កត្តាជីវភាពនិងការចង់សាងភាពល្បីល្បាញ បានទាក់ទាញកីឡាករ ឡុង សុផា ឲ្យចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ។ កីឡាករវ័យ១៨ឆ្នាំរូបនេះ រំពឹងថា វិស័យកីឡាប្រដាល់ នឹងជួយឲ្យខ្លួនអាចរកចំណូលបានច្រើន ដើម្បីជួយដោះស្រាយជីវភាព និងជួយម្តាយសងបំណុលធនាគារ។ ក្រោយក្លាយជាម្ចាស់ជើងឯកប្រាក់លានក្នុងការប្រកួតម៉ារ៉ាតុនប្រចាំកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅសង្វៀនភីអិនអិន សុផា រំពឹងថា ខ្លួននឹងមានទីផ្សារប្រកួតកាន់តែច្រើន។
ស្ថិតក្នុងវ័យ១៨ឆ្នាំកីឡាករ ឡុង សុផា សម្រេចចិត្តចាកចេញពីស្រុកកំណើត និងលាឪពុកម្តាយមកប្រកបអាជីពជាអ្នកប្រដាល់នៅរាជធានីភ្នំពេញដោយរំពឺងថា វិស័យនេះនឹងជួយឲ្យខ្លួននិងគ្រួសារមានជីវភាពល្អប្រសើរជាងមុន។ កីឡាកររូបនេះអះអាងថា មូលហេតុដែលជំរុញឲ្យខ្លួនសម្រេចចិត្តធ្វើបែបនេះ ដោយសារកត្តាជីវភាព និងចង់សាងភាពល្បីល្បាញលើវិថីមួយនេះ។
កីឡាករ ឡុង សុផា (ឆ្វេងទី២)ឡើងទទួលពាន និងប្រាក់រង្វាន់ក្រោយឈ្នះជើងឯកក្នុងការប្រកួតម៉ារ៉ាតុននៅភីអិនអិន
កីឡាកររូបនេះរំពឹងថា វិស័យកីឡាប្រដាល់គុនខ្មែរនឹងជួយផ្តល់ប្រាក់ចំណូលឲ្យខ្លួនបានច្រើនក្នុងការដោះស្រាយជីវភាពគ្រួសារនិងជួយរួមចំណែកសងបំណុលធនាគាររបស់ម្តាយនៅស្រុកកំណើត។ បើនិយាយពីស្ថានភាពគ្រួសារ សុផា ត្អូញត្អែរថា គ្រួសារខ្លួនមិនត្រឹមតែមានជីវភាពខ្វះខាតប៉ុណ្ណោះទេ ថែមទាំងជំពាក់ធនាគារទៀតផង។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកីឡាករ ឡុង សុផា បានរៀបរាប់ពីស្ថានភាពគ្រួសារយ៉ាងដូច្នេះថា៖«ជីវភាពគ្រួសារខ្ញុំរាល់ថ្ងៃពិបាកដែរ ព្រោះគាត់(ម្តាយ)ជំពាក់លុយអង្គការរាងច្រើនដែរ អ៊ីចឹងទើបខ្ញុំខំតស៊ូមកប្រដាល់។ ខ្ញុំឡើងប្រកួតបានចំនួន៦ដង ហើយរាល់ការឡើងសង្វៀនប្រដាល់របស់ខ្ញុំ គឺដើម្បីរកលុយជួយសងធនាគារឲ្យម៉ែខ្ញុំ»។
តែយ៉ាងណា កូនសិស្សរបស់លោកគ្រូ ឡុង សាលវ័ន្ត រូបនេះ មិនបានដឹងពីចំនួនទឹកប្រាក់ដែលម្តាយខ្លួនបានខ្ចីធនាគារ និងការសងត្រឡប់ប្រចាំខែទៅធនាគារវិញមានចំនួនប៉ុន្មាននោះទេ គ្រាន់តែបញ្ជាក់ថា ទឹកប្រាក់នោះមានចំនួនច្រើន។ សុផា អះអាងថា បច្ចុប្បន្នខ្លួនមិនទាន់មានលទ្ធភាពអាចជួយសងបំណុលម្តាយបាននៅឡើយទេដោយរំពឹងថា រូបគេនឹងអាចរកលុយជួយសងបំណុលម្តាយក្នុងរយៈពេល១ឆ្នាំខាងមុខនេះ។
