អន្តរជាតិ
​ករណី​ផ្ទុះ​ឃ្លាំង​គីមី​នៅ​បេ​រូត បង្ខំ​ឲ្យ​រដ្ឋាភិបាល​លី​បង់​ទាំងមូល​លាលែង​
11, Aug 2020 , 11:53 am        
រូបភាព
នាយករដ្ឋមន្រ្តីលីបង់ លោកHassan Diab (ខាងស្តាំ) ប្រគល់លិខិតការលាចេញពីតំណែងរបស់រដ្ឋាភិបាលឲ្យប្រធានាធិបតី លោក Michel Aoun។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីលីបង់ លោកHassan Diab (ខាងស្តាំ) ប្រគល់លិខិតការលាចេញពីតំណែងរបស់រដ្ឋាភិបាលឲ្យប្រធានាធិបតី លោក Michel Aoun។ រូបភាព៖ Reuters
​រដ្ឋាភិបាល​លី​បង់ នៅ​ថ្ងៃទី​១០ ខែសីហា បានប្រកាស​ចុះចេញ​ហើយ បន្ទាប់ពី​ករណី​ផ្ទុះ​សារធាតុ​គីមី​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​បេ​រូត និង​ចលនា​បាតុកម្ម​របស់​ប្រជាជន​រាប់​ខែ​មកនេះ​។ ក្រោយ​ការលាលែង​នេះ រដ្ឋាភិបាល​លី​បង់​បច្ចុប្បន្ន មាន​សិទ្ធិ​ត្រឹមតែ​ដឹកនាំ​ប្រទេស​សម្រាប់​កិច្ចការ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។


​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​លី​បង់ លោកនាយក​រដ្ឋមន្ត្រី Hassan Diab បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ប្រកាសថា​រដ្ឋាភិបាល​លី​បង់ លាលែង​ពី​តំណែង​ថ្ងៃនេះ​»​។ លោកនាយក​រដ្ឋមន្ត្រី បាន​បន្ទោស​អំពើពុករលួយ​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ​ឃ្លាំង​សារធាតុ​គីមី​នៅក្នុង​ទីក្រុង​បេ​រូត ហើយ​ថា លោក​នឹង​ប្រយុទ្ធប្រឆាំង​បញ្ហា​នេះ​ជាមួយ​ប្រជាជន​លី​បង់​។ 
 
​ប្រធានាធិបតី​លី​បង់ លោក Michel Aoun ក៏បាន​ទទួល​ពាក្យ​លាលែង​ពី​តំណែង​របស់​រដ្ឋាភិបាល​លី​បង់​ដែល​បានប្រគល់​ដោយផ្ទាល់​ដោយ​លោក Diab​។ លោក Aoun បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​មួយ​នេះ នៅតែ​បន្ត​ដឹកនាំ​កិច្ចការ​ប្រចាំថ្ងៃ​សិន ទម្រាំ​រដ្ឋាភិបាល​ថ្មី​ចូលកាន់​តំណែង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera​។ 
 
​ការលាលែង​របស់​រដ្ឋា​ភិ​បាល​លី​បង់​ធ្វើឡើង បន្ទាប់ពី​បាតុកម្ម​ធំ​មួយ​នៅក្នុង​ទីក្រុង ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះ​ចេញពី​តំណែង​។ ដោយសារតែ​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម មនុស្ស​ចំនួន ៧២៨​នាក់ បាន​រងរបួស ខណៈ​ប៉ូលិស​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​បាតុកម្ម​នេះ​។ ការផ្ទុះ​ឃ្លាំង​ផ្ទុក​អា​ម៉ូ​ញ៉ូ​មនី​ត្រា បាន​ដុត​បញ្ឆេះ​កំហឹង​បាតុករ​ដែល​តវ៉ា​ជាច្រើន​ខែ​មកហើយ​។​
 
​តាមរយៈ​របាយការណ៍​មួយ ដែល​បាន​ផ្ញើ​ទៅ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​លី​បង់ កាលពី​ថ្ងៃទី​២០ ខែកក្កដា ប្រធាន​សន្តិសុខ​ជាតិ​លី​បង់ បាន​ព្រមាន​ថា ការ​ទុក​សា​ធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​នៅ​កំពង់ផែ​ទីក្រុង​បេ​រូត គឺ​បង្ក​គ្រោះថ្នាក់​ណាស់ ព្រោះ​អាច​បំផ្លាញ​ទីក្រុង ប្រសិនបើ​វា​ផ្ទុះ​។ បន្ថែម​ពីលើ​នេះ សារធាតុ​នេះ ក៏​គ្រោះថ្នាក់​ផងដែរ ប្រសិនបើ​វា​ត្រូវគេ​លួច និង​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុម​ភេរវជន យកទៅ​ធ្វើជា​គ្រឿងផ្ទុះ​ផ្សេងៗ​។ ប៉ុន្តែ គេ​មិនឃើញ​មាន​ចំណាត់ការ​ណាមួយ​ឡើយ​រហូតដល់​ថ្ងៃកើតហេតុ​។ 
 
​សូមបញ្ជាក់ថា ការផ្ទុះ​ដ៏​ខ្លាំង​មួយ​នៅក្នុង​ទីក្រុង​បេ​រូត បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ១៦៣​នាក់ និង​របួស​ជាង ៦​ពាន់​នាក់ ខណៈ​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់ បាត់បង់​ផ្ទះសម្បែង​។ បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​លី​បង់ ការខូចខាត​នៅក្នុង​ទីក្រុង អាចមាន​រហូតដល់​ទៅ​១៥​ពាន់​លាន​ដុល្លារ ឯណោះ​។​
 
​នៅ​ថ្ងៃទី​៩ ខែសីហា​កន្លង ក្រោម​ការដឹក​មុខរប​ស់​បារាំង ថវិកា​ជំនួយ​ជិត​៣០០​លាន​ដុល្លារ ត្រូវបាន​សន្យា​ផ្ដល់​ឲ្យ​លី​បង់​ដើម្បី​ស្ដារ​ប្រទេស​ឡើងវិញ​។ ដោយ​បារម្ភ​ពី​បញ្ហា​ពុករលួយ​ដែលជា​មូលហេតុ​មួយ​នៃ​ការតវ៉ា ប្រទេស​ជា​ម្ចាស់ជំនួយ សន្យា​ផ្ដល់ជំនួយ​បន្ទាន់​ដល់​ប្រជាជន​លី​បង់​ដោយផ្ទាល់​៕

Tag:
 លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com