កីឡាជាតិ
ជាតិ
កីឡាករ ឡៅ ចិ​ត្រា ដាក់​គោលដៅ​ដណ្តើមយក​មេដាយមាស​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
08, Aug 2020 , 11:49 am        
រូបភាព
កីឡាករ ឡៅ ចិត្រា (ខៀវ)ពេលទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៧
កីឡាករ ឡៅ ចិត្រា (ខៀវ)ពេលទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៧
ដោយ:
​អ្នកលេង​គុន​ខ្មែរ ឡៅ ចិ​ត្រា ដាក់​គោលដៅ​ដណ្តើមយក​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បើ​ខ្លួន​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ​។ ដើម្បី​ឈានទៅ​សម្រេច​មហិច្ឆតា​ខ្លួន ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​រូបនេះ ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។​

 
​ស្ថិតក្នុង​វ័យ​២២​ឆ្នាំ​កីឡាករ ឡៅ ចិ​ត្រា ហាក់​ទទួលបាន​ជោគជ័យ​គួរសម​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ក្រោយ​ប្រឡូក​អស់​រយៈពេល​ប្រមាណ​៦​ឆ្នាំ​កន្លងមកនេះ​។ ក្រៅពី​ខ្សែក្រវាត់​នៅ​សង្វៀន​បាយ័ន​ឆ្នាំ​២០១៧ និង​ខ្សែក្រវាត់​មាស​នៅ​សង្វៀន​របស់ PNN ចិ​ត្រា ធ្លាប់​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពីរ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ឥណ្ឌូណេស៊ី​។  
 
 
 
​នៅ​ឆ្នាំ​២០២៣ ខាងមុខ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ជា​លើកដំបូង​។ ជាមួយគ្នានេះ​កីឡាករ ឡៅ ចិ​ត្រា បានបង្ហាញ​ពី​គោលបំណង និង​មហិច្ឆតា​ខ្លួន​ថា រូបគេ នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​សម្រេច​គោលដៅ​ក្នុងការ​ដណ្តើមយក​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​រូបនេះ​បានបង្ហាញ​ការប្តេជ្ញា​ដូច្នេះ​ថា​៖«​សម្រាប់​ស៊ី​ហ្គេម​នៅ​វៀតណាម​មានតែ​ព្យាយាម​ខំប្រឹង​ពី​ឥឡូវ​ទៅ ដើម្បី​ពង្រឹងសមត្ថភាព​យើង​ទៅមុខ​(​ឲ្យ​កាន់តែខ្លាំង​) ហើយ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ព្យាយាម បើ​មានឱកាស​នឹង​ប្រកួត​យក​ជ័យលាភី​លេខ​១​។ សម្រាប់​ខ្ញុំ​បើ​ស៊ី​ហ្គេម​គោលបំណង​មានតែ​មេដាយមាស ដែលជា​គោលបំណង​ធំ​របស់ខ្ញុំ​»​។ 
 
​ក្នុង​បទ​សម្ភាស​នោះដែរ កីឡាករ ឡៅ ចិ​ត្រា ក៏បាន​ចែករំលែក​បទពិសោធ​ពី​ការហ្វឹកហាត់ និង​កត្តា​ដែល​ជួយ​ឲ្យ​ខ្លួន​ទទួលបាន​ជោគជ័យ​ផងដែរ​។ សម្រាប់ ចិ​ត្រា ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​មាន​សមត្ថភាព​ខ្លាំង​មួយរូប កីឡាករ​គ្រប់រូប​ត្រូវមាន​ការបែងចែក​ពេល​វេលា​ហ្វឹកហាត់​ឲ្យ​បានច្បាស់លាស់ ស្តាប់​ដំបូន្មាន​គ្រូបង្វឹក ជាពិសេស​ត្រូវ​ឧស្សាហ៍​ព្យាយាម និង​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​។  
 
​កីឡាករ ឡៅ ចិ​ត្រា បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុងអំឡុង​ឆ្នាំ​២០១៤ ជាមួយ​គោលបំណង​ចង់​សាង​ភាពល្បីល្បាញ​ដូច​បងប្រុស​ខ្លួន គឺ​កីឡាករ ឡៅ ស៊ី​ណាត និង​កីឡាករ ឡៅ ចន្ទ្រា​។ ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ បាន​ប្រមាណ​៤​ឆ្នាំ អ្នក​ប្រដាល់​មកពី​កំពង់ស្ពឺ​រូបនេះ ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ឲ្យ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៧ ក្រោយ​រូបគេ​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​។ 
 
​នៅ​ឆ្នាំ​២០១៧ នេះហើយ ដែល ចិ​ត្រា មានឱកាស​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី តំណាង​ឲ្យ​កម្ពុជា​ជា​លើកដំបូង​ក្នុងការ​ប្រកួត​អន្តរជាតិ​។ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង ចិ​ត្រា មិនទាន់​អាច​សម្រេច​មហិច្ឆតា​រប​ស់​ខ្លួន​បាន​នោះទេ ដោយ​គេ​ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ ក្រោយ​ប្រកួត​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី និង​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដោយ​ពិន្ទុ​។ នៅពេលនោះ​កីឡាករ ឡៅ ចិ​ត្រា មាន​បញ្ហា​សុខភាព ដែល​នាំ​ឲ្យ​កម្លាំង និង​ស៊ុះ​របស់គេ​ធ្លាក់ចុះ​។​
 
​ក្រោយមក​នៅ​ឆ្នាំ​២០១៩ រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ឲ្យ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​នេះ ចិ​ត្រា នៅតែ​មិនអាច​ស្វែងរក​ជ័យលាភី​ល្អ​ជូន​ជាតិ​ដដែល ដោយ​រូបគេ​ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ​។ ទោះបី​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ហាក់​មិន​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ តែ​រូបគេ​មាន​ភាព​លេចធ្លោ​នៅក្នុង​ក្របខណ្ឌ​ជាតិ​។ 
 
​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ពីរ​រដូវ​កាល​ជាប់​គ្នា​រូបនេះ អះអាងថា វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មិន​ត្រឹមតែ​ជួយ​លើក​កិត្តិយស​ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​លើកតម្កើង​ជីវភាព​គ្រួសារ​ឲ្យ​មាន​ភាពល្អប្រសើរ​ទៀតផង​។ តែ​ត្រង់ចំណុច​នេះ ចិ​ត្រា មិនបាន​បញ្ជាក់​លម្អិត​នោះទេ គ្រាន់តែ​អះអាងថា មុន​ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យនេះ​គ្រួសារ​គេ​មាន​ជីវភាព​លំបាក តែ​ក្រោយ​រូបគេ និង​បងប្រុស​ចូលប្រឡូក​ក្នុង​វិស័យនេះ ក៏​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ខ្លួន​មាន​ភាពល្អប្រសើរ​ឡើងវិញ​។ 
 
​បច្ចុប្បន្ន​កីឡាករ ឡៅ ចិ​ត្រា កំពុង​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ នៅ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡៅ ចិ​ត្រា​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com