ជាតិ
លោក ណា​រ័ត្ន យក​ទីធ្លា​លើដំបូល​ផ្ទះ ចិញ្ចឹម​បង្កង​នាគ ដើម្បី​បង្កាត់​ពូជ​លក់​
11, Aug 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ទីធ្លា​លើដំបូល​ផ្ទះ​របស់លោក ណន ណា​រ័ត្ន ដែល​ស្ថិតនៅក្នុង​បុរី​លឹម​ឈាង​ហាក់​ចម្ការ​ដូង បានប្រែក្លាយ​ជាទី​តាំង​ចិញ្ចឹម​បង្កង​នាគ សម្រាប់​បង្កាត់​ពូជ​។ ការចាប់ផ្ដើម​ចិញ្ចឹម​បង្កង​នេះ លោក ណា​រ័ត្ន មាន​ទិសដៅ​បង្កើតជា​កសិដ្ឋាន​ចិញ្ចឹម​បង្កង​យក​សាច់ និង​បង្កាត់​ពូជ​លក់​លើ​ទីផ្សារ​។


​ជា​បុគ្គលិក​ពេញ​ម៉ោង​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ លោក ណន ណា​រ័ត្ន បាន​ឆ្លៀតពេល​សម្រាក​ពី​ការងារ​មក​ចិញ្ចឹម​បង្កង​នាគ នៅលើ​ដំបូលផ្ទះ​។ រយៈពេល​៣​ខែ​ហើយ ដែល​លោក ណន ណា​រ័ត្ន បានចាប់ផ្ដើម​ចិញ្ចឹម​បង្កង​នាគ ដើម្បី​បង្កាត់​ពូជ​លក់​នៅលើ​ទីផ្សារ​។ លោក ណា​រ័ត្ន ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត​យ៉ាង​ដូច្នេះ​៖ «​ការចាប់ផ្ដើម​មុនដំបូង ខ្ញុំ​មិនចេះ​ពី​ការពិនិត្យ​ទឹក និង​របៀប​ចិញ្ចឹម​បង្កង​ឡើយ ដែល​ធ្វើ​ឲ្យ​វា​ងាប់​ច្រើន​។ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​មាន​គោលដៅ​ច្បាស់លាស់ និង​តស៊ូ ខ្ញុំ​អាចធ្វើ​វា​បាន​»​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ នៃ​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ជាមួយ​លោក ណន ណា​រ័ត្ន អ្នក​ចិញ្ចឹម​បង្កង​លើដំបូល​ផ្ទះ ដូចតទៅ​៖

 
​មាន​គោលបំណង​បង្កើត​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង លោក ណន ណា​រ័ត្ន បានជ្រើសរើស​ដំបូលផ្ទះ​ជាទី​តាំង​សាកល្បង ក្នុងការ​ចិញ្ចឹម​បង្កង​នាគ ដើម្បី​បង្កាត់​ពូជ​លក់​។ ការចិញ្ចឹម​បង្កង​លើផ្ទះ​នេះ លោក ណា​រ័ត្ន ជ្រើសរើស​ការចិញ្ចឹម​បង្កង​នៅក្នុង​តង់ និង​ក្នុង​ធុង​។ ចំពោះ​ការចិញ្ចឹម​បង្កង​ក្នុង​តង់ និង​ក្នុង​ស្រះ ឬ​ក្នុង​ស្រែ គឺមាន​ភាពខុសគ្នា​។ លោក ណន ណា​រ័ត្ន ពន្យល់​បែបនេះ​៖ «​ការចិញ្ចឹម​ក្នុង​តង់ គឺ​បានតែ​ការ​បង្កាត់​ពូជ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ចិញ្ចឹម​យក​សាច់ គឺអាច​ចិញ្ចឹម​ក្នុង​ស្រះ និង​ស្រែ ដែល​ទទួលបាន​ផល​លឿន និង​ងាយស្រួល​ចិញ្ចឹម​»​។ 


