ជាតិ
ការសិក្សា​មួយ រកឃើញថា រយៈពេល​២០​ឆ្នាំ កម្ពុជា បាត់​ព្រៃ​ឡង់​ជាង​១​សែន​ហិកតា
11, Aug 2020 , 5:41 pm        
រូបភាព
រូបពីគេហទំព័ររបស់បណ្តាញយុវជនកម្ពុជា
រូបពីគេហទំព័ររបស់បណ្តាញយុវជនកម្ពុជា
​ភ្នំពេញ​៖ របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​អង្គការ Jesuit of Service Cambodia(JSC) ក្រោម​កិច្ចសហការ​ជាមួយ​បណ្ដាញ​យុវជន​កម្ពុជា (CYN) បង្ហាញថា រយៈពេល​២០​ឆ្នាំ កម្ពុជា បាត់បង់​ព្រៃ​ឡង់​ជាង​១​សែន​ហិកតា គឺ​ស្មើនឹង​២៤​ភាគរយ​នៃ​ផ្ទៃដី​ព្រៃ​ឡង់​សរុប​។ ការសិក្សា​នេះ គឺ​ឡើង​តាម​ការមើល​ទិដ្ឋភាព​ព្រៃ​ឡង់​នៅ​កម្ពុជា ពី​ផ្កាយរណប (Satellite) ៤​លើកឡើង គឺ​ឆ្នាំ​១៩៩៩ ឆ្នាំ​២០០០ ឆ្នាំ​២០១៨ និង ឆ្នាំ​២០១៩​។


​របាយការណ៍​របស់ JSC និង CYN ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ សរសេរថា ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ជាង​១​សែន​ហិកតា (១០២ ៤៣៦​ហិកតា​) ត្រូវបាន​បំប្លែង​ទៅជា​ដីចម្ការ និង​ទីតាំង​ស្នាក់នៅ​របស់​ពលរដ្ឋ​។ របាយការណ៍ បន្តថា រូបភាព​នៃ​ការបាត់បង់​ព្រៃឈើ​នេះ គឺអាច​មើលឃើញ​យ៉ាងច្បាស់​តាមរយៈ​ផ្កាយរណប ដែល​ថត​នៅ​អំឡុង​ឆ្នាំ​២០១៩​និង​២០២០​។ 
​ផ្អែកលើ​របាយការណ៍​ដ​ដែល ផ្ទៃ​ដៃ​នៃ​ព្រៃ​ឡើង​ជាង​១​សែន​ហិកតា ដែល​បាត់បង់​នោះ បានក្លាយ​ជាទី​រហោឋាន ក្លាយជា​ចម្ការ​ដំណាំ​ផ្សេងៗ ក្លាយជា​តំបន់​ដើមឈើ​ឡើងវិញ ដូចជា កៅស៊ូ ជាដើម និង ក្លាយជា​តំបន់​រស់នៅ​របស់​ប្រជាជន​។ 
 
​ព្រៃ​ឡង់ ស្ថិតក្នុង​ខេត្ត​៤ គឺ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង ព្រះវិហារ ត្រូវបាន​ដាក់​ជា​តំបន់​ការពារ​កាលពី​ឆ្នាំ​២០១៦​។ យ៉ាងណាក៏ដោយ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅតែ​បន្ត​រាយការណ៍​ពី​ការកើនឡើង​នៃ​សកម្មភាព​កាប់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដដែល​។ 
 
​របាយការណ៍​របស់​អង្គការ Global Forest Watch បាន​បង្ហាញថា នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​២០១៨ តំបន់​ការពារ​នៅ​កម្ពុជា បាន​បាត់បង់​ព្រៃឈើ​ជាង​៥,៥​សែន​ហិកតា ដែល​ស្មើនឹង​១១,៧​ភាគរយ​នៃ​តំបន់​ការពារ​សរុប​នៅ​កម្ពុជា​។ 
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន អះអាង​កន្លងមក​ថា ក្នុង​រយៈពេល​៦​ខែ ក្នុង​ឆ្នាំ ២០២០​នេះ អនុរក្ស​ពី​ក្រសួងបរិស្ថាន បាន​ចុះ​ល្បាត​តំបន់​ការពារ​ជាង​១​ម៉ឺន​៣​ពាន់​លើក និង​បង្ក្រាប​បទឧក្រិដ្ឋ​ជាង​៣​ពាន់​ករណី​។ បទល្មើស​ជាង​៣​ពាន់​ករណីនេះ គឺមាន​ជាង​៣០០​ករណី​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។ លើសពីនេះ លោក​បញ្ជាក់ថា មាន​រថយន្ត​ជាង​២៥០០​គ្រឿង​ត្រូវបាន​រឹបអូស​និង​ពិន័យ​ជា​ប្រា​ក់បាន​៤៣៣​ករណី​។ 
 
​លោក បញ្ជាក់ថា​៖«​ក្រសួងបរិស្ថាន​ទទួលស្គាល់ថា ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងយប់​ថ្ងៃ ប៉ុន្តែ​បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​តូចៗ​នៅតែ​កើតមាន​។ សមត្ថកិច្ច​ក្រសួងបរិស្ថាន​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ [​ដើម្បី​] បង្ក្រាប​និង​ទប់ស្កាត់​បន្តទៀត​»៕

Tag:
 ព្រៃ​ឡង់​
  JSC
© រក្សាសិទ្ធិដោយ thmeythmey.com