កីឡាជាតិ
ជាតិ
កម្ពុជាធ្វើពិធីរាប់ថយក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដើម្បីដាស់ស្មារតីដល់ភាគីពាក់ព័ន្ធ
08, Aug 2020 , 6:45 pm        
រូបភាព
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
ដោយ:
គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅសល់តែ៩៩៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានមកដល់។ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ និងដាស់ស្មារតីគណៈកម្មការជំនាញ និង ភាគីពាក់ព័ន្ធ កម្ពុជាបានរៀបចំកម្មវិធីរាប់ថយក្រោយក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ សម្តេច ទៀ បាញ់ ចាត់ទុកការរាប់ថយក្រោយជាពេលវេលាដ៏សំខាន់ក្នុងការរៀបចំយុទ្ធនាការ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីឆ្ពោះទៅឆ្នាំ២០២៣។



គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានរៀបចំកម្មវិធីប្រកាស និងអបអរសាទរដល់ម្ចាស់ជ័យលាភីក្នុងការប្រកួតគូនិមិត្តសញ្ញា(Logo) និងរូបតុក្កតតំណាង(Mascot)ស៊ីហ្គេមឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ ដើម្បីត្រៀមឆ្ពោះធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ CAMSOC បានបញ្ជាក់ថា ការរាប់ថយក្រោយជាវិធីសាស្ត្រ និងជាយន្តការក្នុងការពញ្ញាក់ និងដាស់ស្មារតីគណៈកម្មការជំនាញ ភាគីពាក់ព័ន្ធ ជាពិសេសកីឡាករកីឡាការិនី គ្រូបង្វឹក និងសហព័ន្ធកីឡាជាតិឲ្យប្រុងប្រៀមលក្ខណៈ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។



លោកអះអាងថា មិនមែនមានតែកម្ពុជានោះទេដែលធ្វើបែបនេះ ពោលគឺវាជាស្តង់ដាដែលប្រទេសក្នុងតំបន់អាស៊ានបានអនុវត្តតៗគ្នានៅពេលពួកគេត្រៀមធ្វើជាម្ចាស់ផ្ទះ។ ព្រោះការធ្វើបែបនេះ ដើម្បីបង្ហាញថា ប្រទេសដែលត្រៀមធ្វើជាម្ចាស់ផ្ទះបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ក្នុងការទទួលស្វាគមន៍កីឡាករកីឡាការិនីនិងប្រតិភូមកពីប្រទេសក្នុងតំបន់ និងប្រទេសផ្សេងៗ។

«ការរាប់ថយក្រោយជារបៀបដាស់ស្មារតីឲ្យគិតគូអំពីពេលវេលា នៃការខិតទៅជិតកម្មវិធីផ្លូវការ។ ដើម្បីឲ្យកម្មវិធីរាប់ថយក្រោយមានប្រសិទ្ធិភាព គឺយើងត្រូវតែដាស់ស្មារតីក្នុងវិធីផ្លូវការហ្នឹង។ វាជាកម្មវិធីស្តង់ដា ដែលប្រទេសផ្សេងៗក្នុងតំបន់គេធ្វើ។ វា ក៏ជាយន្តការនៃនីតិវិធីគ្រប់គ្រងព្រឹត្តិការណ៍(event management)ឲ្យវារលូន ទៅដល់ថ្ងៃផ្លូវការរបស់យើង»។

សម្តេច ទៀ បាញ់ ប្រធាន CAMSOC និងលោក វ៉ាត់ ចំរើន សុទ្ធតែចាត់ទុករយៈពេលនៃការរាប់ថយក្រោយ ជាពេលវេលាដ៏សំខាន់ក្នុងការរៀបចំយុទ្ធនាការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ និងបង្ហាញពីការសាមគ្គីផ្ទៃក្នុងរវាងគណៈកម្មការរៀបចំស៊ីហ្គេមនិងភាគីពាក់ព័ន្ធ។ និយាយបែបនេះមិនមានន័យថា CAMSOC និងភាគីពាក់ព័ន្ធគ្មានការឯកភាពផ្ទៃក្នុងនោះទេ។

សម្តេច ទៀ បាញ់ ដែលធ្វើជាអធិបតីក្នុងពិធីខាងលើបានថ្លែងយ៉ាងដូច្នេះថា៖«ពេលវេលាបានបោះពួយទៅមុខយ៉ាងឆាប់រហ័ស ឥឡូវនេះយើងនៅសល់១ពាន់ថ្ងៃតែប៉ុណ្ណោះក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។ រយៈពេល១ពាន់ថ្ងៃ ជាពេលវេលាដ៏មានសារសំខាន់ក្នុងយុទ្ធនាការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ដែលត្រូវពង្រឹងស្មារតីសាមគ្គីផ្ទៃក្នុង យោគយល់គ្នា និងការចុះសម្រុងប្រទាក់ក្រឡារវាងគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ»។