 
​បើតាម​លោក ណន ណា​រ័ត្ន បង្កង ត្រូវការ​សីតុណ្ហភាព​ទឹក​ចន្លោះ​ពី ២២-២៣​អង្សា​សេ ដែល​ល្អ​សម្រាប់​បង្កង​។ ទាក់ទង​នឹង​ការចិញ្ចឹម​បង្កង​លើដំបូល​ផ្ទះ​វិញ មិនត្រូវ​ឲ្យ​បរិយាកាស​លើដំបូល​ផ្ទះ​ក្ដៅ​ពេក​នោះទេ ដោយ​ត្រូវ​រៀបចំ​ដំបូលផ្ទះ ដែលមាន​ដំបូល​ចន្លោះ​ពី ៣-៤​ម៉ែត្រ វា​អាចធ្វើ​ឲ្យ​មាន​ខ្យល់អាកាស​គ្រប់គ្រាន់ និង​បង្កើតជា​អុកស៊ីសែន​។ សម្រាប់​ចំណី​ដែល​លោក ណា​រ័ត្ន ដាក់​ឲ្យ​បង្កង​រួមមាន ល្ពៅ សណ្ដែកសៀង រួម​នឹង​ចំណី​បង្កង​ជាដើម​។​
 
​ដើម្បី​ចិញ្ចឹម​បង្កង​លើដំបូល​ផ្ទះ ត្រូវមាន​ទីធ្លា​ដំបូលផ្ទះ​, អាង​ចិញ្ចឹម​បង្កង​, តង់​, ធុង និង​បង្កង​។ ជុំវិញ​ការចំណាយ​ដើមទុន​នៃ​ការចាប់ផ្ដើម​ចិញ្ចឹម​បង្កង គឺ​អាស្រ័យ​កសិករ​ម្នាក់ ដែល​ចង់​ចិញ្ចឹម​ក្នុង​លក្ខណៈ​បែបណា តូច ឬ​ធំ​។ លោក ណន ណា​រ័ត្ន បានជ្រើសរើស​បង្កង​នាគ ដើម្បី​ចិញ្ចឹម ដោយ​គិតថា​ទីផ្សារ​បង្កង​នាគ មានតម្លៃ​ថ្លៃ​ជាង​បង្កង​ដទៃ ពិសេស​មិនសូវមាន​អ្នក​ចិញ្ចឹម​។ 


 
​ការប្រមូល​ផល​បង្កង​នាគ​នេះ ចំពោះ​ការចិញ្ចឹម​យក​ពូជ​វិញ ពី​កូន​មក​ក្នុង​រយៈពេល​២​ខែ គឺអាច​លក់​មេ​ពូជ​បាន​។ សម្រាប់​ការចិញ្ចឹម​បង្កង​នាគ​ក្នុង​ស្រែ​វិញ ក្នុង​រយៈពេល​៣​ខែ អាច​ប្រមូល​ផល​បង្កង​យក​សាច់​។ នេះ​ជាការ​រៀបរាប់​របស់លោក ណា​រ័ត្ន​។ 
 
​ក្នុងដំណាក់កាល​ដំបូង លោក ណា​រ័ត្ន អះអាងថា មិនទាន់​ទទួលបាន​លទ្ធផល​ច្រើន​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​មើលឃើញ​ពីមួយ​ដំណាក់កាល​គឺមាន​ការរីកចម្រើន​ច្រើន​។ អ្នក​ចិញ្ចឹម​បង្កង​លើដំបូល​ផ្ទះ​រូបនេះ រីករាយ​ចែករំលែក​ចំណេះដឹង​ដល់​កសិករ និង​អ្នក​ចង់​ចាប់ផ្ដើម​ចិញ្ចឹម​បង្កង​៕
 
 


























 

Tag:
 បង្កង​
  កសិកម្ម​
  ដំបូលផ្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com