ជាតិ
សុខភាព
អ្នក​ឆ្លង​ជំងឺ​ឈី​ក កើន​ដល់​ជាង​២​ពាន់​នាក់ តែ​៩០​ភាគរយ បានជា​សះស្បើយ​វិញ​
08, Aug 2020 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​កម្ពុជា​២០៤៧​នាក់​ហើយ ក្នុង​ខេត្ត​១៥ នៅ​កម្ពុជា បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៨ ខែសីហា​នេះ ដោយ​បញ្ជាក់ថា ក្នុងចំណោម​អ្នក​សង្ស័យ​កើត​ជំងឺ​ឈី​ក​ទាំងនេះ មាន​១១៨៤​នាក់ ស្មើនឹង​៥៨​ភាគរយ កើត​លើ​មនុស្សពេញវ័យ មាន​ជាង​៣០​ភាគរយ​កើត​លើ​កុមារ​អាយុ​លើស​៥​ឆ្នាំ និង​មាន​ជាង​១១​ភាគរយ​ទៀត កើត​លើ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​។



​សេចក្តីជូនដំណឹង ដែល​ចេញ​ដោយ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន អ្នក​ដែល​កើត​ជំងឺ​គ្រុន​ឈី​ក​នេះ បានជា​សះស្បើយ​ប្រមាណ​៩០​ភាគរយ​ហើយ (​ជាង​១៨០០​នាក់​) និង​មាន​ត្រឹម​១០​ភាគរយ​ប៉ុណ្ណោះ (​ជាង​២០០​នាក់​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។  ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ មាន​៨០​ភាគរយ នៅ​ខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និង តាកែវ​។ 
 
​ខេត្ត​១១​ទៀត ដែលមាន​វត្តមាន​នៃ​ជំងឺ​ឈី​ក​នេះដែរ គឺ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន ព្រះវិហារ  ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្តាល កំពង់ធំ បាត់ដំបង និង ព្រះសីហនុ​។ 
 
​ជំងឺ​គ្រុន​ឈី​ក​នេះ គឺ​បង្កឡើង​ដោយ​មេរោគ​ឈី​ក ហើយ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ខ្លា​ញី​ខាំ ជាពិសេស​មូស​ខាំ​នៅពេល​ថ្ងៃ​។ ភ្នាក់ងារ​ចម្លង គឺ​សត្វ​មូស​ប្រភេទ​ក្រុម​អា​អេ​ដេ​ស (Aedes Aegypti and Aedes Albopictus) ដែល​ដូចគ្នា​ទៅនឹង​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ផងដែរ​។ បើតាម​ក្រសួងសុខាភិបាល រោគសញ្ញា​នៃ​ជំងឺ​នេះ គឺ​ក្រៅពី​ក្តៅខ្លួន មា​នក​ន្តួ​ល​ក្រហម​លើ​ស្បែក និង​ជើង​សន្លាក់ដៃ​-​ជើង រួមទាំង មាន​អាការ​ឈឺក្បាល ក្អូ​ត​ចង្អោរ និង​អស់កម្លាំង​។ 


 
​ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​នេះ ក្រសួងសុខាភិបាល​បាន​ណែនាំ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​លុបបំបាត់​ជម្រក​មូស​ខ្លា ដោយ​ធ្វើ​អនាម័យ​សម្អាត​ជុំវិញ​ផ្ទះ ការពារ​កុំ​ឲ្យ​មានទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ ដោយ​លុបបំបាត់​ថ្លុក សំបក​កំប៉ុង សំបក​កង់ឡាន ត្រឡោក​ដូង ធុង​ទឹក ផើងផ្កា និង​ត្រូវដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាងទឹក ឬ​អាង​ស្តុក​ទឹក ជា​រៀងរាល់​សប្តាហ៍​។ ជាមួយគ្នានេះ ពលរដ្ឋ​ត្រូវ​ស្លៀកពាក់​សម្លៀកបំពាក់​ដៃ​វែង​ជើងវែង និង​ពាក់​ស្រោមជើង ដោយ​ធ្វើយ៉ាងណា​គ្របដណ្តប់​ភាគច្រើន​នៃ​រាងកាយ​ឲ្យ​ជិត​។ 
 
​ពលរដ្ឋ​គួរប្រើ​ថ្នាំ​បាញ់ Spray ឬ​លាប Repellent កុំ​ឲ្យ​មូស​មក​ជិត ហើយ​ថ្នាំ​ប្រភេទ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន​ដោយមាន​សុវត្ថិភាព​។ ជាមួយគ្នានេះ​ពលរដ្ឋ​ត្រូវ​សម្រាន្ត​ក្នុង​មុង ហើយ​ពេល​ថ្ងៃ ត្រូវ​បើក​បង្អួច ទ្វារ ដើម្បី​ឲ្យ​មាន​ពន្លឺ​ថ្ងៃ និង​មាន​ខ្យល់​ចេញ​-​ចូល​បានល្អ​។ 
 
​ជំងឺ​នេះ​បាន​ផ្ទុះឡើង​សាជាថ្មី​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ចំនួន​៦ ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បាន​បន្ត​រាលដាល​ដល់​ខេត្ត​ចំនួន​១៦ នៅ​ទូទាំងប្រទេស​៕ 
 

Tag:
 ជំងឺ​ឈី​ក
© រក្សាសិទ្ធិដោយ thmeythmey.com