លោក វ៉ាត់ ចំរើន បានលើកឡើងស្រដៀងគ្នាថា៖«ក្នុងរយៈពេល១ពាន់ថ្ងៃពីឥឡូវទៅ វាជាពេលវេលាដ៏មានសារសំខាន់សម្រាប់អ្នកជំនាញ កីឡាករកីឡាការិនី និងសហព័ន្ធកីឡាជាតិយើង ក៏ដូចជាភាគីពាក់ព័ន្ធសាមគ្គីភាពគ្នាធ្វើការងារនេះឲ្យគ្រប់ជ្រុងជ្រោយ ហើយរៀបចំនីតិវិធីនៃការងាររបស់ខ្លួនឲ្យបានរលូនពីឥឡូវនេះរហូតដល់ឆ្នាំ២០២៣»។

ជាមួយគ្នានេះសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញឲ្យគណៈកម្មការ CAMSOC និងអភិបាលរាជធានីខេត្តផ្សព្វផ្សាយនិងបំផុសស្មារតីឲ្យប្រជាពលរដ្ឋយល់ដឹងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ តាមរយៈការប្រើប្រាស់ Logo និង Mascot ស៊ីហ្គេមដាក់នៅតាមទីសាធារណៈ។ ការផ្សព្វផ្សាយនិងបំផុសនេះ សម្តេច ស្នើឲ្យភ្ជាប់ជាមួយសារអប់រំមួយចំនួនដល់ប្រជាពលរដ្ឋ។

សម្តេច ជំរុញយ៉ាងដូច្នេះថា៖«ដើម្បីជំរុញការយល់ដឹងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដល់មជ្ឈដ្ឋានក្នុងសង្គម សូមគណៈកម្មការ CAMSOC និងអភិបាលរាជធានីខេត្តចាប់ផ្តើមប្រើប្រាស់ Logo និង Mascot ផ្សព្វផ្សាយស៊ីហ្គេមភ្ជាប់ជាមួយយុទ្ធនាការអប់រំប្រជាពលរដ្ឋម្នាក់លេងកីឡា១ប្រភេទ កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ កាត់បន្ថយគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

ក្នុងឱកាសនោះដែរ សម្តេច សង្កត់ធ្ងន់ថា មិនអនុញ្ញាតឲ្យបុគ្គល ស្ថាប័ន ឬក្រុមហ៊ុនឯកជនប្រើប្រាស់ Logo និង Mascot ស៊ីហ្គេម ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់នោះទេ ព្រោះនិមិត្តសញ្ញានិងរូបតុក្កតាតំណាងនេះ ត្រូវបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មរួចហើយ។ ក្នុងន័យនេះ បើស្ថាប័ន ឬក្រុមហ៊ុនឯកជនចង់ប្រើប្រាស់ Logo ឬ Mascot ត្រូវសុំការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា បុគ្គល ស្ថាប័ន ឬក្រុមហ៊ុនឯកជនអាចប្រឈមផ្លូវច្បាប់ ក្នុងករណីប្រើប្រាស់ Logo ឬ Mascot ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត។ ដ្បិតសម្តេច ទៀ បាញ់ ចាត់ទុកនិមិត្តសញ្ញា និងរូបតំណាងស៊ីហ្គេម ជាមរតករបស់កម្ពុជា។

គណៈកម្មការ CAMSOC ក៏បានប្រកាសឈ្មោះម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងគូរូប Logo និង Mascot ផងដែរ។ ក្នុងនោះម្ចាស់ជ័យលាភី Logo បានទៅលើលោក នាង វិសាល ខណៈកញ្ញា លី គឹមអាន កីឡាការិនីតេក្វាន់ដូជាម្ចាស់ជ័យលាភីលើការគូ Mascot។ ក្រៅពីប្រាក់រង្វាន់លើកទឹកចិត្ត៥ពាន់ដុល្លារ CAMSOC បានតែងតាំងម្ចាស់ជ័យលាភីទាំងពីរជាទូតសុឆន្ទៈប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។



សម្រាប់តំណែងនេះពួកគេទាំងពីរមានសិទ្ធិទស្សនាគ្រប់ការប្រកួត និងចូលរួមក្នុងពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺឈ្មោះរបស់ពួកគេទាំងពីរត្រូវបានកត់ក្នុងបញ្ជីមរតក SEA Games Legacy។



លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមបានបញ្ជាក់ថា មុនសម្រេចជ្រើសរើសយក Logo និង Mascot ខាងលើ CAMSOC បានត្រួតពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ជាច្រើនលើកច្រើនសារជាមួយគណៈកម្មការជំនាញ។ ក្រោយមកនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ CAMSOC ក៏បានឯកភាពគ្នាជ្រើសរើសយក Logo និង Mascot ខាងលើ។



លោក ថោង ខុន បានបន្ថែមថា៖«គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ កំពុងខិតខំប្រឹងប្រែងអនុវត្តតាមផែនការមេ ផែនទីបង្ហាញផ្លូវ និងកម្មវិធីការងារប្រកបដោយវិជ្ជាជីវៈជំនាញ និងបទពិសោធការងារ ដែលធ្លាប់បានចូលរួមព្រឹត្តិការណ៍ធំៗជាច្រើនកន្លងមកដើម្បីឆ្លុះបញ្ចាំងនិងធ្វើសំយោគធាតុឲ្យស្របតាមស្ថានភាពសង្គម នយោបាយ និងវិស័យកីឡាបច្ចុប្បន្ន»៕




Tag:
 CAMSOC
  SEA Games 2023
  វ៉ាត់ ចំរើន
  សម្តេច ទៀ បាញ់
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com