អន្តរជាតិ
រដ្ឋមន្ត្រី និងសមាជិកសភាលីបង់ លាលែងពីតំណែងជាបន្តបន្ទាប់ ប្រជាជនលីបង់ បាតុកម្មទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែង។ រូបភាព៖ Al Jazeera
× រដ្ឋមន្ត្រី និងសមាជិកសភាលីបង់ នៅថ្ងៃទី៩ ខែសីហា បានចុះចេញពីតំណែងជាបន្ទាប់ ខណៈពេលបាតុកម្មនៅក្នុងទីក្រុងបេរូត បានឈានចូលដល់ថ្ងៃទី២។ ក្រុមបាតុករជាច្រើននាក់ បានរងរបួស និងប៉ូលិសម្នាក់ បានស្លាប់បាត់បង់ជីវិត។
បន្ទាប់ពីករណីផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាតនៅក្នុងទីក្រុងបេរូតនាពេលកន្លងមក ស្ថានការណ៍នយោបាយនៅនៅលីបង់ បានកើនឡើងកម្តៅខ្លាំងជាងមុន។ គិតត្រឹមថ្ងៃទី៩ ខែសីហា បាតុកម្មនៅក្នុងទីក្រុង បានឈានចូលដល់ថ្ងៃទី២ហើយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែង។ បាតុករបានចោលដុំថ្មលើប៉ូលិស ដុតរូបប្រធានាធិបតី និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយក៏បានចូលអុកឡុកស្ថាប័នរដ្ឋជាច្រើន។
ក្រុមប៉ូលិសបង្ក្រាបកុបកម្ម បានព្យាយាមបំបែកក្រុមបាតុករតាមរយៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រ។ ប៉ុន្តែការធ្វើបែបនេះ មិនអាចធ្វើឲ្យចលនាបាតុកម្មបំបែកក្រុមបានឡើយ។ បាតុករយ៉ាងហោចណាស់ ៧២៨នាក់ បានរងរបួស និងប៉ូលិសបង្ក្រាបបាតុកម្មម្នាក់ បានបាត់បង់ជីវិត។
ខណៈវិបត្តិនយោបាយកាន់តែផុងជ្រៅ សមាជិកគណៈរដ្ឋមន្ត្រីលីបង់ និងសមាជិកសភា បានលាចេញពីតំណែងជាបន្តបន្ទាប់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រីព័ត៌មានលីបង់ លោកស្រី Manal Abdel Samad បានប្រកាសលាចេញពីតំណែងហើយ ដោយសាររដ្ឋាភិបាលនាយករដ្ឋមន្ត្រី Hassan Diab អសកម្ម និងមិនអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជន។ ចំណែកឯរដ្ឋមន្ត្រីបរិស្ថាន លោក Damianos Kattar ក៏បានលាចេញពីតំណែងដែរ ដោយសារបាត់បង់ក្តីសង្ឃឹមលើរដ្ឋាភិបាល។
មុនករណីផ្ទុះសារធាតុគីមីក្នុងទីក្រុងប៉េរូតមួយថ្ងៃ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Nassif Hitti ក៏បានលាចេញពីតំណែងដែរ ព្រោះមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលលីបង់។ មិនត្រឹមតែរដ្ឋមន្ត្រីទេ សមាជិកសភាលីបង់ ក៏លាចេញពីតំណែងផងដែរ។ គិតចាប់តាំងពីផ្ទុះឃ្លាំងសារធាតុគីមីមកត្រឹមថ្ងៃទី៩ ខែសីហា សមាជិកសភាចំនួន ៧នាក់ហើយបាន ចុះចេញពីតំណែង។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៩ ខែសីហា អ្នកស្លាប់ដោយសារករណីផ្ទុះសារធាតុគីមី បានកើនដល់ ១៥៨នាក់ ខណៈមនុស្សជាង ៦០០០នាក់រងរបួស។ លើសពីនេះ ប្រជាជនជាច្រើនពាន់នាក់ កំពុងតែខ្វះទីជម្រក៕
© រក្សាសិទ្ធិដោយ thmeythmey.com