ទោះបីបច្ចុប្បន្ន ឡុង សុផា មិនទាន់អាចរកប្រាក់ចំណូលពីវិស័យកីឡាប្រដាល់គុនខ្មែរ ដើម្បីជួយឪពុកម្តាយក៏ដោយ រូបគេនៅតែមានជំនឿថា វិស័យនេះនឹងអាចជួយឲ្យខ្លួនមានជីវភាពល្អប្រសើរជាងមុន។ កីឡាកររូបនេះអះអាងថា បច្ចុប្បន្នខ្លួនបានព្យាយាមខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ មិនដែលធ្វេសប្រហែសនោះទេ។
កីឡាករ ឡុង សុផា ទទួលពានជើងឯកក្នុងការប្រកួតម៉ារ៉ាតុនពីលោក ឆឹង យ៉ៅយ៉េន
កីឡាករវ័យ១៨ឆ្នាំរូបនេះ បានចូលហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនៅក្លិបសាលវ័ន្តគុនខ្មែរ ទើបតែបានជាង១ខែប៉ុណ្ណោះ។ ប៉ុន្តែដោយសារការយកចិត្តទុកដាក់ ខិតខំព្យាយាមហ្វឹកហាត់ រួមជាមួយការអំណោយផលផ្នែកកាយសម្បទា សុផា ត្រូវបានគ្រូបង្វឹកផ្តល់ឱកាសឲ្យឡើងសង្វៀនប្រកួតជាបន្តបន្ទាប់។ បច្ចុប្បន្នកីឡាកររូបនេះមានបទពិសោធឡើងសង្វៀនចំនួន៦លើកឈ្នះ៤ និងចាញ់២។
ជាក់ស្តែងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ កីឡាករ ឡុង សុផា ត្រូវបានស្ថានីយទូរទស្សន៍ភីអិនអិនផ្តល់ឱកាសឲ្យចូលរួមប្រកួតប្រជែងដណ្តើមប្រាក់លានម៉ារ៉ាតុនប្រចាំកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM-ISI PIPE ជាមួយកីឡាករ៣រូបផ្សេងទៀត។ ជាលទ្ធផលកីឡាករ ដែលទើបមានប្រវត្តិឡើងសង្វៀនបាន៦លើករូបនេះ បានក្លាយជាម្ចាស់ជើងឯកប្រាក់លានប្រចាំកម្មវិធីនេះ ក្រោយយកឈ្នះកីឡាករ ផាន់ សុវណ្ណ ដោយពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងវគ្គជម្រុះរូបគេបានយកឈ្នះកីឡាករ គង់ ឧត្តម ដោយពិន្ទុ ចំណែក ផាន់ សុវណ្ណ យកឈ្នះកីឡាករ សារ៉ាយ ចំរើន ដោយពិន្ទុដូចគ្នា។
សម្រាប់តំណែងជើងឯកនេះ សុផា ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២លាន៦សែនរៀល ខណៈជើងឯករងទទួលបាន១លាន២សែនរៀល។ ម្ចាស់ជើងឯកក្នុងការប្រកួតម៉ារ៉ាតុនរូបនេះអះអាងថា ខ្លួននឹងយកថវិកាទាំងនេះ មួយចំនួនទៅជួយគ្រួសារ និងមួយចំនួនទៀតទុកសម្រាប់ចំណាយលើការចាយវាយផ្ទាល់ខ្លួន។ រូបគេប្តេជ្ញាថា៖«ខ្ញុំប្តេជ្ញាថា នឹងតស៊ូខំប្រឹង ដើម្បីរកលុយចិញ្ចឹមឪពុកម្តាយរបស់ខ្ញុំ»។
ក្រោយទទួលបានជើងឯកក្នុងការប្រកួតម៉ារ៉ាតុននៅសង្វៀនភីអិនអិន សិស្សគុនមកពីក្លិបសាលវ័ន្តគុនខ្មែររូបនេះ រំពឹងថា រូបគេនឹងមានទីផ្សារប្រកួតកាន់តែច្រើន។ ទន្ទឹមនឹងនេះ រូបគេប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបង្កើនការទាក់ទាញទីផ្សារប្រកួតនៅតាមស្ថានីយទូរទស្សន៍ផ្សេងៗទៀត៕