COVID-19
អន្តរជាតិ
ប៊ូតង់បិទប្រទេស ក្រោយស្ត្រីម្នាក់ដែលចេញពីមណ្ឌលចត្តាឡីស័ក មាន COVID-19 រូបភាព៖ ST FILE
× រដ្ឋាភិបាលប៊ូតង់ នៅថ្ងៃទី១១ ខែសីហា បានបញ្ជាឲ្យបិទប្រទេសទាំងមូល បន្ទាប់ពីស្ត្រីម្នាក់ ដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមណ្ឌលចត្តាឡីស័ក មានផ្ទុក COVID-19 ។ នេះករណីលើកដំបូង ដែលប៊ូតង់បិទប្រទេសទាំងមូលក្រោយផ្ទុះករណីឆ្លងមក។
នាខែមីនាកន្លងទៅ ប៊ូតង់ បានរាយការណ៍ថា មានករណី COVID-19 លើកដំបូងមកពីបរទេស។ ប៊ូតង់ បានផ្អាកវិស័យទេសចរណ៍ នៅក្នុងខែមីនា និងបញ្ជាឲ្យប្រជាជនខ្លួន ដែលចូលមកក្នុងប្រទេសវិញ ត្រូវតែដាក់ចត្តាឡីស័ករយៈពេល ៣សប្តាហ៍។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលប៊ូតង់ បានបញ្ជាឲ្យបិទប្រទេសទាំងមូល បន្ទាប់ពីស្ត្រីវ័យ ២៧ឆ្នាំម្នាក់ ដែលបានចាកចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានគេរកឃើញថា មានផ្ទុក COVID-19 ។ មុននឹងចាកចេញពីមណ្ឌលចត្តាឡីស័ក ស្ត្រីរូបនេះ ត្រូវបានតេស្តម្តងរួចហើយ និងមានលទ្ធផលអវិជ្ជមាន។ បន្ទាប់ពីចាកចេញពីចត្តាឡីស័ក ស្ត្រីម្នាក់នេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សមួយចំនួន នៅក្នុងទីក្រុងធីមភូ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលប៊ូតង់ បានលើកឡើងថា៖ «ការបិទប្រទេសមិនធ្លាប់មានពីមុនមកនេះ គឺជាការចាប់បង្ខំ ដើម្បីកំណត់ និងដាក់ដាច់ដោយឡែកករណីដែលមានផ្ទុកវិជ្ជមានទាំងអស់ និងបំបែកខ្សែចង្វាក់នៃការឆ្លង»។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាល បានរឹតត្បិតការធ្វើដំណើររបស់ប្រជាជនទាំងអស់នៅទូទាំងប្រទេស។ បើតាមសេចក្តីថ្លែងការណ៍ដដែល សាលារៀន, វិទ្យាស្ថាន, ការិយាល័យជាដើម នឹងនៅតែបន្តបិទ ចំណែកការប្រលងមួយចំនួន នឹងត្រូវលើកពេល។ បន្ថែមពីលើនេះ ប្រជាជនប៊ូតង់ ត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្នសិន។
កន្លងមកប៊ូតង់ ក៏បានដាក់កាមេរ៉ាវាស់កម្តៅ ការធ្វើតេស្ត និងបិទព្រំដែនជាដើម ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។ ការឃាមឃាត់ភ្ញៀវទេសចរ ចូលមកស្រុក បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង លើវិស័យទេសចរណ៍ ដែលមានចំណូលជាង ៨០លានដុល្លារ ជារៀងរាល់ឆ្នាំ ក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១១ ខែសីហា ប៊ូតង់ មានករណីឆ្លងសរុបចំនួន ១១៣ករណី និងមិនមានករណីស្លាប់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៩៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com