ជាតិ
ដើម្បីចិញ្ចឹមបង្កងជោគជ័យ ត្រូវយកចិត្តទុកដាក់លើកត្តា៣យ៉ាង រូបភាពពីកសិដ្ឋានចិញ្ចឹមបង្កងខេត្តកំពង់ចាម
× ការរៀបចំស្រះចិញ្ចឹម ការជ្រើសរើសពូជ និងការផ្ដល់ចំណី ដំណាក់កាលទាំង៣ សំខាន់ក្នុងការចិញ្ចឹមបង្កង។ នេះបើតាមការដកស្រង់ចេញពីសៀវភៅបច្ចេកទេសកសិកម្ម ដោយនាយកដ្ឋានវារីវប្បកម្ម នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។
ការរៀបចំស្រះចិញ្ចឹម៖ ទីតាំងជីកស្រះគួរនៅតំបន់មានប្រភពទឺកគ្រប់គ្រាន់ និងជាប្រភពទឹកសាប គ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និងគ្មានកាកសំណល់ពីរោងចក្រ។ កន្លែងជីកស្រះគួរជាប្រភេទដីល្បាយលាយឥដ្ឋ ឬលាយខ្សាច់តិចតួច ដើម្បីអាចរក្សាទឹកបានយូរ។ ស្រះចិញ្ចឹមត្រូវមានប្រព័ន្ធបញ្ចេញបញ្ចូលទឹក។
សម្រាប់បាតស្រះត្រូវបាចកំបោរសឲ្យសព្វ ដើម្បីសម្លាប់មេរោគ និងកែលំអរកម្រិត pH ឬកម្រិតជាតិជូរនៃទឹក។ ចំពោះស្រះថ្មីត្រូវបាចកំបោរក្នុងបរិមាណ ៣ ទៅ ៥គីឡូ ក្នុង១០០ម៉ែត្រការ៉េ ដោយឡែកស្រះចាស់គួរប្រើក្នុងបរិមាណ ៧ ទៅ ១០គីឡូក្នុង ១០០ម៉ែត្រការ៉េ។
ការជ្រើសរើសពូជ៖ គួរទិញពូជបង្កងពីកសិដ្ឋានផលិតពូជដែលមានទំនុកចិត្ត ហើយកូនបង្កងល្អមានប្រវែង ៣សង់ទីម៉ែត្រឡើងទៅ។ កូនបង្កងមានសុខភាពល្អយើងអាចមើលដឹងតាមរយៈពុកមាត់របស់វាស្របគ្នា និងដងខ្លួនវាមានពណ៌ខៀវថ្លា។ សម្រាប់កូនបង្កងដែលមានជំងឺ ខ្លួនរបស់វាមានពណ៌សស្រអាប់ ហើយគំរបកំភ្លៀងរបស់វាមានពណ៌ខ្មៅ។
ការផ្ដល់ចំណី៖ ការផ្ដល់ចំណីក្នុងបរិមាណគ្រប់ល្មមមិនគួរលើសនោះទេ។ យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ដែលមានសារធាតុ ប្រូតេអ៊ីន លីពីត កាល់ស្យូម ផូស្វរ និងសែឡុយឡូស។ ចំពោះចំណីគ្រាប់ ឬចំណីកែច្នៃ អាចផ្ដល់ឲ្យបង្កងខែដំបូង និងខែបន្ទាប់។ ដោយឡែកចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្ដាម ខ្យងជាដើម។
សម្រាប់រយៈពេលនៃការប្រមូលផលបង្កងចាប់ពីរយៈពេល ៤ ទៅ ៥ខែ បង្កងមានទម្ងន់មធ្យមចាប់ពី ៣០ ទៅ ៥០ក្រាមក្នុង ១ក្បាល។ យ៉ាងណាមិញចំណុចសំខាន់ទាំង៣ ខាងលើគ្រាន់តែជាគន្លឹះមួយចំនួន ដើម្បីជំរុញក្នុងការចិញ្ចឹមបង្កងប៉ុណ្ណោះ៕
Tag:
ចិញ្ចឹមបង្កង
វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com