COVID-19
អន្តរជាតិ
ការ​ប្រជែង​របស់​រុស្ស៊ី​ដើម្បី​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩​បង្ករ​ការព្រួយបារម្ភ​ដល់​បស្ចិមប្រទេស​
08, Aug 2020 , 7:59 pm        
រូបភាព
​ក្រុម​អ្នក​ជីករណ្ដៅ​ដែល​ស្លៀក​សម្លៀកបំពាក់​ការពារ​ខ្លួន កំពុង​កប់​សាកសព​មនុស្ស​ម្នាក់​ដែល​គេ​សន្ម​ត់​ថា​បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​ជាយក្រុង Saint Petersburg ប្រទេស​រុស្ស៊ី កាលពី​ខែមិថុនា ២០២០​។​
​ក្រុម​អ្នក​ជីករណ្ដៅ​ដែល​ស្លៀក​សម្លៀកបំពាក់​ការពារ​ខ្លួន កំពុង​កប់​សាកសព​មនុស្ស​ម្នាក់​ដែល​គេ​សន្ម​ត់​ថា​បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​ជាយក្រុង Saint Petersburg ប្រទេស​រុស្ស៊ី កាលពី​ខែមិថុនា ២០២០​។​
ដោយ: VOA
​ប្រទេស​រុស្ស៊ី​បាន​អួតអាង​ថា ខ្លួន​នឹង​ក្លាយជា​ប្រទេស​ទី​១​ដែល​នឹង​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូ​វីដ​១៩ ដោយ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​នឹង​ធ្វើឡើង​នៅ​ដើមខែ​តុលា​ខាងមុខ ដោយ​វ៉ាក់សាំង​ដែល​មិនទាន់​បញ្ចប់​ការពិសោធន៍​នៅឡើយ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ភ្ញាក់ផ្អើល​ព្រោះ​ការ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​នេះ​អាច​នឹងមាន​ផល​មិនល្អ​វិញ​។​

 
​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មើលឃើញ​ពី​ជោគជ័យ​របស់ខ្លួន​ដូច​ការប្រកួត​បង្ហោះ​ផ្កាយរណប​ទៅ​ទី​អវកាស​ដែល​សហភាពសូវៀត​បាន​បាញ់​បង្ហោះ​មុនគេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៥៧​។ ប៉ុន្តែ​ការពិសោធន៍​វ៉ាក់សាំង​កូ​វីដ​១៩​បាន​ចាក់​ដំបូង​លើ​មនុស្ស​តែ​ប៉ុន្មាន​សិប​នាក់​កាលពី​មិន​ដល់​២​ខែ​មុន​ផង​ហើយក៏​មិនមាន​ភស្តុតាង​ផ្នែក​វិទ្យាសាស្ត្រ​ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​សម្រាប់​គាំទ្រ​ដល់​ការប្រកួតប្រជែង​រក​វ៉ាក់សាំង​ដែល​រុស្ស៊ី​ទើបតែ​ចូលរួម​ក្រោយ​គេ​នេះ​ទេ​។ ដូច្នេះ គឺ​គ្មាន​អ្វីដែល​យកមក​បញ្ជាក់​ថា​រុស្ស៊ី​គួរតែ​ជា​អ្នក​នាំមុខគេ​ឡើយ​។​
 
​លោក​ឡូ​រឹន ហ្គូ​ស​ស្ទី​ន (Lawrence Gostin) អ្នកជំនាញ​ច្បាប់​សុខាភិបាល​ពិភពលោក​នៃ​សាកលវិទ្យាល័យ Georgetown បាន​ថ្លែងថា​៖ «​ខ្ញុំ​ព្រួយបារម្ភ​ថា​រុស្ស៊ី​នឹង​លេង​ផ្លូវ​កាត់​ដូច្នេះ​វ៉ាក់សាំង​ដែល​នឹង​ផលិត​ចេញមក​ប្រហែលជា​មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ទេ​គឺ​ថែមទាំង​មិនមាន​សុវត្ថិភាព​ទៀតផង​។ ដំណើរការ​ផលិត​គឺ មិន​ដូច្នេះ​ទេ គេ​ត្រូវ​សាកល្បង​ជាមុនសិន​។ នេះ​ជា​ដំណើរការ​សំខាន់​ណាស់​»​។​
 
​បើ​យោងតាម​លោក​គី​រី​ល ដឺ​មី​ទ្រី​វ (Kirill Dmitriev) ប្រធាន​មូលនិធិ​វិនិយោគទុន​ដោយផ្ទាល់​របស់​រុស្ស៊ី​ដែល​គាំទ្រ​ការស្រាវជ្រាវ​នេះ គឺ​វ៉ាក់សាំង​ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ​កា​ម៉េ​ឡេ​យ៉ា​នៅក្នុង​ទីក្រុង​មូ​ស្គូ​ផលិត​ប្រហែលជា​នឹងត្រូវ​អនុម័ត​ឲ្យ​ប្រើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះហើយ​គឺ​នៅមុន​ពេលដែល​អ្នកវិទ្យាសាស្ត្រ​បញ្ចប់​ការសិក្សា​នៅ​ដំណាក់កាល​ទី​៣​។ ការសិក្សា​នៅ​ដំណាក់កាល​ទី​៣​ដែលជា​ដំណាក់កាល​ចុងក្រោយ​គឺ​ប្រើ​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ដើម្បី​បញ្ជាក់ថា​វ៉ាក់សាំង​ពិសោធន៍​នោះ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com