ភ្នំពេញ៖ អំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ បណ្ដាប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ បានប៉ះពាល់ខ្លាំងដល់វិស័យអប់រំ ហើយសិស្ស និស្សិតទាំងអស់ត្រូវផ្លាស់ប្ដូរទម្លាប់មកសិក្សាពីចម្ងាយតាមរយៈបច្ចេកវិទ្យាអ៊ីនធើណេតវិញ។ ការសិក្សាពីចម្ងាយតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា បានជំរុញសិស្ស និស្សិត ឲ្យយល់កាន់តែច្បាស់ពីបច្ចេកវិទ្យា និងទទួលបានចំណេះដឹងថ្មីផងដែរ។
កញ្ញា ច្រឹក គីមសុវណ្ណា ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានផ្លាស់ប្តូរទម្លាប់មកសិក្សាតាមរយៈបច្ចេកវិទ្យាអ៊ីនធើណេតវិញ រយៈពេល៤ខែហើយដែលចាប់តាំងពីសាលាប្រកាសផ្អាកការសិក្សា។ កម្មវិធីសិក្សាអនឡាញ តាមរយៈGoogle Meet, Zoom និង Google Classroom គឺជាកម្មវិធីថ្មីប្លែកសម្រាប់កញ្ញា គីមសុវណ្ណា ដែលមិនធ្លាប់បានសិក្សាពីមុន។
នៅពេលចាប់ផ្ដើមរៀនតាមរយៈបច្ចេកវិទ្យាដំបូងៗ និស្សិតវ័យ២០ឆ្នាំរូបនេះ យល់ថាវាពិបាក និងមិនចូលចិត្តទាល់តែសោះជាមួយការរៀនបែបនេះ។ ប៉ុន្តែក្រោយពីចំណាយពេលវេលាសិក្សាបន្ថែមពីការរបៀបប្រើប្រាស់ កញ្ញ គីមសុវណ្ណា ក៏យល់ច្បាស់ពីបច្ចេកវិទ្យាជាងមុន និងឲ្យតម្លៃខ្ពស់លើបច្ចេកវិទ្យាទាំងអស់នេះថា ពិតជាមានប្រយោជន៍ណាស់ដល់កញ្ញាក្នុងអំឡុងពេលវិបត្តិនេះ។
កញ្ញា ច្រឹក គីមសុវណ្ណា
កញ្ញា គីមសុវណ្ណា បានប្រាប់ ThmeyThmey25 តាមទូរស័ព្ទយ៉ាងដូច្នេះថា៖«មុនពេលកើតមានជំងឺកូវីដ-១៩ ខ្ញុំមិនដែលស្គាល់សោះពីកម្មវិធីសិក្សាទាំងអស់ហ្នឹង គេប្រើដើម្បីអី ហើយប្រើរបៀបម៉េចទេ»។
ក្រោយពីទទួលបានចំណេះដឹង និងរបៀបប្រើប្រាស់នៃកម្មវិធីអប់រំថ្មីនេះ វាជួយឱ្យកញ្ញា គីមសុវណ្ណា មានពេលសិក្សាស្រាវជ្រាវបន្ថែមទៀត លើកិច្ចការសាលា ដែលគ្រូដាក់ឲ្យធ្វើប្រចាំថ្ងៃ។ ជារៀងរាល់ព្រឹក និងពេលល្ងាច កញ្ញា ទទួលបានមេរៀនដែលគ្រូដាក់ឲ្យពីកម្មវិធី Google Classroom និងជួបពិភាក្សាជាមួយគ្រូ រួមទាំងមិត្តភក្ដិដទៃទៀតតាមកម្មវិធី Google Meet និង Zoom។
ទោះបីជាបច្ចេកវិទ្យាបានផ្ដល់ផលប្រយោជន៍ដល់ គីមវណ្ណា ក៏ពិតមែន តែយុវតីរូបនេះក៏ទទួលបានផលប៉ះពាល់ខ្លះទៅលើសុខភាពផងដែរ ។ និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖«នៅពេលខ្ញុំប្រើកុំព្យូទ័រ ឬទូរសព្ទច្រើនពេក ធ្វើឲ្យក្បាល និងភ្នែករបស់ខ្ញុំឈឺ ហើយមួយទៀតគឺខ្ញុំត្រូវចំណាយលុយច្រើនលើការភ្ជាប់អ៊ីនធើណេត និងបញ្ចូលកាតទូរសព្ទជាដើម»។ ប៉ុន្តែទោះបីជាបែបនោះក្ដី កញ្ញា ក៏ពេញចិត្តនូវការសិក្សាអប់រំតាមអនឡាញនេះ។
