កីឡាជាតិ
ជាតិ
ម៉ាត់ នូ​រុណ ជា​កីឡាករ​កម្ពុជា​ដំបូង​គេ ដែល​រកបាន Hat-Trick ពីរ​សប្តាហ៍​ជាប់​គ្នា​
10, Aug 2020 , 4:20 pm        
រូបភាព
កីឡាករ ម៉ាត់ នូរុណ (អាវសកណ្តាល)បង្ហាញកាយវិកាក្រោយទាត់បាល់រួច
កីឡាករ ម៉ាត់ នូរុណ (អាវសកណ្តាល)បង្ហាញកាយវិកាក្រោយទាត់បាល់រួច
ដោយ:
​ខ្សែប្រយុទ្ធ​បឹងកេត ម៉ាត់ នូ​រុណ រកបាន​៣​គ្រាប់​ម្នា​ក់ឯក​(Hat-Trick)​ជួយ​ឲ្យ​បឹងកេត​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៦-១ នា​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​រក្សា​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការ​គ្រង​កំពូល​តារាង​ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​១០​ប្រកួត​ជាប់​គ្នា​។

 
​ក្រោយ​សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ ៦-១ របស់​បឹងកេត​លើ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ជួយ​ឲ្យ​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ ប្រចាំ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​រកបាន Hat-Trick ពីរ​សប្តាហ៍​ជាប់​គ្នា​។ រូបគេ​សម្រេចបាន Hat-Trick លើកដំបូង​ក្នុងជំនួប​បឹងកេត​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-១ នៅ​សប្តាហ៍​ទី​១០​។ 
 
​ការប្រកួត​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ រវាង​ម្ចាស់ផ្ទះ​បឹងកេត​ជាមួយ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​នា​ថ្ងៃអាទិត្យ ទី​៩ ខែសីហា ឆ្នាំ​២០២០ កីឡាករ សេង សម្បត្តិ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ភ្ញៀវ​យុវជន​បាទី ក្រោយ​ការប្រកួត​ដំណើរការបាន​១៧​នាទី​។ ពីរ​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ម្ចាស់ផ្ទះ​។ ឈានដល់​នាទី​៤០​ខ្សែប្រយុទ្ធ សៀង ច​ន្ធា បន្ថែម​មួយគ្រា​ប់​ទៀត​សម្រាប់​បឹងកេត មុន​ចប់​ការប្រកួត​តង់​ទី​១​។ 
 
​ឈានដល់​តង់​ទី​ពីរ​ការប្រកួត​ដំណើរការបាន​៩​នាទី​ខ្សែការពារ សឿត ណា​វ៉ា រកបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​។ ក្រោយមក​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ រកបាន​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​៦៥ និង​៧៣ មុន​កីឡាករ លី មី​ហ្សា​ន សម្រេច​គ្រាប់​ជ័យជម្នះ ៦-១ ឲ្យ​ក្រុម​បឹងកេត​នៅ​នាទី​ទី​៨៣​។ ជ័យជម្នះ​នេះ ពង្រឹង​ទីតាំង​លេខ​២​របស់​បឹងកេត ដោយមាន​២៦​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុមនគរបាល​ជាតិ​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-២ ខណៈ​ក្រុម​អគ្គិសនី​កម្ពុជា​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៣-២ ផងដែរ​។ 
 
​ដោយឡែក ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១១​ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់ ក្រោយ​ធ្វើ​ឲ្យ​ណាហ្គា​វើ​ល​ស្គាល់​បរាជ័យ​លើកដំបូង​ជាមួយ​ជ័យជម្នះ ២-០ នៅលើ​ទឹកដី​កីឡដ្ឋាន​ស្តា​ត​ចាស់​។ បរាជ័យ​លើកដំបូង​នេះ​ធ្វើ​ឲ្យ​ណាហ្គា​វើ​ល​ធ្លាក់​ពី​លេខ​រៀង​ទី​៣​មកឈរ​លេខ​រៀង​ទី​៥​ដោយ​រក្សា​២១​ពិន្ទុ​។ 
 
​ចំណែក​ក្រុម​វិសាខា​បាន​រំកិល​ទៅ​ឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​ជាមួយ​២២​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ៣-១ នៅលើ​ទឹកដី​របស់ខ្លួន​។ ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នោះដែរ ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ៦-០៕  
 

Tag:
 បាល់ទាត់​
  ម៉ាត់ នូ​រុណ​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com