អន្តរជាតិ
មនុស្សច្រើនជាង៦០នាក់ បន្តបាត់ខ្លួនបួនថ្ងៃក្រោយការផ្ទុះកក្រើកទីក្រុងបេរូត គំនរផេះផង់ក្រោយការផ្ទុះឃ្លាំងអាម៉ូញ៉ូមនីត្រាតនៅរដ្ឋធានីបេរូត ប្រទេសលីបង់។ រូបភាព AFP
× មនុស្សច្រើនជាង៦០នាក់ នៅបន្តបាត់ខ្លួនបួនថ្ងៃក្រោយការផ្ទុះដ៏កក្រើកដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់។ នៅថ្ងៃស្អែក កិច្ចប្រជុំអន្តរជាតិមួយ នឹងរៀបចំឡើងដើម្បីប្រមូលថវិកាជួយស្ដាររដ្ឋធានីបេរូតឡើងវិញ។
មន្ត្រីក្រសួងសុខាភិបាលលីបង់ និយាយនៅថ្ងៃទី៨ ខែសីហាថា អាជ្ញាធរកំពុងស្វែងរកមនុស្សបាត់ខ្លួនក្នុងហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាតប្រមាណ២,៧០០ពាន់តោនកាលពីថ្ងៃទី៤ ខែសីហា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
គិតត្រឹមថ្ងៃទី៨ នេះ មនុស្ស១៥៤នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏សោកសៅនេះ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានសាកសព២៥ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។ «បន្ថែមពីលើនោះ មនុស្សច្រើនជាង៦០នាក់ កំពុងបាត់ខ្លួន។» មន្ត្រីក្រសួងសុខាភិបាលលីបង់បញ្ជាក់បែបនេះ។ ដោយឡែកនៅថ្ងៃទី៧ ខែសីហា រដ្ឋមន្ត្រីសុខាភិបាលប្រទេសនេះនិយាយថា អ្នករបួសយ៉ាងតិច១២០នាក់ក្នុងចំណោមអ្នករបួសជាង៥ពាន់នាក់ មានអាការធ្ងន់ធ្ងរ។
ប្រទេសជាច្រើនបានបញ្ជូនជំនួយជាសម្ភារ និងអ្នករុករកទៅកាន់លីបង់ដើម្បីចូលរួមក្នុងប្រតិបត្តិការសង្គ្រោះ។ បារាំងដែលជាអតីតម្ចាស់អាណានិគមលីបង់ ចេញមុខខ្លាំងជាងគេ ដោយប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ធ្វើដំណើរទៅកាន់ទីក្រុងបេរូតដោយផ្ទាល់ទៀតផងនោះ។
នៅទីនោះ ប្រជាជនលីបង់ដែលអស់សង្ឃឹមលើរដ្ឋាភិបាលខ្លួន បានអំពាវនាវឲ្យបារាំងជួយពួកគេដោយផ្ទាល់។ លោក ម៉ាក្រុង សន្យាផ្ដល់ជំនួយទៅកាន់អង្គការនានាដោយមិនឆ្លងរដ្ឋាភិបាលលីបង់ឡើយ។
នៅថ្ងៃទី៩ ខែសីហា សន្និសីទពិភពលោកមួយ នឹងធ្វើឡើងដើម្បីកៀរគរថវិកាសម្រាប់លីបង់។ បារាំង ជាអ្នករៀបចំជំនួបតាមអនឡាញនេះជាមួយអង្គការសហប្រជាជាតិ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសចូលរួមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com