បុគ្គល ស្ថាប័ន ឬក្រុមហ៊ុនឯកជនដែលប្រើប្រាស់និមិត្តសញ្ញា(Logo)និងរូបតុក្កតាតំណាង(Mascot)កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយគ្មានការអនុញ្ញាត អាចប្រឈមមុខនឹងផ្លូវច្បាប់។ ប៉ុន្តែបុគ្គល និងស្ថាប័នទាំងនោះ អាចប្រើប្រាស់ Logo និង Mascot បាន លុះត្រាតែមានការអនុញ្ញាតពីស្ថាប័នស៊ីហ្គេម។
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)បានចាត់ទុកនិមិត្តសញ្ញា និងរូបតុក្កតាតំណាងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាសម្បត្តិ និងជាមរតករបស់ជាតិ។ ការចាត់ទុកបែបនេះ ធ្វើឡើងក្រោយ Logo និង Mascot ត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម។
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ សង្កត់ធ្ងន់ថា គ្មានបុគ្គល ស្ថាប័ន និងក្រុមហ៊ុនឯកជនណាអាចយក Logo និង Mascot ទៅប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតបានឡើយ។ ប៉ុន្តែបុគ្គលនិងស្ថាប័នទាំងនោះអាចប្រើប្រាស់ Logo និង Mascot ទាំងនេះបាន លុះត្រាពួកគេសុំការអនុញ្ញាតពីគណៈកម្មាធិការជាតិ CAMSOC ដែលជាអ្នកទទួលបន្ទុកលើបញ្ហានេះ។
«ខ្ញុំសូមបញ្ជាក់ថា Logo និង Mascot នេះជាកម្មសិទ្ធិបញ្ញារបស់ CAMSOC ដែលមិនអាចជនណា បុគ្គលណា ក្រុមណា ឬក្រុមហ៊ុនឯកជនណាយកប្រើប្រាស់គ្មានការអនុញ្ញាតពី CAMSOC បានឡើយ។ ព្រោះ CAMSOC បានស្នើក្រសួងពាណិជ្ជកម្មចុះបញ្ជីកម្មសិទ្ធិបញ្ញារួចហើយ»។ សម្តេច ទៀ បាញ់ បញ្ជាក់ដូច្នេះក្នុងកម្មវិធីប្រកាសម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងគូ Logo និង Mascot និងការរាប់ថយក្រោយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
ជាមួយគ្នានេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ CAMSOC បានលើកឡើងពីទោសទាន់ចំពោះបុគ្គល ឬក្រុមហ៊ុនឯកជន ដែលរំលោភបំពានក្នុងការប្រើប្រាស់ Logo និង Mascot កីឡាស៊ីហ្គេម។ លោកអះអាងថា បុគ្គល ស្ថាប័ន និងក្រុមហ៊ុនឯកជនអាចប្រឈមមុខជាមួយផ្លូវច្បាប់ ក្នុងករណីយក Logo និង Mascot ទៅប្រើប្រាស់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានលោក វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងបានចុះបញ្ជី Logo និង Mascot ក្នុងក្រសួងពាណិជ្ជកម្មរួចហើយ គឺវាជាកម្មសិទ្ធិបញ្ញារបស់ស៊ីហ្គេមយើង។ បើសិនមានបុគ្គល ឬក្រុមហ៊ុននៅតែរំលោភបំពានលើកម្មសិទ្ធិបញ្ញា យើងត្រូវអនុវត្តតាមកម្មសិទ្ធិបញ្ញាដែលយើងបានចុះបញ្ជី អានឹងគេមានចែងក្នុងសេចក្តីណែនាំស្តីពីសិទ្ធិត្រឹមណាដែលគេអាចធ្វើបាន។ គេអាចមានទោសទៅតាមច្បាប់ក្រសួងពាណិជ្ជកម្ម»។
សម្រាប់លោក វ៉ាត់ ចំរើន គ្មានបុគ្គល ឬក្រុមហ៊ុនឯកជនណាអាចយករូប Logo និង Mascot ទៅធ្វើអាជីវកម្មដោយគ្មានការចែកភាគលាភជាមួយ CAMSOC បានឡើយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«Logo និង Mascot ជាទ្រព្យសម្បត្តិរបស់ស៊ីហ្គេម ដូច្នេះមិនអាចយកទៅធ្វើពាណិជ្ជកម្មដោយមិនចែករំលែកភាគលាភឲ្យស៊ីហ្គេមបានទេ។ ការយក Logo Mascot នឹងទៅធ្វើទីផ្សារ ទៅស្វែងរកស្ពនស័រ និងលក់សិទ្ធិទៅឲ្យក្រុមហ៊ុន ដើម្បីបោះលើវត្ថុ សម្ភារផ្សេងៗ និងអាវសម្រាប់លក់ជាដើម គឺត្រូវមានការសុំសិទ្ធិ យើងមិនអាចយកទៅប្រើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបានទេ ព្រោះវាជាសម្បត្តិរបស់ជាតិ»។
