេខសរុបរបស់ឥណ្ឌូណេស៊ីមានចំនួន ១២១២២៦ករណី និងអ្នកស្លាប់ចំនួន ៥៥៩៣នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៧៧៥៥៧។
ដើម្បីទប់ស្កាត់ករណីឆ្លងថែម រដ្ឋាភិបាលហ្វីលីពីន បានបិទទីក្រុងម៉ានីល និងខេត្តជុំវិញរួមមាន Laguna, Cavite, Rizal និង Bulacan សារជាថ្មី រហូតដល់ថ្ងៃទី១៨ ខែសីហា ដើម្បីទប់ស្កាត់ការរាតត្បាតCOVID-19 និងតាមការស្នើសុំរបស់ក្រុមគ្រូពេទ្យហ្វីលីពីនជាច្រើននាក់។ ក្រោមវិធានការបិទនេះ អាជ្ញាធរបានបិទជំនួញមួយចំនួន ដូចជាកន្លែងកាត់សក់ រោងភាពយន្ត កន្លែងហាត់ប្រាណ ចំណែកភោជនីយដ្ឋាន ត្រូវគេអនុញ្ញាតឲ្យតែទិញយកមកបរិភោគនៅក្រៅប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានលើកឡើងថា ករណីឆ្លង COVID-19 នៅហ្វីលីពីន គឺកើនឡើងជិត ៧ដង និងអ្នកស្លាប់ បានកើនឡើងជាង ២ដង។ តួលេខកើនឡើងនេះ គឺគិតចាប់តាំងពីលើកចោលការបិទតំបន់ នៅក្នុងខែមិថុនាកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com