ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​បែកញើស​ខ្លាំង​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
11, Aug 2020 , 6:59 pm        
រូបភាព
​ការ​បែកញើស គឺជា​ប្រតិកម្ម​ទូទៅ​មួយ​របស់​រាងកាយ​តបត​នឹង​កម្ដៅ​។ ហើយ​ការ​បែកញើស​ច្រើន​នៅពេល​ធ្វើ​សកម្មភាព​រាងកាយ ឬ​ហាត់ប្រាណ​ខ្លាំង​ក៏​មិនមែនជា​រឿង​ចម្លែក​អ្វី​ដែរ​។ ទោះជា​យ៉ាងណា​ការ​បែកញើស​ខ្លាំង​សូម្បីតែ​ពេល​អង្គុយ​ធម្មតា​សោះ​អាចជា​រឿង​គួរឱ្យ​អាម៉ាស​បំផុត​មួយ​។ គួរ​ធ្វើ​បែបណា​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ទល់​បញ្ហា​បែកញើស​ខ្លាំង ៖

 
១. តែ​ខ្មៅ​
 
​តែ​ខ្មៅ​មាន​ផ្ទុក​អាស៊ីត tannic ដែល​កម្ចាត់​បាក់តេរី​។ វា​ក៏​ជួយ​កាត់បន្ថយ​បរិមាណ​នៃ​ញើស​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្មៅ ២ កញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ ៣ ពែង​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​។ ទុកឱ្យ​ចុះ​ត្រជាក់​សិន សឹម​ជ្រលក់​បន្ទះ​សំឡី​ស្អាត ឬ​ក្រណាត់​ស្អាត​ចូល រួច​លាប​ក្រោម​ក្លៀក​ជាការ​ស្រេច​។ អ្នក​ក៏​អាច​ត្រាំ​ជើង​ក្នុង​តែ​ខ្មៅ​ដោយ​បន្ថែម​ទឹក​ត្រជាក់​ចូលក្នុង​ចំនួន​សមល្មម​ដើម្បី​បន្ថយកម្ដៅ​។ បន្ទាប់មក​ដាក់​ត្រាំ​ជើង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។ អនុវត្ត​ជាប្រចាំ​រហូតដល់​ទទួល​បាន​លទ្ធផល​ប្រសើរ​។​
 
២. ក្រូចឆ្មារ​
 
​សម្រាប់​ការ​បែកញើស​ក្លៀក​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ឱ្យ​ក្លាយជា​ល្បាយ​រាវៗ រួម​ប្រើប្រាស់​បន្ទះ​សំឡី​ជ្រលក់​លាប​ត្រង់​ក្លៀក និង​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អ្នក​ក៏​អាច​លាបទឹក​ក្រូចឆ្មារ​ស្រស់​ផ្ទាល់​ក្រោម​ក្លៀក និង​ទុកចោល​សម្រាប់​រយៈពេល​ពេញ​មួយ​យប់ ឬ​ពី ១៥ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹកជា​ការ​ស្រេច​។ ពេលវេលា​ដ៏​សាក​សម​បំផុត​ដើម្បី​អនុវត្ត​រូបមន្ត​នេះ គឺ​នៅ​ពេលយប់​មុនពេល​ចូល​គេង​។​
 
​សម្រាប់​ការ​បែកញើស​រាងកាយ​
​លាយ​អំបិល ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ពី ១ ទៅ ២ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ទឹក​ល្បាយ​លើ​ផ្នែក​នៃ​រាងកាយ​ដែល​ងាយ​នឹង​បែកញើស​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជាប្រចាំ​។​
 
៣. ប៉េងប៉ោះ​
 
​ការរួមបញ្ចូល​ប៉េងប៉ោះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ឬ​ការទទួល​ទឹក​ផ្លែ​ប៉េងប៉ោះ​ស្រស់ ១ កែវ​រាល់ថ្ងៃ​ពិតជា​អាចជួយ​គ្រប់គ្រង​ការ​បែកញើស​ខ្លាំង​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​លក្ខណៈសម្បត្តិ​ជួយ​បង្រួម​រន្ធ​ញើស​។ អ្នក​ក៏​អាច​លាបទឹក​ប៉េងប៉ោះ​ស្រស់​ត្រង់​ក្លៀក​និង​ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com