COVID-19
ជាតិ
«ខ្ញុំបារម្ភពលរដ្ឋខ្ញុំឆ្លងកូវីដ-១៩», ចៅសង្កាត់សិត្បូការពាររបាយការណ៍ខ្លួន លោក អ៊ំ ឡេង ចៅសង្កាត់សិត្បូ អះអាង លោកបានចុះសាកសួរពលរដ្ឋផ្ទាល់ទាក់ទងនឹងរបាយការណ៍ស្ត្រីដែលកើតកូវីដ-១៩
× ថ្វីដ្បិតមន្ទីរសុខាភិបាលខេត្តកណ្តាល ច្រានចោលនូវការលើកឡើងរបស់លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលថា មុននឹងស្ត្រីខ្មែរទ័ពមួកខៀវកម្ពុជាធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នោះ បានធ្វើបាយសម្លជូនចាស់ៗ ចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅវត្តនោះក៏ដោយ ក៏ចៅសង្កាត់រូបនេះ បង្ហាញជំហរថាខ្លួនបានធ្វើត្រឹមត្រូវ និងបំពេញតួនាទីជាអាណាព្យាបាលរបស់ពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។
រសៀលថ្ងៃទី១០សីហា មន្ទីរសុខាភិបាលខេត្តកណ្តាល ឆ្លើយតបនឹងការលើកឡើងរបស់ចៅសង្កាត់សិត្បូ ថា មុននឹងស្ត្រីខ្មែរទ័ពមួកខៀវកម្ពុជាធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នោះ បានធ្វើបាយសម្លជូនចាស់ៗ ចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅវត្តនោះ គឺវាជារឿងមិនត្រឹមត្រូវឡើយ។ លើសពីនេះទៅទៀត គឺគ្មានប្រភពច្បាស់លាស់ ខុសពីការចុះធ្វើអង្កេត តាមដាន ស្រាវជ្រាវ របស់មន្ត្រីជំនាញសុខាភិបាល សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់អនុវត្ត តាមបច្ចេកទេស និងតាមវិធានការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នេះ។
មន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីអ្នកជំងឺខាងលើ មានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ ខ្លួនបានចុះយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់សមាជិកក្រុមគ្រួសារអ្នជំងឺ ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ចំនួន៩នាក់ កាលពីថ្ងៃទី៩សីហា ដោយលទ្ធផលបង្ហាញអវិជ្ជមាន។ សព្វថ្ងៃសមាជិកគ្រួសាររបស់ស្ត្រីទ័ពមួកខៀវ ទាំង ៩នាក់នោះ គឺកំពុងធ្វើចត្តាឡីស័កកម្រិត២ នៅមណ្ឌលចត្តាឡីស័កនៅក្រុងតាខ្មៅ ដើម្បីបន្តការពិនិត្យអង្កេត តាមដាន និងព្យាបាល។ បច្ចុប្បន្នមន្ត្រីសុខាភិបាល សហការជាមួយអាជ្ញាធរ អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ដើម្បីស្រាវជ្រាវ រកអ្នកប៉ះពាល់ដោយប្រយោល បន្ថែមទៀត។
ប៉ុន្តែលោកចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល រូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោកបានចុះសាកសួរប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ដែលបានឃើញ និងបានទៅវត្តជាមួយស្ត្រីខ្មែរទ័ពមួកខៀវដែលឆ្លងជំងឺកូវីដ-១៩ នោះ។
«ខ្ញុំបារម្ភពលរដ្ឋខ្ញុំឆ្លងជំងឺនេះ[កូវីដ-១៩]»។ នេះជាការលើកឡើងរបស់ លោកចៅសង្កាត់សិត្បូ អ៊ុំ ឡេង ដែលបានសរសេរលិខិតផ្ញើជូនអភិបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០សីហា។ ចៅសង្កាត់សិត្បូរូបនេះ បានបន្តថា លោក ស្វាគមន៍ឱ្យមន្ត្រីជំនាញមន្ទីរសុខាភិបាល ក៏ដូចក្រសួងសុខាភិបាល ចុះស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធនឹងស្ត្រីខ្មែរទ័ពមួកខៀវដែលឆ្លងជំងឺកូវីដ-១៩នោះ ដើម្បីបញ្ជាក់ការពិត។
សូមជម្រាបថា ស្ត្រីខ្មែរវ័យ២៧ឆ្នាំជាក្រុមមួកខៀវកម្ពុជារូបនេះ គឺបានត្រឡប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០២០។ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃនិងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលធ្វើតេស្តរកកូវីដ-១៩ ចំនួន៣ដងលទ្ធផលបង្ហាញអវិជ្ជមាន ក៏អនុញ្ញាតឱ្យស្ត្រីរូបនោះ មកលំនៅដ្ឋានក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៣០កក្កដា។ ក្រោយមកផ្ទះបានមួយសប្តាហ៍ស្ត្រីរូបនេះ ត្រូវបានក្រសួងប្រកាសរកឃើញជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី៥ បានចេញលទ្ធផលវិជ្ជមានកាលពីថ្ងៃទី៨សីហា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com