សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ថ្កោលទោស​អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​លើ​ប្រមុខ​ដឹកនាំ​ហុងកុង​និង​មន្ត្រី​ចិន
08, Aug 2020 , 3:09 pm        
រូបភាព
​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែសីហា បានប្រកាស​ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល និង​មន្ត្រី​សំខាន់ៗ​របស់​ហុងកុង ក៏ដូចជា​មន្ត្រី​ចិន​ជាច្រើន​នាក់​ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុងការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស​។ ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការហាមឃាត់​រកស៊ី ជា​វិធានការ​ប្រឆាំង​មន្ត្រី​ហុងកុង និង​ចិន​ទាំងនេះ​។ ចិន ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​នឹង​ការដាក់ទណ្ឌកម្ម​បែបនេះ​។​

 
​មន្ត្រី​ហុងកុង​ដែល​ត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម​មា​ន ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស ការី ឡាំ រដ្ឋមន្ត្រី​យុត្តិធម៌ សន្តិសុខ ស្នងការ​ប៉ូលិស​បច្ចុប្បន្ន និង​អតីត​ស្នងការ​មុន​។ ចំណែក​មន្ត្រី​ចិន​ដែល​រង​ទណ្ឌកម្ម​នេះដែរ​មាន លោក Luo Huining តំណាង​ចិន​ប្រចាំ​ហុងកុង អនុប្រធាន​ពីរ​នាក់​នៃ​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​នៃ​ក្រុមប្រឹក្សារដ្ឋ និង​ប្រធាន​ទីភ្នាក់ងារ​ឃ្លាំង​មើល​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​។​
 
​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​៨ ខែសីហា ការិយាល័យ​ទំនាក់ទំនង​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន បាន​ថ្កោលទោស​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ដោយ​ចាត់ទុកជា​ទង្វើ​ហួសហេតុ​។ ការិយាល័យ​តំណាង​រដ្ឋាភិបាល​ចិន​ដដែល​នេះ បញ្ជាក់​ច្បាស់​ថា ចិន​មិន​ខ្លាច​សកម្មភាព​ហួសហេតុ​របស់​អាមេរិក​ឡើយ ហើយ​វា​ក៏​មិនអាច​ផ្លាស់ប្ដូរ​ជំហរ​ចិន​ឲ្យ​ស្របតាម​អាមេរិក​បានដែរ​។ 
 
​ទណ្ឌកម្ម​ដែល​ប្រកាស​ដោយ​ក្រសួង​រតនាគារ​អាមេរិក អនុវត្តតាម​បញ្ជា​ប្រតិបត្តិ​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​កាលពី​ខែ​មុន​។ មន្ត្រី​ហុងកុង និង​ចិន​ដែល​ជាប់​ឈ្មោះ​ទាំងអស់ នឹងត្រូវ​អាមេរិក​បង្កក​ទ្រព្យសម្បត្តិ​ដែលមាន​នៅ​អាមេរិក និង​ការហាម​ប្រាម​ការរកស៊ី​ជាមួយ​ផងដែរ​។ 
 
​សម្រាប់​អ្នកស្រី ការី ឡាំ អាមេរិក​លើក​ហេតុផល​ដើម្បី​ទណ្ឌកម្ម​ថា ជា​អ្នកអនុវត្ត​គោលនយោបាយ​គាបសង្កត់​សេរីភាព និង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​ប៉េកាំង​។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​អាមេរិក បាន​ចុច​យក​តួនាទី​របស់​អ្នកស្រី​ក្នុងការ​ប៉ុនប៉ង​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន និង​សកម្មភាព​ថ្មីៗ​នេះ​ក្នុងការ​អភិវឌ្ឍ អនុម័ត ឬ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដែល​សភា​ចិន​អនុម័ត​កាលពី​ខែមិថុនា​កន្លងទៅ​។ ចំណែក​មន្ត្រី​ឯទៀត ត្រូវបាន​អះអាងថា ដើរតួ​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​ដែលមាន​គោលនយោបាយ ឬ​សកម្មភាព​ដែល​គំរាម​សន្តិសុខ សន្តិសុខ ស្ថិរភាព និង​ស្វ័យភាព​របស់​ហុងកុង​។ 
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា ចិន​បានធ្វើ​សកម្មភាព​ដែល​មិន​អនុញ្ញាត​ឲ្យ​ហុងកុង​រីករាយ​នឹង​ស្វ័យភាព​កម្រិត​ខ្ពស់​ដែល​ចិន​ផ្ទាល់​ជា​អ្នក​សន្យា​ឲ្យ​ពលរដ្ឋ​ហុងកុង​សម្រាប់​រយៈពេល​៥០​ឆ្នាំ​។ ចំណែក​រដ្ឋមន្ត្រី​រតនា​គារ Steven Mnuchin បញ្ជាក់ថា អាមេរិក​ឈរ​ជាមួយ​ប្រជាជន​ហុងកុង ហើយ​អាមេរិក​នឹង​ប្រើ​អំណាច និង​ឧបករណ៍​ដែល​ខ្លួន​មាន​ដើម្បី​កំណត់​មុខសញ្ញា​អ្នក​បំផ្លាញ​ស្វ័យភាព​ហុងកុង​។ 
 
 

Tag:
 ចិន​
  អាមេរិក​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com