កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho និង​បងប្រុស អាច​ត្រូវ​ដោះលែង​វិញ នៅ​ថ្ងៃទី​២៤ សីហា​
11, Aug 2020 , 9:59 pm        
រូបភាព
​វីរបុរស​ប្រេ​ស៊ី​ល Ronaldinho អាច​នឹង​ត្រូវបាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​២៤ ខែសីហា​ខាងមុខនេះ បន្ទាប់ពី​ឃុំខ្លួន​រយៈពេល​៥​ខែ នៅក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ជុំវិញ​ការប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​។ នេះ​បើតាម​ប្រភព​គួរ​ឲ្យ​ទុកចិត្តបាន​ប្រាប់ AFP នៅ​ថ្ងៃទី​១០ ខែសីហា​។​



​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម Barcelona, AC Milan និង Paris Saint-Germain រូបនេះ ត្រូវ​ជាប់ឃុំ​ខ្លួន​ជាមួយ​បងប្រុស​របស់ខ្លួន​លោក Roberto de Assis Moreira កាលពី​ថ្ងៃទី​៦ ខែមីនា​ដោយ​រង​ការចោទប្រកាន់ថា បាន​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ដោយ​កាន់​លិខិតឆ្លងដែន​ក្លែងក្លាយ​។ 
 
​ប៉ូលិស​ប៉ា​រ៉ា​ហ្គា​យ បាន​ទៅ​ចាប់ Ronaldinho និង​បងប្រុស​ដល់​សណ្ឋាគារ​មួយកន្លែង​កាលពី​ថ្ងៃទី​៤ ខែមីនា បន្ទាប់ពី​ត្រូវបាន​គេ​ជូនដំណឹង​ថា ឯកសារ​របស់​អ​តី​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវបាន​រកឃើញថា​មាន​បញ្ហា​។​
 
​ក្រោយ​អ្នក​ទាំងពីរ ជាប់ពន្ធនាគារ​រយៈពេល​ជាង​១​ខែ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​លើ​បទ​ចោទ​ប្រើប្រាស់​លិខិតឆ្លងដែន​មិន​ពិត​នេះ មេធាវី​បាន​បង់ប្រាក់​ធានា​ចំនួន ១,៦ លាន​ដុល្លារ សម្រាប់​ឲ្យ​ពួកគេ​បាន​ចេញពី​ទី​ឃុំឃាំង ដើម្បី​អា​ទៅ​ឃុំខ្លួន​ក្នុង​សណ្ឋាគារ​នៅ​កណ្តាល​ក្រុង Asuncion វិញ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ទទួលបាន​ពី​ប្រភព​គួរ​ទុកចិត្ត​នោះ ថា​លោក​ចៅក្រម Gustavo Amarilla បានកំណត់​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​២៤ ខែសីហា ដើម្បី​បើកសវនាការ​លើ​រឿងក្តីរ​បស់បង​ប្អូនប្រុស​ទាំងពីរ​។​
 
​រដ្ឋអាជ្ញា​បានដាក់​សំណើ​ទៅ​ចៅក្រម​ដោយ​ឲ្យ Ronaldinho បង់ប្រាក់​ពិន័យ​ចំនួន ៩​ម៉ឺន​ដុល្លារ​អាមេរិក​ជុំវិញ​ករណី​បន្លំ​ខាងលើនេះ ហើយ​អនុញ្ញាត​ឲ្យ​ម្ចាស់​ពាន Ballon d'Or ឆ្នាំ​២០០៥ នេះ វិលត្រឡប់​ទៅ​ប្រេ​ស៊ី​ល​វិញ ប៉ុន្តែ​ត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​រៀងរាល់ ៣​ខែម្តង ក្នុង​រយៈពេល​មួយឆ្នាំ​។ យ៉ាងណាក៏ដោយ Ronaldinho ដែល​សព្វថ្ងៃ​ឈានដល់​វ័យ​៤០​ឆ្នាំ បាន​បដិសេធថា​ខ្លួន​មិនមាន​សម្ថ​ភាព​ឯណា​ដើម្បី​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ​នោះទេ​។​
 
​ចំណែកឯ​បងប្រុស​រប​ស់ Ronaldinho លោក Roberto ដែល​បានដឹង​អំពី​ព័ត៌មាន​លិខិតឆ្លងដែន​មិន​ពិត​នោះ នឹងត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន ១១០០០០ ដុល្លារ​អាមេរិក ហើយ​ត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​រៀងរាល់​៣​ខែម្តង ក្នុង​រយៈពេល ២ ឆ្នាំ​៕

Tag:
 Ronaldinho
© រក្សាសិទ្ធិដោយ thmeythmey.com