COVID-19
ជាតិ
បុរសខ្មែរ៣នាក់ទៀតមកពីឥណ្ឌូណេស៊ីមានកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី៤
× ភ្នំពេញ៖ កម្ពុជាបន្តរកឃើញបុរសខ្មែរ៣នាក់ទៀតមកពីប្រទេសឥណ្ឌូណេស៊ី មានជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី៤ លទ្ធផលបង្ហាញវិជ្ជមាន ចំថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់។ អ្នកជំងឺកូវីដ-១៩ ទាំង៣នាក់នោះ មានវ័យចន្លោះ២៣ទៅ២៦នាក់ និងមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០សីហា។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកទាំង៣នាក់នោះ បានមកពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២០ ហើយត្រូវអាជ្ញាធរបញ្ជូនឱ្យមកធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤សីហា។
ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសថា មានបុរស២នាក់ មកពីប្រទេសរុស្សី បានជាសះស្បើយពីជំងឺកូវីដ-១៩ នេះផងដែរ។ អ្នកសះស្បើយទាំង២នាក់នោះ មានវ័យ២៨ឆ្នាំ មានអាស័យដ្ឋាននៅបូរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានវ័យ៣២ឆ្នាំ មានលំនៅដ្ឋាននៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
គិតត្រឹមថ្ងៃទី១០សីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៥១នាក់ ដោយក្នុងនោះមាន២១៩នាក់ បានជាសះស្បើយ ខណៈ៣២នាក់កំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com