កីឡាជាតិ
ជាតិ
កីឡដ្ឋានមរតកតេជោសាងសង់បានជាង៨០ភាគរយ និងគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ
× លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានវាយតម្លៃថា មកទល់ពេលនេះដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៨០ភាគហើយ។ ការសាងសង់គ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនា ឆ្នាំ២០២១ ខណៈការវាយតម្លៃលើកដំបូងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។
ការរាតត្បាតនៃជំងឺកូវីដ-១៩ជាសកល បានធ្វើឲ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១ ខណៈពីដំបូងថ្នាក់ដឹកនាំវាយតម្លៃថា ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។ ការអូសបន្លាយនេះ ក្រោយប្រទេសមួយចំនួនបានបិទព្រំដែនទឹកមិនឲ្យកប៉ាល់ដឹកសម្ភារ ដែលបម្រើឲ្យការសាងសង់កីឡដ្ឋាននេះ ឆ្លងកាត់។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបានបន្ថែមថា ការមិនអាចធ្វើដំណើររបស់វិស្វករចិនមកកាន់ប្រទេសកម្ពុជាដោយសារការបិទជើងហោះហើររបស់ប្រទេសមួយចំនួន ក៏ជាមូលហេតុមួយផងដែរ។ ត្រង់ចំណុចនេះ លោកពន្យល់ថា រាល់ការសាងសង់ផ្នែកនីមួយៗ គឺត្រូវការវិស្ចករជំនាញផ្សេងៗគ្នា។
អគ្គលេខាធិការរូបនេះ វាយតម្លៃថា មកទល់ពេលនេះការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៨០ហើយ។ បើតាមលោក វ៉ាត់ ចំរើន កីឡដ្ឋាននេះបានសាងសង់គ្រោងរួចរាល់១០០ភាគរយហើយ នៅឡើយតែបំពាក់សម្ភារមួយចំនួនដូចជាកៅអី ដំបូល អំពូលភ្លើង និងការធ្វើទីលានខាងក្នុងតែប៉ុណ្ណោះ។
កីឡដ្ឋានលំដាប់អន្តរជាតិដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ចិន សាងសង់លើផ្ទៃដីជាង១៦ហិកតា ដោយគ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀងទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។
សមិទ្ធផលទីពីរនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ មានដូចជាមជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, និងអគារស្នាក់នៅរបស់អត្តពលិក។ កីឡដ្ឋាននេះសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣៕
Tag:
កីឡដ្ឋានមរតកតេជោ
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com