មិនខុសពី កញ្ញា គីមសុវណ្ណា ឡើយ កញ្ញា រដ្ឋា ដានីត្តា ក៏ជានិស្សិតកំពុងសិក្សាពីចម្ងាយតាមបច្ចេកវិទ្យាអ៊ីនធឺណេតដែរ។ ការផ្លាស់ប្ដូរទម្លាប់មកសិក្សាបែបនេះ វាជួយឲ្យ ដានីត្តា បានស្គាល់បច្ចេកវិទ្យាថ្មីៗ និងស្គាល់មិត្តភក្ដិថ្មីៗ ហើយក៏មិនបារម្ភពីការឆ្លងជំងឺ រួមទាំងចំណេញពេលវេលាសិក្សាច្រើន ដោយមិនចាំបាច់ចំណាយពេលជិះទៅសាលារៀន ដែលនៅឆ្ងាយពីផ្ទះនោះឡើយ។ មិនតែប៉ុណ្ណោះ ដានីត្តា ក៏អាចប្រើប្រាស់បច្ចេកវិទ្យានេះ សម្រាប់ទិញមុខទំនិញ ដែលខ្លួនត្រូវការទៀតផង។
កញ្ញា រដ្ឋា ដានីត្តា
និស្សិតឆ្នាំទី១ នៃសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះបាននិយាយដូច្នេះថា៖«ការប្រើប្រាស់បច្ចេកអំឡុងពេលនេះ មិនមែនតែការរៀនមួយមុខទេ ក្រៅពីហ្នឹងខ្ញុំអាចកម្មង់ទំនិញផ្សេងៗតាមកម្មវិធីក្នុងទូរសព្ទដោយប្រើបច្ចេកវិទ្យា ហើយវាធូរថ្លៃជាងទៅទិញដល់កន្លែង ព្រោះគេបញ្ចុះតម្លៃ និងដឹកឲ្យហ្វ្រីទៀតផង»។
ក្រៅពីការសិក្សា បច្ចេកវិទ្យានេះ ក៏ជួយឱ្យនិស្សិតអាចរកចំណូលបានផងដែរ។ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យកម្ពុជា កញ្ញា វុន ដានី បានប្រើប្រាស់បច្ចេកវិទ្យានេះ ទៅជារឿងមានប្រយោជន៍ផ្សេងទៀត ដូចជាអនុវត្តការហាត់ប្រាណ ,លក់ និងទិញផលិតផលតាមអនឡាញជាដើម។
«អំឡុងពេលនេះ ជាក់ស្ដែងយើងផ្ដោតខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យាហ្នឹងតែម្ដង ហើយអ្វីដែលសំខាន់បំផុតគឺការសិក្សា ហើយមួយទៀតគឺ ការរកចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា ដូចជាលក់ផលិតផលតាមអនឡាញជាដើម»។ នេះជាការបញ្ជាក់របស់ ដានី ដែលកំពុងស្រាវជ្រាវបន្ថែមលើការប្រើប្រាស់បណ្ដាញសង្គមយូធូបផងដែរ។ កញ្ញា ដានី មានបំណងចង់ធ្វើវីដេអូបង្ហោះក្នុងយូធូបនៅពេលណាមួយ ដើម្បីរកចំណូលបន្ថែម។
កញ្ញា វុន ដានី
រយៈពេល៥ខែហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យផ្អាកការសិក្សាតាមសាលារៀន ហើយបង្វែការសិក្សានោះ តាមរយៈអនឡាញវិញ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ តាមពិតទៅ មុនផ្ទុះជំងឺកូវីដ-១៩នេះ ការរៀននិងបង្រៀនអនឡាញក៏ជាផ្នែកមួយនៃចក្ខុវិស័យការអប់រំតាមបែបឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចងក្រងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ដែលបានបន្ថែមថា ក្រសួងបានបង្វែបញ្ហាប្រឈមលើការរៀនអនឡាញឱ្យទៅជាឱកាសពង្រឹងការអប់រំបែបឌីជីថល៕