COVID-19
ជាតិ
ចៅសង្កាត់​សិត្បូ បារម្ភ​ករណី​រាលដាល​កូ​វីដ​-១៩​នៅ​មូលដ្ឋាន​ខ្លួន
10, Aug 2020 , 12:12 pm        
រូបភាព
ស្ត្រី​ខ្មែរ​ជា​ទ័ព​មួក​ខៀវ​មកពី​ប្រទេស​ម៉ាលី បានធ្វើ​តេស្ត​លើក​ទី​៥​ទើប​ឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ នោះ  បាន​បង្កក្តី​ព្រួយបារម្ភ​ជាខ្លាំង ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាមួយ ក្នុងភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលមាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​កូ​វីដ​-១៩  កាលពី​ថ្ងៃទី​៩​សីហា ឆ្នាំ​២០២០​។​



​លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បន្ទាប់ពី​ស្ត្រី​រូបនេះ​មាន​ជំងឺ​កូ​វីដ​-១៩​សមាជិក​ក្នុង​គ្រួសារ​របស់​ស្ត្រី​រូបនេះ​ដែល​គ្នា​១០​នាក់ ក៏បាន​ធ្វើតេស្ត​រក​ជំងឺ​នេះ​ដោយ​លទ្ធផល​បង្ហាញ​អវិជ្ជមាន​ទាំងអស់ ហើយ ខាង​មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​គ្រប់​ទីកន្លែង​ផងដែរ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​ចៅសង្កាត់​សិត្បូ ក៏ដូចជា​ប្រជា​ពល​រស់នៅក្នុង​តំបន់ នៅមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង  ព្រោះតែ​ស្ត្រី​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ប៉ះពាល់​ជាមួយ​អ្នកជិតខាង​ច្រើន​។ លោក អ៊ុំ ឡេង បាន​និយាយ​ដូច្នេះ​៖«​ប្រសិនបើ​យើង​មិនបាន​ចាប់អារម្មណ៍​ពិនិត្យមើល​លើ​ពលរដ្ឋ​នៅ​តំបន់​នោះ គឺ​ខ្លាចក្រែង​មានការ​ឆ្លង​អីចឹង​ទៅ​[​កូ​វីដ​-១៩]»​។

​បើតាម​លិខិត​របស់លោក អ៊ុំ ឡេង ផ្ញើជូន​អភិបាលក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​១០​សីហា មុន​ស្ត្រី​រូបនេះ​ត្រូវបាន​រកឃើញ​ជំងឺ​កូ​វីដ​-១៩​នោះ  គឺ​បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេង ព្រមទាំង​ធ្វើ​ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូ​ព្រឹក​ថែមទៀត​។

​កាលពី​ថ្ងៃទី​៩​សីហា​ម្សិលមិញ អ្នកស្រី ឱ វណ្ណឌី​ន បាន​ពន្យល់​ប្រាប់​អ្នកកាសែត​បន្ថែម​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជា​ទ័ព​មួក​ខៀវ​ធ្វើតេស្ត​លើក​ទី​៥ ទើប​រកឃើញ​ជំងឺ​កូ​វីដ​-១៩ នៅតាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា​៖«​ក្រុម​នេះ [​ទ័ព​មួក​ខៀវ​] បាន​រកឃើញ [​មាន​ជំងឺ​កូ​វីដ​-១៩] ជា​បន្តបន្ទាប់  ដូច្នេះ យើង​ត្រូវ​ដេញតាម​រក​ជា​បន្តទៀត​ដែរ តែ​តេស្ត​លើក​ទី​៤ របស់គាត់ មា​នស​ភាពមិន​ច្បាស់ ទើបត្រូវ​ធ្វើ​លើក​ទី​៥  ទើប​ឃើញ​ចេញ​ច្បាស់​ថា​វិជ្ជមាន​»​។​

​សូម​រម្លឹកថា​ស្ត្រី​ជា​ក្រុម​មួក​ខៀវ​កម្ពុជា​រូបនេះ គឺ​បាន​ត្រឡប់​មកពី​ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០២០​។​

គិត​ត្រឹម​ថ្ងៃទី​១០​សីហា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៥១​នាក់ ដោយ​ក្នុងនោះ​មាន​២១៩​នាក់ បានជា​សះស្បើយ  ខណៈ​៣២​នាក់​កំពុង​សម្រាក​ព្យាបាល​៕



© រក្សាសិទ្ធិដោយ thmeythmey.com