ជាតិ
កម្ពុជា អាចនាំមៀនប៉ៃលិនទៅចិន នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២
× ភ្នំពេញ៖ កម្ពុជាអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ ២០២២។ នេះបើតាមការលើកឡើងរបស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដោយបញ្ជាក់ថា ការនាំចេញមៀនប៉ៃលិននេះ នឹងធ្វើឡើងបន្ទាប់ពីការនាំចេញផ្លែស្វាយកែវរមៀតកម្ពុជា ទៅទីផ្សារពិភពលោកបានជាផ្លូវការ។
លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០ ថា កម្ពុជាបានផ្ញើរបាយការណ៍វាយតម្លៃពីហានិភ័យ និងសមាសភាពចង្រៃនៅលើផ្លែមៀនប៉ៃលិនទៅប្រទេសចិនរួចអស់ហើយ ដោយនៅតែរង់ចាំមន្ត្រីបច្ចេកទេសផ្នែកភូតគាមអនាម័យ និងអនាម័យភាគីចិន មកត្រួតពិនិត្យបច្ចេកទេសដាំដុះ វេចខ្ចប់ រក្សាទុក នៅកម្ពុជាប៉ុណ្ណោះ។
អគ្គនាយកកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ដូច្នេះថា៖«ក្រោយពីនាំចេញផ្លែស្វាយភ្លាម ហើយនៅពេលដែលរដូវមៀនប៉ៃលិនចាប់ផ្តើមប្រមូលផល ខាងភាគីចិននឹងចុះមកត្រួតពិនិត្យវាយតម្លៃលើផ្លែមៀនប៉ៃលិន។ អ៊ីចឹង នេះជាការប៉ាន់ស្មាន និងព្យាកររបស់យើងក្នុងដើមឆ្នាំ២០២១ យើងអាចនាំចេញស្វាយ ហើយប្រហែលចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ យើងអាចនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិនបាន»។
លោក បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនឯកជនមួយកំពុងវិនិយោគលើរោងចក្រសម្លាប់មេរោគ និងវេចខ្ចប់មៀនប៉ៃលិននេះ នៅក្នុងខេត្តប៉ៃលិន។
កាលពីខែមិថុនា ឆ្នាំ២០២០ កម្ពុជាបានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយចិន ក្នុងការនាំចេញផ្លែស្វាយ កែវរមៀតចំនួន ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន៕
Tag:
កសិកម្ម
មៀន ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com