COVID-19
អន្តរជាតិ
ទារក​អាយុ​១០​ខែ​ស្ថិត​ចំណោម​អ្នកស្លាប់​១៧​នាក់​ក្នុង​ហេតុការណ៍​យន្តហោះ​រអិល​ធ្លាក់​ផ្លូវ​នៅ​ឥណ្ឌា​
08, Aug 2020 , 10:31 am        
រូបភាព
ប៉ូលិសឥណ្ឌាកំពុងត្រួតពិនិត្យយន្តហោះ Boeing 737 ដែលធ្លាក់នៅរដ្ឋ Kerala ។ រូបភាព AFP
ប៉ូលិសឥណ្ឌាកំពុងត្រួតពិនិត្យយន្តហោះ Boeing 737 ដែលធ្លាក់នៅរដ្ឋ Kerala ។ រូបភាព AFP
​មនុស្ស​យ៉ាងណា​ហោចណាស់​១៧​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​យន្តហោះ​រអិល​ធ្លាក់​ចេញពី​ផ្លូវ​រត់​អំឡុងពេល​ចុះចត​នៅឯ​អាកាសយានដ្ឋាន​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី​៧ ខែសីហា​។ យន្តហោះ​របស់​ក្រុមហ៊ុន Air India មួយ​នេះ ជា​ជើងយន្តហោះ​ជម្លៀស​មនុស្ស​ដោយសារ​ជំងឺ COVID-19 ។

 
​យន្តហោះ​ធុន Boeing 737 នៃ​ជើងហោះហើរ​របស់​អាកាស​ចរណ៍ Air India Express បានចេញ​ដំណើរ​ពី​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដោយមាន​អ្នកដំណើរ និង​បុគ្គលិក​ទាំងអស់​១៩១​នាក់​។ យន្តហោះ​នេះ ក៏បាន​ជួប​ហេតុការណ៍​អាក្រក់​ពេល​ចុះចត​នៅ​ព្រលានយន្តហោះ​ទីក្រុង Kozhikode រដ្ឋ Kerala នៅ​ភាគខាងត្បូង​ឥណ្ឌា ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​។ យន្តហោះ​បាន​រអិល​ចេញពី​ផ្លូវ ហើយ​បាក់​ជា​ពីរ តែ​ជា​សំណាងល្អ មិនមាន​ភ្លើង​ឆេះ​ឡើយ​។​
 
​មន្ត្រី​ទីក្រុង Kozhikode លោក Seeram Sambasiva អះអាងថា មនុស្ស​យ៉ាងតិច​១៧​នាក់​បាន​ស្លាប់​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ក្នុងចំណោម​អ្នកស្លាប់​ក៏មាន​ទារក​អាយុ​១០​ខែ និង​កូនក្មេង​១៨​ខែ​ម្នាក់​ផងដែរ​។ អ្នកបើក​យន្តហោះ​ម្នាក់ ក៏បាន​បាត់បង់​ជីវិត​ផងដែរ​។ មនុស្ស​ច្រើនជាង​១០០​នាក់​ទៀត រងរបួស ហើយ​ក្នុងនោះ​១៥​នាក់ របួសធ្ងន់​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឥណ្ឌា​រាយការណ៍​ថា យន្តហោះ​នេះ​ព្យាយាម​ចុះចត​ពីរដង ខណៈ​អ្នក​រស់រានមានជីវិត​ប្រាប់​ទូរទស្សន៍​ឥណ្ឌា​ថា យន្តហោះ​ដឹក​ពួកគេ​ហោះ​ឡើង​ចុះៗ មុននឹង​ចុះចត ហើយក៏​ជួប​បញ្ហា​តែម្ដង​។ 
 
​ជើងយន្តហោះ​ខាងលើ ស្ថិត​ក្នុងចំណោម​ជើងយន្តហោះ​ជាច្រើន​ដែល​ឥណ្ឌា​បញ្ជូន​ឲ្យ​ទៅ​ដឹក​ពលរដ្ឋ​ខ្លួន​ដែល​ជាប់គាំង​នៅ​បរទេស​ដោយសារ​ជំងឺ COVID-19 ត្រឡប់​ចូល​ស្រុក​វិញ​។ បើតាម AFP អ្នកដំណើរ​លើ​យន្តហោះ​១៥​នាក់ ជា​អ្នក​បាត់បង់​ការងារ ឯ​១២​នាក់​ទៀត​ត្រឡប់មកវិញ​ដើម្បី​ពិនិត្យ​សុខភាព និង​ពីរ​នាក់​ទៀត មក​រៀបចំ​អាពាហ៍ពិពាហ៍​។ 
 
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​តាម Twitter ។ លោក បាន​ជូនពរ​ឲ្យ​អ្នករងរបួស​ឆាប់​ជាសះស្បើយ និង​ថា ក្រុមមន្ត្រី​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ផ្ដល់ជំនួយ​បន្ទាន់​។ រដ្ឋមន្ត្រី​អាកាសចរណ៍ Hardeep Singh Puri ប្រកាសថា ការស៊ើបអង្កេត​មួយ​នឹងត្រូវ​ធ្វើឡើង​៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com