ថ្ងៃទី៨ ខែសីហាឆ្នាំ ២០២០ ជាខួបគម្រប់៥៣ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ាន។ ក្នុងអាយុ ៥៣ឆ្នាំ អាស៊ានបានប្រែក្លាយខ្លួនសហគមន៍រួមមួយ ហើយអង្គការតំបន់នេះអាចមានលទ្ធភាពរក្សាបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឆាប់រហ័សជាងគេ បើប្រៀបធៀបទៅនឹងអង្គការថ្នាក់តំបន់ផ្សេងទៀតលើពិភពលោក។
នាឱកាសនៃពិធីរម្លឹកខួប៥៣ឆ្នាំនៃការបង្កើតអាស៊ាន សារព័ត៌មាន ThmeyThmey សូមលើករំលឹកពីមូលហេតុនៃការបង្កើតអាស៊ាន និងការវិវត្តនៃទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសដទៃជាដៃគូផង៖
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»ជាអង្គការតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបង្កើតឡើងនៅក្នុងខែសីហាទី៨ឆ្នាំ១៩៦៧ ដោយសេចក្តីថ្លែងការណ៍ទីក្រុងបាងកក (Bangkok Declaration) ដោយរួមមានថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនជាស្ថាបនិក។
ប្រទេសទាំង៥ផ្ដួចផ្ដើមបង្កើតអាស៊ានដោយសារមូលហេតុមួយចំនួន។ មូលហេតុទីមួយ គឺជម្លោះរវាងប្រទេសជាច្រើនបានកើតឡើងនៅក្នុងតំបន់ដូចជា ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី ហ្វីលីពីននិងម៉ាឡេស៊ី សិង្ហបុរីនិងម៉ាឡេស៊ី។ ជម្លោះទាំងនេះគំរាមកំហែងដល់សន្តិសុខនិងសន្តិភាពក្នុងតំបន់។
មូលហេតុទីពីរគឺ សង្គ្រាមត្រជាក់។ សង្គ្រាមមនោគមន៍វិជ្ជារវាងលោកខាងលិច និងលោកខាងកើតនេះជាមូលហេតុដ៍សំខាន់ជម្រុញឲ្យមានការបង្កើតអង្គការក្នុងតំបន់(អាស៊ាន)ដើម្បីទប់ស្កាត់ឥទ្ធិពលនៃមនោគមកុម្មុយនីស្ត។ ចំណែកមូលហេតុទីបីគឺអាស៊ានក៏ត្រូវបានបង្កើតឡើងដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅក្នុងរយៈការជំរុញកំណើនសេដ្ឋកិច្ចជាដើម។
គេអាចឃើញស្រាប់ គោលបំណងធំៗមានចែងក្នុងសេចក្តីថ្លែងការណ៍ក្រុងបាងកកដែលជាលិខិតបទដ្ឋានបង្កើតអាស៊ានរួមមាន ទីមួយ:ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ការរីកចម្រើននៃសង្គមនិងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាក្នុងស្មារតីនៃភាពជាដៃគូនិងសមភាពដើម្បីពង្រឹងមូលដ្ឋាននៃភាពរុងរឿងនិងសន្តិភាពរបស់អាស៊ាន។ ទីពីរ:ដើម្បីជំរុញនិងរក្សាសនិ្តភាពនិងសន្តិសុខក្នុងតំបន់។
៩ឆ្នាំក្រោយការបង្កើតអាស៊ាន ក្នុងកិច្ចប្រជុំកំពូលលើកទី១ របស់អាស៊ានក្នុងឆ្នាំ១៩៧៦ អាស៊ានសម្រេចបើកទ្វារភា្ជប់ទំនាក់ទំនង និង បង្កើតកិច្ចសហប្រតិបត្តិការផលប្រយោជន៍ជាមួយប្រទេសជិតខាងនៅក្នុងតំបន់។ចាប់តាំងពីពេលនោះមកសមាជិកអាស៊ានកើនឡើងប្រាំនាក់បន្ថែមទៀត រួមមានព្រុយណេចូលជាសមាជិកនៅថ្ងៃទី ៧ ខែមករាឆ្នាំ១៩៨៤ វៀតណាមនៅថ្ងៃ ទី២៨ ខែកក្កដាឆ្នាំ ១៩៩៥ ឡាវ និងមីយ៉ាន់ម៉ានៅថ្ងៃទី២៣ខែកក្កដាឆ្នាំ១៩៩៧ និងកម្ពុជានៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៩៩។ ដូច្នេះហើយ បច្ចុប្បន្នអាស៊ានមានសមាជិកសរុបទាំងអស់ដប់ ប៉ុន្តែទីម័រខាងកើតកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំចូលជាសមាជិកទី ១១ របស់អាស៊ានដែរ។
