ជាតិ
«ទឹកធ្លាក់ជ្រាវ» នៅអមលាំងខេត្តកំពង់ស្ពឺ ទីលំហែកាយដ៏ត្រជាក់ត្រជំនាថ្ងៃឈប់សម្រាក
× ទឹកធ្លាក់ជ្រាវ ជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំភ្ញៀវទេសចរទៅកម្សាន្ត ក្នុងពេលឈប់សម្រាកជំនួសពេលចូលឆ្នាំនាពេលខាងមុខ។ ទឹកធ្លាក់ជ្រាវ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
ចាប់ពីថ្ងៃទី១៧-២១ ខែសីហាខាងមុខ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីចំនួន ៥ថ្ងៃ។ ប្រជាពលរដ្ឋ ដែលមានគម្រោងធ្វើដំណើរកម្សាន្ត អាចជ្រើសរើសរមណីយដ្ឋាន «ទឹកធ្លាក់ជ្រាវ» នៅខេត្តកំពង់ស្ពឺ សម្រាប់លំហែកាយ និងកម្សាន្តសប្បាយនាថ្ងៃឈប់សម្រាក។
«ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឲ្យទេសចរងូតលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង។ លើសពីនេះ ភ្ញៀវទេសចរអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ។ សម្រាប់ទេសចរដែលចង់ទៅបោះតង់គួតែទាក់ទងជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការវង្វេងក្នុងព្រៃ។ នេះបើយោងតាមការៀបរាប់របស់លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។
តំបន់ទេសចរណ៍ជ្រាវ បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលភ្ញៀវទេសចរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លើកឡើងថា៖ « យើងបានត្រៀមខ្លួនក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដូចជា ទឹកជ្រោះជ្រាវ រមណីយដ្ឋានគីរីរម្យក្រោម ឧទ្យានជាតិគីរីរម្យ ភ្នំខ្នងផ្សា និងតំបន់ទេសចរណ៍ផ្សេងទៀត ត្រូវមានការរៀបចំទទួលភ្ញៀវទេសចរនៅពេលឈប់សម្រាកខាងមុខ ទៅលើសេវាកម្មម្ហូបអាហារ និងមានការអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ដែលក្នុងសហគមន៍គាត់មាន»។
សូមជម្រាបផងដែរថា ក្នុងមួយខែ ទឹកជ្រោះជ្រាវអាចទទួលបានប្រហែលបានភ្ញៀវទេសចរប្រហែល ៦០០នាក់ ទៅ ៧០០នាក់ និងសម្រាប់ថ្ងៃឈប់សម្រាកអាចមានភ្ញៀវទេសចររហូតរាប់ពាន់នាក់។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅទឹកជ្រោះជ្រាវ មានទីតាំងស្ថិតនៅ ឃុំអមលាំង ស្រុកថ្ពង មានចម្ងាយ៧១គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ៕
រូបភាពមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com