COVID-19
អន្តរជាតិ
ចិន​តប​ទៅ​អាមេរិក​និង​សម្ព័ន្ធមិត្ត​វិញ​ថា លើក​ពេល​បោះឆ្នោត​ហុងកុង ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន​
11, Aug 2020 , 8:29 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១០ ខែសីហា បាន​តប​ទៅ​ក្រុម​ប្រទេស​Five eyes ដែលមាន​អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ថា ការលើក​ពេល​បោះឆ្នោត​សភា​នៅ​ហុងកុង មិនមែនជា​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ដែនដី​ស្វយ័ត​នេះ​ទេ ប៉ុន្តែ​គ្រាន់តែ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19 ប៉ុណ្ណោះ​។



 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ឬ​ក្រុម​ប្រទេស Five Eyes បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​ជំរុញ​ឲ្យ​ហុងកុង​រៀបចំ​ការបោះឆ្នោត​សភា​ហុងកុង​ឲ្យ​កាន់តែ​ឆាប់​បំផុត​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​ហុងកុង​ប្រកាស​លើក​ពេល​បោះឆ្នោត​សភា​ទៅ​ឆ្នាំ​២០២១ ក្រោម​ហេតុផល​នៃ​ការ​រាតត្បាត COVID-19 នៅក្នុង​ទីក្រុង​។ 
 
​ជាការ​ឆ្លើយតប​ទៅ​ក្រុម​ប្រទេស Five Eyes ក្រសួងការបរទេស​ចិន បាន​លើកឡើងថា ការរៀបចំ​ការបោះឆ្នោត​សភា​ហុងកុង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​សុទ្ធសាធ ហើយ​គ្មាន​បរទេស​ណា អាច​ចូលមក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ដែនដី​ស្វយ័ត​មួយ​នេះ​បានឡើយ​។ បើតាម​ការអះអាង​រប​ស់លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ការលើក​ពេល​បោះឆ្នោត​សភា​ហុងកុង គឺ​ដោយសារ​COVID-19 ហើយ​ការធ្វើ​បែបនេះ គឺជា​ការធានា​សុវត្ថិភាព និង​សុខភាព​របស់​ប្រជាជន​ហុងកុង​។​
 
​ការលើក​ពេល​បោះឆ្នោត មិនមែនជា​ការបំផ្លាញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ឡើយ ផ្ទុយទៅវិញ​វា​គឺជា​ការសម្រេចចិត្ត​ដ៏​ស្របច្បាប់​របស់​រដ្ឋាភិបាល​ហុងកុង ក្នុងការ​ប្រឈម​មុខជា​មួយ​ជំងឺឆ្លង​សកល​។ ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ បាន​អះអាងថា កន្លងមក មិន​ត្រឹមតែ ហុងកុង​ទេ ដែល​លើក​ពេល​បោះឆ្នោត​សភា មាន​ប្រទេស ឬ​តំបន់​ច្រើនជាង ៦០ ក៏បាន​លើក​ពេល​បោះឆ្នោត​ដែរ​។ 
 
«​ចក្រភព​អង់គ្លេស នៅក្នុង​ខែមីនា បានប្រកាសថា ការបោះឆ្នោត​ថ្នាក់​តំបន់​មួយចំនួន ដែល​ត្រូវធ្វើ​នៅ​ខែឧសភា ឆ្នាំ​២០២០ បាន​លើក​ពេល​ទៅ​ខែឧសភា ឆ្នាំ​២០២១»​។ លោក​Zhao បាន​ឌឺដង​ដាក់​អង់គ្លេស​បែបនេះ និង​បន្ថែមទៀតថា សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​ប្រទេស​Five Eyes គឺជា​ប្រភេទ​ស្តង់ដារ​ពីរ​។ 
 
​សូមបញ្ជាក់ថា ក្នុង​បរិបទ​COVID-19 បែបនេះ មាន​ប្រទេស ឬ​តំបន់​ជាច្រើន បានប្រកាស​លើក​ពេល​បោះឆ្នោត​មែន ដើម្បី​បង្ការ​ការ​រាតត្បាត ប៉ុន្តែ​ក៏មាន​ប្រទេស ឬ​តំបន់​ជាច្រើន​ផងដែរ ដែល​បានរៀបចំ​ការបោះឆ្នោត ក្នុងនោះ​មានដូចជា កូរ៉េខាងត្បូង សិង្ហ​បុរី ស្រីលង្កា​ជាដើម​៕ 

Tag:
 ចិន​
  អាមេរិក​
  ហុងកុង​
  អង់គ្លេស​
  នូ​វែ​ល​សេ​ឡង់​
  អូស្ត្រាលី​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com