ចិន ដាក់ទណ្ឌកម្ម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​២​នាក់​នាក់​ពាក់ព័ន្ធ​បញ្ហា​ហុងកុង​
សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ដាក់ទណ្ឌកម្ម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​២​នាក់​នាក់​ពាក់ព័ន្ធ​បញ្ហា​ហុងកុង​
11, Aug 2020 , 8:59 am        
រូបភាព
សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio (ឆ្វេង) និងលោក Ted Cruz (AFP)
សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio (ឆ្វេង) និងលោក Ted Cruz (AFP)
​រដ្ឋាភិបាល​ប៉េកាំង តាមរយៈ​ក្រសួងការបរទេស បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ជនជាតិ​អាមេរិក​១១​នាក់ ក្នុងនោះ​ក៏មាន សមាជិក​ព្រឹទ្ធសភា លោក Marco Rubio និង​លោក Ted Cruz ផងដែរ​។ នេះ​គឺជា​វាយបក​នឹង​ចំណាត់ការ​ដូចគ្នា​ដែល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ប្រឆាំង​មន្ត្រី​ចិន ពាក់ព័ន្ធ​រឿងចម្រូងចម្រាស​នៅ​ហុងកុង​។

 
«​ចិន បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​មនុស្ស​ខ្លះ ដែល​បាន​ប្រព្រឹត្ត​មិនល្អ​លើ​បញ្ហា​ទាក់ទង​នៅ​ហុងកុង​»​។  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian និយាយ​បែបនេះ នៅ​ថ្ងៃទី ១០ ខែសីហា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​ក្រៅពី​មន្ត្រីជាន់ខ្ពស់​អាមេរិក​ទាំ​ង​ពីរ​នាក់​ខាងលើ អគ្គនាយក​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HWR) Kenneth Roth និង​ប្រធាន​ចលនា​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ Carl Gershman ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល​ចិន​ផងដែរ​។ 
 
​ទណ្ឌ​កម្មនេះ ធ្វើឡើង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ៧ ខែសីហា បានប្រកាសថា ខ្លួន​បាន​បង្កក​ទ្រព្យសម្បត្តិ​នៅ​សហរដ្ឋអាមេរិក​របស់​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង អ្នកស្រី ការី ឡាំ និង​មន្ត្រីជាន់ខ្ពស់​ចិន​១០​នាក់​ផ្សេងទៀត​។ នេះ​គឺ​ចាត់ទុកជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​អាមេរិក​ដាក់​ប្រឆាំង​ហុងកុង ចាប់តាំងពី​ក្រុង​ប៉េកាំង​បានដាក់​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​លើទឹក​ដី​នេះ​។​
 
​ទាក់ទិន​បញ្ហា​នេះ លោកអ្នក​នាំពាក្យ Zhao និយាយថា ទង្វើ​របស់​សហរដ្ឋអាមេរិក គឺ​ការ​ជ្រៀត​ជ្រៀក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​រំលោភ​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ​។ បើតាម Reuters ក្រសួងការបរទេស​ចិន អះអាងថា ខ្លួន​នឹង​អនុវត្ត​ទណ្ឌកម្ម​ទាំងនេះ ចាប់ពី​ថ្ងៃ​ចន្ទ ទី ១០ ខែសីហា តទៅ​តែម្ដង​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែ​មុន រដ្ឋាភិបាល​ចិន ក៏​ធ្លាប់​បានប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​លោក Cruz, លោក Rubio និង​មន្ត្រី​អាមេរិក​ដទៃ​ទៀង​ផងដែរ បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​ពាក់ព័ន្ធ​រឿង​ការធ្វើ​ទុក​ម្នេញ​ជនជាតិភាគតិច Uighur កាន់សាសនា​ឥស្លាម នៅ​តំបន់ Xinjiang៕ 
 
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  ហុងកុង​
  Ted Cruz
  Marco Rubio
© រក្សាសិទ្ធិដោយ thmeythmey.com