សង្គមអន្តរជាតិ​
អន្តរជាតិ
មន្ត្រី​អាមេរិក​៖ រុស្ស៊ី និង​អ៊ីរ៉ង់ នឹង​លូកលាន់​ការបោះឆ្នោត​ខែវិច្ឆិកា ឯ​ចិន​ចង់​ឲ្យ​លោក ត្រាំ ចាញ់​
08, Aug 2020 , 9:29 pm        
រូបភាព
លោក William Evanina នាយកមជ្ឈមណ្ឌលជាតិប្រឆាំងចារកម្ម និងសន្តិសុខអាមេរិក។ រូបភាព AFP
លោក William Evanina នាយកមជ្ឈមណ្ឌលជាតិប្រឆាំងចារកម្ម និងសន្តិសុខអាមេរិក។ រូបភាព AFP
​មន្ត្រីជាន់ខ្ពស់​ផ្នែក​ប្រឆាំង​ចារកម្ម​របស់​អាមេរិក William Evanina បាន​ព្រមាន​នៅ​ថ្ងៃទី​៧ ខែសីហា ថា ចិន រុស្ស៊ី និង​អ៊ីរ៉ង់ នឹង​បង្កបញ្ហា​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក និង​សភា​ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ លោក Evanina ថែមទាំង​បញ្ជាក់​ច្បាស់​ថា ទីក្រុង​មូ​ស្គូ បានធ្វើ​សកម្មភាព​រួចហើយ​ក្នុងការ​បង្អាក់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន ដែលមាន​ជំហរ​ប្រឆាំង​រុស្ស៊ី ខណៈ​ចិន​វិញ​ចង់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ចាញ់ឆ្នោត​។​

 
​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ដ៏​កម្រ​មួយ លោក William Evanina ដែលជា​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ចារកម្ម និង​សន្តិសុខ អះអាងថា ចិន រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ចែកចាយ​ព័ត៌មាន​មិន​ពិត សំដៅ​បង្កើតជា​ឥទ្ធិពល​ដល់​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត បញ្ឆេះ​ឲ្យ​មាន​អ​សណ្ដាប់ធ្នាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​អ្នកបោះឆ្នោត​អាមេរិក​លើ​ដំណើរការ​ប្រជាធិបតេយ្យ​។​
 
«​យើង​វាយតម្លៃ​បាន​ថា ចិន​ចង់​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ខ្លួន​ចាត់ទុកជា​មេដឹកនាំ​ពិបាក​ស្មាន ចាញ់​ការបោះឆ្នោត​។​» លោក Evanina បញ្ជាក់​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៧ ខែសីហា ដោយ​បន្ថែមថា ចិន​បាន​ពង្រីក​ឥទ្ធិពល​មុន​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា ក្នុង​គោលដៅ​កែប្រែ​បរិយាកាស​នយោបាយ​អាមេរិក​, ដាក់​សម្ពាធ​លើ​បុគ្គល​នយោបាយ​ដែលមាន​គំនិត​ប្រឆាំង​ចិន ក៏ដូចជា​បង្វែរ និង​ឆ្លើយតប​ការរិះគន់​លើ​ចិន​ជាដើម​។  
 
​ការរិះគន់​ឌឺដង​ផ្លែផ្កា​ចំណាត់ការ​របស់​រដ្ឋបាល​លោក ត្រាំ ទៅនឹង​ការ​រាលដាល​ជំងឺ COVID-19 ការបិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ឆឹង​ទូ ក៏ដូចជា​ជំហរ​របស់​អាមេរិក​លើ​បញ្ហា​ហុងកុង និង​សមុទ្រ​ចិន​ខាងត្បូង សុទ្ធតែជា​កត្តា​ដែល​លោក Evanina លើកឡើង​ដើម្បី​គាំទ្រ​ការអះអាង​របស់ខ្លួន​។ សម្រាប់​មន្ត្រី​ប្រឆាំង​ចារកម្ម​រូបនេះ ទីក្រុង​ប៉េកាំង​ជឿថា ប្រធានបទ​ទាំងអស់នេះ ទំនងជា​អាច​ប្រើប្រាស់​ដើម្បី​ជះឥទ្ធិពល​នៅក្នុង​ការបោះឆ្នោត​នៅ​អាមេរិក​។​
 
​សម្រាប់​រុស្ស៊ី​វិញ លោក Evanina បញ្ជាក់ថា ទីក្រុង​មូ​ស្គូ មាន​ធ្វើ​សកម្មភាព​រួចហើយ​។ អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​គោលដៅ​របស់​រុស្ស៊ី​នៅ​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០២០ គឺ​លោក ចូ បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដូចគ្នា​។ មន្ត្រី​អាមេរិក​រូបនេះ​បាន​និយាយ​ដល់​ឈ្មោះ លោក Andriy Derkach អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​ដែល​គាំទ្រ​រុស្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​រឿងអាស្រូវ​ពុករលួយ​ដើម្បី​បង្ខូច​លោក បៃ​ឌិន និង​បក្ស​ប្រជាធិបតេយ្យ​។​
 
​ជាមួយគ្នានេះ អ៊ីរ៉ង់​វិញ ក៏​នឹង​ទំនងជា​ប្រើ​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ចែកចាយ​ព័ត៌មាន​មិន​ពិត ក្នុងន័យ​វាយប្រហារ​ស្ថាប័នរដ្ឋ​អាមេរិក និង​ប្រធានាធិបតី ត្រាំ ព្រមទាំង​ធ្វើ​ឲ្យ​មានការ​ពេញចិត្ត​ក្នុងចំណោម​អ្នកបោះឆ្នោត​អាមេរិក​។ នេះ​ជាការ​ព្រមាន​របស់លោក Evanina ៕
 
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  ចិន​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com