ចំណែកឯរដ្ឋធម្មនុញ្ញអាស៊ានត្រូវបានបង្កើតនៅខែធ្នូឆ្នាំ២០០៥ ហើយអនុម័តនៅខែវិច្ឆិកាឆ្នាំ២០០៧ និងចូលជាធរមាននៅខែធ្នូឆ្នាំ២០០៨។ លើសពីនេះទៅទៀត អាស៊ានចង់ឲ្យទំនាក់ទំនងរវាងសមាជិកនិមួយៗមានទំនាក់ទំនងរលូនរវាងគ្នាទៅវិញទៅមក អាស៊ានបានបង្កើតគោលការណ៍គ្រឹះដែលដាក់បញ្ជូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC)។
គោលការណ៍គ្រឹះ រួមមាន ប្រាំមួយចំណុចសំខាន់ៗ។ ទីមួយ៖ គោរពឯករាជភាព អធិបតេយភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិទៅវិញទៅមក។ ទីពីរ៖ សិទិ្ធក្នុងការដឹកនាំប្រទេសដោយគ្មានការលូកលាន់ បំផ្លិចបំផ្លាញ ឬបង្ខិតបង្ខំពីរដ្ឋដទៃ។ ទីបី៖ ការមិនលូកលាន់រឿងផ្ទៃក្នុងរបស់ប្រទេសដទៃ។ទីបួន៖ ការដោះស្រាយជម្លោះដោយសន្តិវិធី។ ទីប្រាំ៖ ការលះបង់ចោលនូវការប្រើអាវុធឬគំរាម។ ទីប្រាំមួយ៖ ការសហការដែលមានប្រសិទ្ធភាពក្នុងចំណោមប្រទេសសមាជិកទាំងអស់។ ជាងនេះទៅទៀត សហគមន៍អាស៊ានមានសរសរស្តម្ភបីរួមមាន សហគមន៍ នយោបាយសន្តិសុខ សហគមន៍សេដ្ឋកិច្ច ព្រមទាំងសហគមន៏សង្គមនិងវប្បធម៌។
សម្ព័ន្ធភាពរវាងអាស៊ាននិងប្រទេសក្រៅតំបន់
អាស៊ានចាប់ផ្ដើមទំនាក់ទំនងទ្វេភាគីជាផ្លូវការជាមួយអូស្ដ្រាលីក្នុងឆ្នាំ១៩៧៤ និងនូវែលសេឡង់ក្នុងឆ្នាំ១៩៧៥។ ចំណែកទំនាក់ទំនទ្វេភាគីជាផ្លូវការរវាងអាស៊ាន-ជប៉ុនចាប់ផ្ដើមក្នុងឆ្នាំ១៩៧៣ ប៉ុន្តែបញ្ចូលជាផ្លូវការក្នុងឆ្នាំ១៩៧៧។ ទំនាក់ទំនងរបស់អាស៊ាន និងអាមេរិក និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិក៏ចាប់ផ្ដើមជាផ្លូវការក្នុងឆ្នាំ១៩៧៧ផងដែរ។
រីឯចិននិងរុស្សី ប្រទេសទាំងពីរពីដើមឡើយមានទំនាក់ទំនងជាទីប្រឹក្សារបស់អាស៊ានតែប៉ុណ្ណោះក្នុងឆ្នាំ១៩៩១ រហូតដល់ឆ្នាំ១៩៩៦ចិននិងរុស្សីប្រែក្លាយជាដៃគូកិច្ចសន្ទនាទ្វេភាគីរបស់អាស៊ាន។
ទំនាក់ទំនងទ្វេភាគីរបស់អាស៊ានកកើតឡើងដោយការរួមបញ្ជូលគ្នានៃកត្តាក្នុងស្រុករបស់ប្រទេសសមាជិក កត្តាតំបន់ និងសកលលោក។ តាមពិតទៅអាស៊ានចងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសក្រៅតំបន់គ្រាន់តែចង់ស្វែងរកជំនួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់សមាជិកខ្លួនតែប៉ុណ្ណោះ។ប៉ុន្តែ គោលបំណងរបស់អាស៊ានត្រូវបានផ្លាស់ប្ដូរដោយសារតែកត្តាយុទ្ធសាស្ដ្រនៃសម្ព័ន្ធភាព ទើបអាស៊ានបង្វែរការចាប់អារម្មណ៍មករឱកាសទីផ្សារវិញ ដូចជាទីផ្សារពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ សេវាកម្ម វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សនិងការផ្ទេរបច្ចេកវិទ្យាជាដើម។
គួរបញ្ជាក់ថា ប្រព័ន្ធកិច្ចសន្ទនាទ្វេភាគីរបស់អាស៊ានកន្លងមកគឹជាការបើកទ្វារនិងការបង្ហាញរបស់អាស៊ានទៅកាន់ពិភពលោកទាំងមូល។ ការចូលរួមរបស់ប្រទេសមហាអំណាចដូចជាចិន អាមេរិកព្រមទាំងប្រទេសដទៃទៀតគឺជាគោលការណ៍នាំសារនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាតំបន់ជាមួយអាស៊ាន (the principle conduit of development cooperation with ASEAN as a region)៕
ឯកសារពិគ្រោះ
ទី១: សៀវភៅ INTERNATIONAL RELATION IN SOUTHEAST ASIA, THE STRUGGLE AUTONOMY. អ្នកនិពន្ធ DONALD E. WEATHERBEE