ទន្ទឹមនឹងនេះសម្តេច ទៀ បាញ់ ជំរុញឲ្យគណៈកម្មការ CAMSOC និងអភិបាលរាជធានីខេត្តប្រើប្រាស់ Logo និង Mascot ដាក់នៅតាមទីសាធារណៈ ដើម្បីផ្សព្វផ្សាយនិងបំផុសស្មារតីប្រជាពលរដ្ឋឲ្យមានយល់ដឹងកាន់តែច្បាស់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចដាក់កំហិតថា មួយរាជធានីខេត្តត្រូវមានផ្ទាំងប៉ាណូបង្ហាញពី Logo និង Mascot កីឡាស៊ីហ្គេមមួយយ៉ាងតិច។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ក៏បានជំរុញឲ្យអភិបាលរាជធានីខេត្តភ្ជាប់សារអប់រំក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះដែរ។ សារអប់រំទាំងនោះរួមមានពលរដ្ឋម្នាក់លេងកីឡា១ប្រភេទយ៉ាងតិច, កម្ពុជាស្អាតនិងបដិសណ្ឋារកិច្ចល្អ, កាត់បន្ថយគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ម្ចាស់ជ័យលាភី Logo បានទៅលើលោក នាង វិសាល ខណៈកញ្ញា លី គឹមអាន កីឡាការិនីតេក្វាន់ដូជាម្ចាស់ជ័យលាភីលើការគូ Mascot។ ក្រៅពីប្រាក់រង្វាន់លើកទឹកចិត្ត៥ពាន់ដុល្លារ CAMSOC បានតែងតាំងម្ចាស់ជ័យលាភីទាំងពីរជាទូតសុឆន្ទៈប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ សម្រាប់តំណែងនេះ ពួកគេទាំងពីរមានសិទ្ធិចូលទស្សនាគ្រប់ការប្រកួត និងចូលរួមក្នុងពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺឈ្មោះរបស់ពួកគេទាំងពីរត្រូវបានកត់ក្នុងបញ្ជីមរតក SEA Games Legacy។
លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃ CAMSOC បានអះអាងថា មុនសម្រេចជ្រើសរើសយក Logo និង Mascot ខាងលើ វាបានឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ជាច្រើនលើកច្រើនសារ រហូតមានការឯកភាពគ្នាជ្រើសរើសជាផ្លូវការនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
Logo ស៊ីហ្គេមកម្ពុជាមានរូបប្រាសាទអង្គរវត្តពណ៌មាសនៅផ្នែកខាងលើ និងមានរូបកងតំណាងឲ្យប្រទេសក្នុងតំបន់អាស៊ាននៅខាងក្រោមរូបប្រាសាទអង្គរវត្ត។ នៅក្រោមកងពណ៌មាសមានសត្វនាគចំនួន៤(ពណ៌បៃតង, ក្រហម, ខៀវ, លឿង) ដែលកន្ទុយរបស់វាព័ន្ធចូលគ្នា ហើយនៅក្រោមនាគទាំង៤មានសរសេរពាក្យ The 32nd SEA Games Cambodia 2023 រំលេចដោយពណ៌មាស។
ចំណែក Mascot គឺមានរូបសុភាទន្សាយញីឈ្មោលចំនួនពីរក្បាល។ ក្នុងនោះសុភាទន្សាយញីដែលមានឈ្មោះ រំដួល ស្លៀកខោពណ៌ក្រហមចងក្រវាត់ក្រមា ខណៈដៃលើកសំពះដោយមានចងខ្សែនៅដើមដៃទាំងសងខាង។ ចំណែកនៅលើក្បាលមានចងក្រមាពណ៌ក្រហម រំលេចដោយទង់ជាតិកម្ពុជានៅចំកណ្តាល។ រីឯសុភាឈ្មោលមានឈ្មោះ បុរី ស្លៀកខោពណ៌ខៀវចងក្រវាត់ក្រមានៅចង្កេះ ដៃខាងស្តាំកាន់ភ្លើងគប់ និងមានចងក្រមាពណ៌ខៀវនៅលើក្បាល មានទង់ជាតិកម្ពុជានៅចំកណ្តាល។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តទៅចន្លោះពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈការប្រកួតកីឡាអាស៊ានប៉ារា់ហ្គេម(ASEAN Para Games)ធ្វើឡើងចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